កូរ៉េខាងត្បូង ៖ តាមប្រភពពីOddity Central បានឱ្យដឹងថា នារីស្រស់ស្អាតវ័យ៣៤ឆ្នាំម្នាក់ បានសម្រេចចិត្តចូលហាត់សាច់ដុំតាំងពី១៤ឆ្នាំមុន ដែលធ្វើឱ្យនាងមានសាច់ដុំធំខ្លាំង មិនធម្មតានៅពេលនេះ ។ Yeon-woo Jhi ដែលជាកីឡាការិនីកាយវប្បកម្មអាជីព IFBB ជាមួយនឹងស្នាដៃប្រកួតជាច្រើន បានធ្វើឱ្យមហាជនមានការភ្ញាក់ផ្អើល ជាមួយនឹងមុខយ៉ាងស្រស់ស្អាតជាលក្ខណៈនារី និងរាងកាយមាំមួនពោរពេញទៅដោយសាច់ដុំ រហូតដល់ថ្នាក់មានគេដាក់ងារថា ជា «តុក្កតា Barbie សាច់ដុំ»។

កាលពី១៤ឆ្នាំមុន Jhi បានសម្រេចចិត្តទៅចូលហាត់ប្រាណនៅក្បែរផ្ទះរបស់នាង ព្រោះតែចង់បំបាត់ភាពអៀនខ្មាស់ក្នុងការនិយាយស្តីក្នុងសង្គម។ ពេលហាត់បានស្ទាត់ហើយ នាងចេះតែចង់ហាត់ទៀត រហូតបានចូលប្រកួតក្នុងការប្រកួតបង្ហាញសាច់ដុំ ដែលនាងបានឈ្នះពាន Arnold Classic Europe Amateur នៅឆ្នាំ២០១៣ និង Arnold Classic Europe Pro នៅឆ្នាំ២០១៥។

នាងបានក្លាយទៅជាកីឡាការិនីកាយវប្បកម្មជិត១០ឆ្នាំមកហើយ តែនៅពេលប៉ុន្មានឆ្នាំចុងក្រោយនេះ នាងបានក្លាយទៅជាតារាល្បីលើអនឡាញ ដែលល្បីខាងមានរាងកាយសាច់ដុំធំៗ និង មានមុខនៅតែជាស្រីស្អាត។ នៅលើ Instagram នាងមានអ្នក Follower ដល់ទៅ ១៣ម៉ឺននាក់ និង បានឡើងប៉ុស្តិ៍ទូរទស្សន៍ជាច្រើនដងផងដែរនៅកូរ៉េខាងត្បូង៕


ចែករំលែកព័តមាននេះ