ព្រះធម៌រមែងទ្រទ្រង់សត្វលោកឱ្យបានសុខ តែបើជីវិតឥតធម៌ ជាជីវិតពោរពេញទៅដោយក្តីកង្វល់គឺ ខ្វល់នឹងរឿងដែលមិនទាន់កើត ខ្វល់នឹងរឿងកន្លងហួសទៅ ខ្វល់នឹងជីវិតត្រូវគេជិះជាន់ ខ្វល់នឹងរក្សាទ្រព្យ ខ្វល់នឹងការស្វែងរកទ្រព្យ ខ្វល់នឹងការបាត់បង់ទ្រព្យ ខ្វល់នឹងការនិរាសព្រាតប្រាសគ្នាជាដើម គឺខ្វល់រហូតខូចចិត្តសម្លាប់ខ្លួនក៏មាន ។
អ្នកណាដែលមានការយល់ឃើញបែបនេះ អ្នកនោះរមែងគិតថា លោកនេះងងឹតណាស់ លោកនេះអយុត្តិធម៌ ដូច្នេះបើគេមិនបានរត់រកព្រះធម៌ជាទីពឹងដើម្បីអប់រំផ្លូវចិត្តទេ គេនឹងតក់ស្លុត អស់សង្ឃឹមក្នុងជីវិត ព្រោះតែរឿងរ៉ាវក្នុងលោកនេះជាក់ជាមិនខាន ។
ចំណែកសត្វលោកដែលមានព្រះធម៌ជាទីពឹងវិញ ព្រះធម៌នឹងនាំជីវិតសត្វលោកនោះឱ្យផុតទុក្ខកង្វល់ ផុតគ្រោះអន្តរាយដោយប្រការផ្សេងៗ ។
បើបុគ្គលបានរៀនសូត្រនូវពុទ្ធោវាទច្រើននឹងយល់ច្បាស់ថា ព្រះធម៌តែងបង្រៀនមនុស្សឱ្យរៀនរស់ជាមួយនឹងការបាននិងការបាត់បង់ រៀនរស់ជាមួយបញ្ហា ធ្វើឲ្យត្រជាក់ក្សេមក្សាន្តមិនក្រហល់ក្រហាយជាមួយនឹងការរស់នៅ ព្រោះមានបញ្ញាឃើញសត្វលោកប្រព្រឹត្តទៅតាមកម្មរៀងៗខ្លួន សត្វណាធ្វើល្អក៏បានសុខ ឯសត្វធ្វើអាក្រក់នឹងនាំទុក្ខទោសដល់ខ្លួនគួរឲ្យសង្វេគ ។
ចែករំលែកព័តមាននេះ