កាលពីខែមុន ក្រុមហ៊ុន Samsung បានប្រកាសពី Samsung Galaxy S10 ខណៈដែល Huawei បានបង្ហាញពី Huawei P30 ។ ប៉ុន្តែខែមេសានេះអាចនឹងមានការប្រកាសពីទូរស័ព្ទថ្មីៗបន្ថែមទៀតខណៈដែលក្រុមហ៊ុនស្មាតហ្វូនរបស់ប្រទេសចិនខិតខំបន្ថែមក្នុងការប្រកួតប្រជែងដើម្បីគ្រប់គ្រងទីផ្សារ។
ក្រុមហ៊ុនចិនអាចនឹងចេញស្មាតហ្វូនថ្មីៗចំនួន ៧ គ្រឿងក្នុងរយៈពេល៣០ថ្ងៃខាងមុខនេះ ដែលបង្កើនការប្រកួតប្រជែងខណៈដែលប្រជាជនក្នុងប្រទេសចិនមិនមានចំណាប់អារម្មណ៍ក្នុងការទិញស្មាតហ្វូនច្រើនដូចមុន។
ដើម្បីទាក់ទាញអតិថិជនថ្មីៗ ក្រុមហ៊ុនស្មាតហ្វូនចិនបានចាប់ផ្តើមបង្កើតយីហោតូចៗផ្សេងទៀត។ ក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ ក្រុមហ៊ុនចិនបានបង្កើតយីហោតូចៗជាច្រើនដូចជា Oppo បង្កើត Realme ខណៈដែល Xiaomi បង្កើត Redmi និង Vivo បង្កើត iQOOជាដើម។

ក្រុមហ៊ុនទីមួយដែលនឹងចេញស្មាតហ្វូនថ្មីគឺ Hisense ដែលជាក្រុមហ៊ុនល្បីក្នុងវិស័យទូរទឹកកក ដោយបានចេញស្មាតហ្វូនដំបូងដែលមានកាមេរ៉ា 48 megapixel ក្នុងឆ្នាំនេះ។ ប៉ុន្តែមនុស្សជាច្រើនបានកត់សម្គាល់ថាវាជាផលិតផលដែលមិនទាន់សម្រេចគ្រប់ជ្រុងជ្រោយនៅឡើយទេ ។ នៅថ្ងៃទី៨ មេសា Motorola របស់ Levono ក៏នឹងចេញ G7 Plus សម្រាប់ទីផ្សារប្រទេសចិនដែរ ខណៈដែល ZTE នឹងបង្ហាញពីស្មាតហ្វូនដែលអាចពាក់ធ្វើជានាឡិកាបានឈ្មោះថា Nubia Alpha ។
Nubia ក៏កំពុងតែត្រៀមខ្លួនក្នុងការបង្ហាញពីស្មាតហ្វូនថ្មីក្នុងខែមេសានេះដែរ គឺ Red Magic 3។ យោងទៅតាមពត៌មានដែលបានលេចចេញមកបានឲ្យដឹងថា វានឹងក្លាយជាទូរស័ព្ទទីមួយដែលមានកង្ហារកាត់បន្ថយកម្តៅទូរស័ព្ទសម្រាប់ការលេងហ្គេម។
លើសពីនេះទៅទៀត Oppo នឹងចេញស្មាតហ្វូនថ្មីដែរនៅថ្ងៃទី ១០ខែមេសា ក្រោមយីហោ Reno របស់ពួកគេដែលអាចនឹងមានតម្លៃខ្ពស់ជាងទូរស័ព្ទទូទៅរបស់ Oppo ។ Lenovo Z6 Pro ក៏អាចនឹងត្រូវបានប្រកាសក្នុងខែនេះដែរ ប៉ុន្តែក្រុមហ៊ុននៅមិនទាន់បញ្ជាក់ឲ្យដឹងច្បាស់នៅឡើយទេ ។
ផលិតផលមួយទៀតដែលមានពាក្យចចាមអារាមថាអាចនឹងត្រូវបានប្រកាសក្នុងខែនេះគឺ Honor របស់ក្រុមហ៊ុន Huawei ដោយមានប្រធានយីហោនេះបង្ហើបឲ្យដឹងថាក្រុមហ៊ុននឹងចេញទូរស័ព្ទថ្មីក្នុងពេលឆាប់ៗ ៕
ចែករំលែកព័តមាននេះ