រាជធានីភ្នំពេញ៖ រយៈពេល៤ឆ្នាំមកហើយដែលស្រីស្អាត សម្រស់បាន កម្ពស់បាន កញ្ញាលី ជេនណា បានបណ្តែតជីវិតក្នុងពិភពសិល្បៈ ។ ពីដំបូងនាងហាក់តោះតើយមិនស្រវាឱកាសចម្លងជីវិតឲ្យលេចធ្លោឡើយ ។ ឈានចូលមកដល់ឆ្នាំ២០១៩នេះ ជេនណា ស្រាប់តែឆក់បានឱកាសកាន់ការងាររុំខ្លួន ជាពិសេសទីផ្សារបង្ហាញម៉ូដ ។
ក្នុងជំហានចូលសិល្បៈដំបូងលី ជេនណា ត្រូវគេហៅថតលើបណ្តាសៀវភៅទស្សនាវដ្តីនានា និងសំអាងការ ហើយមកដល់ពេលនេះក្រៅពីរវល់លើការងារដើរម៉ូដ នាងក៏កក្រើកលើការថតសំអាងការរហូតល្បីថាចង់វ៉ាដាច់គេឯងផងបើយោងលើត្រេមុខ សម្រស់សាច់ឈាម គឺតុបតែកាយគ្រងមកុដ ខោអាវការគឺស៊ីតែម្តង ។
ជួបផ្ទាល់ជាមួយសារព័ត៌មាន ខណៈកំពុងមមាញឹកដើរម៉ូដឱ្យក្រុមហ៊ុនទេសចរណ៍នៅសណ្ឋាគារសុខាត្រើយម្ខាងកាលពីពេល ថ្មីៗកន្លងមក លី ជេនណា បានរៀបរាប់ថានាងទើបតែផ្ទុះការងារយ៉ាងចម្លែកនៅមួយរយៈពេលចុងក្រោយនេះ ដោយសំខាន់គឺចេញដើរបង្ហាញម៉ូដឲ្យសុទ្ឋតែក្រុមហ៊ុន ល្បីៗ នេះដោយសារតែនាងខិតខំយកចិត្តទុកដាក់ស្តាប់មេកើយ គោរពការងារ ។
តារាដែលមានស្នាមញញឹមស្អាតគួរឲ្យចង់គយគន់នេះបន្តថា«ការងារ១អាទិត្យរវល់៣ទៅ៤ថ្ងៃតែម្តង ។ លើសពីនេះមានរបរផ្ទាល់ខ្លួន។ បើនិយាយពីរឿងថតសម្តែងវិញនាងខ្ញុំកំពុងតែរៀនសូត្រព្រោះមិនសូវជាមានជំនាញខ្លាំងឡើយហើយក៏មានគេទាក់ទងដែរ តែមិនហ៊ានមកពីមិនទុកចិត្តខ្លួនឯង ។យ៉ាងណានាងខ្ញុំចង់ចាប់ការងារឲ្យកាន់តែច្រើនលើសិល្បៈដើម្បីពង្រីកកេរ្តិ៍ឈ្មោះ »។
លី ជេនណា គឺជាអតីតកញ្ញាឯកលេខ៥កម្មវិធីប្រឡងអន្តរជាតិមួយដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះទើបតែបញ្ចប់ទៅ ។ ជេនណាបំពេញការងារឲ្យក្រុមម៉ូដែល២គឺក្រុមTOP Ten Models និង POP Modelដែលជាក្រុមល្បី ។ លី ជេនណា ជាអ្នកក្រចេះ ឪពុកម្តាយជាអ្នករកស៊ី និងជាមន្ត្រីរាជការ ។
«នាងខ្ញុំសុំមិននិយាយរឿងស្នេហាឡើយព្រោះនៅវ័យក្មេង ហើយណាមួយរវល់ធ្វើការដោយទុកស្នេហាមួយឡែកសិន ចង់បំពេញការងារដើរម៉ូដឲ្យដល់កម្រិតកំពូលល្បីពេញផ្ទៃប្រទសច្រើនជាង»លី ជេនណា និយាយបែបនេះ ៕
ចែករំលែកព័តមាននេះ