រាជធានីភ្នំពេញ៖ មួយរយៈចុងក្រោយនេះរូបថតរបស់តារាសម្តែងដែលចូលចិត្តសម្ញែងភាពសិចស៊ីកញ្ញាវ៉ាន់ វល័ក្ខ ដែលចោមពុងឲ្យព្រះសង្ឃស្រោចទឹកត្រូវគេបង្ហោះជាមួយនឹងការសរសេរបែបលេងសើច ។រូបថតរបស់កញ្ញាវ៉ាន់ វល័ក្ខ ចោមពុងដោយភ្ជាប់ជាមួយនឹងរូបព្រះសង្ឃមួយអង្គ ដែលរៀបចំពិធីស្រោចទឹកត្រូវគេចែកចាយជាបន្តបន្ទាប់តាមហ្វេសប៊ុកជាច្រើន ។ ជាមួយរូបរាងស្រស់ស្រឡូន និងសាច់សខ្ចី រូបថតនោះត្រូវគេយកផ្សាយបែបលេងសើច ដោយសរសេរបន្ថែមពាក្យកំប្លុកកំប្លែង សម្តៅទៅកាន់ព្រះសង្ឃដែលស្រោចទឹកឲ្យនាង ។
អ្នកខ្លះបានលេងសើចទៅលើព្រះសង្ឃថាព្រះអង្គអាចដាច់អាបត្តិ ដោយសារវ៉ាន់ វល័ក្ខ បញ្ចេញសាច់សខ្ចីនៅចំពោះមុខព្រះអង្គ ។ រូបភាពមួយសន្លឹកនោះត្រូវគេយកមកបង្ហោះលេងសើចជាបន្តបន្ទាប់ ដោយផ្តោតទៅលើព្រះសង្ឃ បើទោះបីជារូបភាពនោះត្រូវគេដឹងថា បានបង្ហោះដោយវ៉ាន់ វល័ក្ខ ជាយូរមកហើយក្តី ។
ពាក់ព័ន្ធទៅនឹងរឿងនេះតារាសម្តែងវ៉ាន់ វល័ក្ខ បានសម្តែងការហួសចិត្ត ។ នាងបានឆ្លើយតបដោយខ្លីជាមួយកោះសន្តិភាពតាមសារអេឡិចត្រូនិចកាលពីពេល ថ្មីៗកន្លងមកថា «ខ្ញុំអត់មានអីត្រូវនិយាយទេ»។
ជាការកត់សម្គាល់កន្លងមកតារាសម្តែង វ៉ាន់ វល័ក្ខ បានពើបប្រទះការរិះគន់ជាបន្ទាប់ នៅពេលដែលនាងតែងតែបង្ហោះរូបភាពបែបសិចសុីបញ្ចេញដើមទ្រូង ។ ក្រៅពីនេះវីដេអូឱបថើបយ៉ាងស្រើបស្រាលរបស់វ៉ាន់ វល័ក្ខ ដែលបានថតក្នុងបទចម្រៀងមួយក៏ត្រូវគេចែកចាយតាមហ្វេសប៊ុកផងដែរ ។
ហាក់មិនសូវជាចាប់អារម្មណ៍ខ្លាំងចំពោះការរិះគន់ទាំងនោះឡើយ ដោយសារមួយផ្នែកវ៉ាន់ វល័ក្ខ ល្បីឈ្មោះក៏ដោយសារតែនាងហ៊ានថតបែបសិចស៊ីនេះផងដែរ ៕
ចែករំលែកព័តមាននេះ