នៅក្នុងគម្ពីរធម្មបទមានសម្តែងអំពីទានជាអនេកបរិយាយដែលបណ្តាទានទាំងអស់នោះមានតែធម្មទានទេដែលប្រសើរអស់ទាននានា។
ព្រះអង្គត្រាស់ថា ទោះជាបរិស័ទថ្វាយត្រៃចីវរដែលមានសាច់ម៉ដ្ឋដូចបណ្តូលចេកដល់ព្រះពុទ្ធ ព្រះបច្ចេកពុទ្ធ និងព្រះខីណាស្រពទាំងឡាយ ដែលគង់ជាប់ៗគ្នាក្នុងចក្រវាល រហូតដល់ព្រហ្មលោកក្តី ការអនុមោទនាដែលព្រះពុទ្ធអង្គជាដើមទ្រង់សម្តែងហើយដោយព្រះគាថាត្រឹមតែ៤បាទ ក្នុងសមាគមនោះក៏គង់ប្រសើរថ្លៃថ្លាជាងចីវរទានទាំងនោះទៅទៀត ព្រោះការសម្តែងក្តី ការទូន្មានក្តី ការស្តាប់នូវធម៌ក្តី ជាគុណដ៏ធំធេងបំផុត ។
ហេតុអ្វីបានជាការស្តាប់ធម៌បានអានិសង្សច្រើនដល់ម្ល៉េះ?
ព្រោះថាការស្តាប់ធម៌នាំឱ្យកើតសទ្ធា កាលបើកើតសទ្ធាហើយ នាំឱ្យបានសម្រេចផលដែលមានគុណវិសេសដទៃៗទៀតបាន ។
ព្រោះហេតុនោះ ទើបព្រះភគវាទ្រង់ត្រាស់ថា “សព្វទានំ ធម្មទានំ ជិនាតិ ធម្មទានឈ្នះអស់អាមិសទានទាំងពួង ។
ចែករំលែកព័តមាននេះ