ខេត្តបាត់ដំបង ៖ ទឹកជំនន់ដែលមន្ត្រីជំនាញអះអាងថា បណ្តាលមកពីទឹកភ្លៀងបង្អុរចុះទាំងយប់ទាំងថ្ងៃក្នុងរដូវបុណ្យភ្ជុំបិណ្ឌរយៈពេលប៉ុន្មានថ្ងៃ ជាប់ៗគ្នាកន្លងទៅនេះ បង្កឱ្យលិចស្ទើរគ្រប់បណ្តាស្រុក-ក្រុងទាំងអស់ក្នុងខេត្តបាត់ដំបង ឈានដល់ការប្រកាសអាសន្ន ។ ទឹកជំនន់បានបំផ្លាញផ្លូវថ្នល់ និងដំណាំកសិកម្ម ហើយនៅកន្លែងខ្លះជម្លៀសប្រជាពលរដ្ឋទៅកាន់ទីទួលមានសុវត្ថិភាព ។
ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តលោកឡុង ផល្គុន ប្រាប់កោះសន្តិភាពនៅព្រឹកថ្ងៃទី៦ តុលា ថា ទឹកជំនន់ដែលកំពុងវាយប្រហារខេត្តបាត់ដំបង គឺជាជំនន់ទឹកភ្លៀងសុទ្ធសាធ មិនមែនជំនន់រាលដាលមកពីខាងក្រៅប្រទេស ហើយក៏មិនមែនជន់ឡើងមកពីបឹងទន្លេសាបដែរ ។ ខេត្តបាត់ដំបងស្ថិតក្នុងចំណោមខេត្តជាច្រើនទៀតក្នុងប្រទេសកម្ពុជា ដែលកំពុងរងសម្ពាធទាបដែលហៅថា«វិសម្ពាធ» ប៉ុន្តែសម្ពាធនេះអាចថមថយវិញចាប់ពីថ្ងៃទី៨ តុលា តទៅ ។ លោកឡុង ផល្គុន បញ្ជាក់ថា នៅព្រឹកថ្ងៃទី៦ តុលា ទឹកស្ទឹងសង្កែបានឡើងដល់កម្រិត១៣.៨៤ម៉ែត្រ ដែលជាកម្រិតប្រកាសអាសន្ន ហើយអាចនឹងឡើងខ្ពស់ជាងនេះបើភ្លៀងនៅតែបន្តធ្លាក់១ថ្ងៃឬ២ថ្ងៃខាងមុខទៀត ។ ពេលនេះស្ទឹងសង្កែបាន និងកំពុងហូរបែកចេញតាមប្រព័ន្ធលូនានាទៅតាមមូលដ្ឋានវិញ ដោយសារតែទឹកឡើងខ្ពស់ដល់កម្រិត ។
លោកខាន់ ម៉ាណេរ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តប្រាប់អំពីផលប៉ះពាល់ដល់ហេដ្ឋារចនាសម្ព័ន្ធនានាក្នុងខេត្តដោយសារជំនន់ទឹកភ្លៀងថា កំណាត់ផ្លូវជាច្រើននិងស្ទើរគ្រប់ស្រុក និងក្រុងកំពុងរងការបំផ្លាញដោយទឹកជំនន់ ។ ជំនន់ទឹកភ្លៀងបានជន់លិចដោយអន្លើតាមដងផ្លូវជាតិលេខ៥ ផ្លូវជាតិលេខ៥៧ពីបាត់ដំបងទៅប៉ៃលិន ផ្លូវជាតិលេខ៥៩ តំបន់ព្រំដែន ជាពិសេសផ្លូវជាតិលេខ៥៨B និងផ្លូវកៅស៊ូ ខ្លះត្រូវបង្ខំប្រើគ្រឿងចក្រកាយផ្តាច់ ដើម្បីបើកមុខទឹក ដូចជាផ្លូវទៅកាន់ស្រុកគាស់ក្រឡជាដើម ។ ដោយឡែកនៅក្នុងក្រុងបាត់ដំបង លោកខាន់ ម៉ាណេរ បញ្ជាក់ថា កំណាត់ផ្លូវជាច្រើនកំពុងរងការបំផ្លិចបំផ្លាញធ្ងន់ ដូចជាផ្លូវលេខ៣ និងលេខ៤ ជាពិសេសកំណាត់ផ្លូវនានាក្នុងសង្កាត់រតនៈ និងសង្កាត់ព្រែកព្រះស្តេច កំពុងលិចលង់ខ្លាំងជាងគេ ។ រីឯស្ពានថ្មនានាដែលឆ្លងកាត់ស្ទឹងសង្កែ កំពុងញ័ររញ្ជួយគួរឱ្យព្រួយបារម្ភ ។ ស្ពានថ្មខ្លះត្រូវកម្លាំងទឹកហូរបុកឡើងដល់ធ្នឹមតែម្តង ។
លោកប្រធានមន្ទីរឱ្យដឹងថា កម្លាំងជំនាញរបស់លោកជាច្រើនក្រុម ដែលសហការជាមួយសមត្ថកិច្ចបាន និងកំពុងតាមឃ្លាំមើល និងប្រើប្រាស់គ្រឿងចក្រ ដើម្បីអូសទាញយកកាកសំណល់ដែលអណ្តែតទៅជំពាក់ជាប់ស្ពាន ចៀសវាងការកកស្ទះទឹកដែលកំពុងហូរបុកកាន់តែខ្លាំង ។
ជំនន់ទឹកភ្លៀងក្នុងស្ទឹងសង្កែ ក៏ដូចជានៅតាមបណ្តាស្រុកនានា ហាក់មិនទាន់ថមថយទេ ។ តាមបណ្តាគោលដៅ សំខាន់ៗមួយចំនួនក្នុងក្រុងបាត់ដំបងត្រូវសមត្ថកិច្ចបិទជាបណ្តោះអាសន្នមិនឱ្យរថយន្តធុនធ្ងន់ឆ្លងកាត់ឡើយ ។ ជាពិសេសតាមបណ្តាស្ពានឆ្លងកាត់ស្ទឹងសង្កែ ដែលស្ពានខ្លះត្រូវអាជ្ញាធរបញ្ជាឱ្យបិទផ្អាកធ្វើចរាចរឆ្លងកាត់ទាំងស្រុង ។ លោកសាត គីមសាន នាយការិយាល័យចរាចរណ៍ផ្លូវគោកខេត្តប្រាប់នៅព្រឹកថ្ងៃទី៦ តុលា ថា គណៈបញ្ជាការកងឯកភាពខេត្តបានសម្រេចឱ្យផ្អាកធ្វើចរាចរណ៍ឆ្លងកាត់ស្ពានថ្មមួយចំនួនក្នុងក្រុងបាត់ដំបង ដើម្បីធានាសុវត្ថិភាពរបស់ប្រជាពលរដ្ឋ និងស្ពានដែលកំពុងរងទឹកជំនន់ហូរបុកកាន់តែខ្លាំងឡើង ។ ប៉ុន្តែមានស្ពានថ្មមួយចំនួនអាចធ្វើចរាចរណ៍បាន លើកលែងតែរថយន្តដឹកទំនិញធុនធ្ងន់ទេ ដែលតម្រូវឱ្យផ្អាកឆ្លងកាត់ជាបណ្តោះអាសន្នសិន ។
ទាក់ទិនគ្រោះអាសន្នដោយទឹកជំនន់នេះ មន្ត្រីសាលាខេត្តប្រាប់ថា ប្រជាពលរដ្ឋនៅតាមបណ្តាស្រុកមួយចំនួនត្រូវបានជម្លៀសចេញ ទៅរកទីទួលសុវត្ថិភាព ។ ក្រៅពីបំផ្លាញផ្លូវថ្នល់ ទឹកជំនន់បានបំផ្លិចបំផ្លាញដំណាំកសិកម្មជាង១ម៉ឺនហិកតាហើយ និងកំពុងបំផ្លាញបន្តបន្ទាប់ទៀត ។ រីឯសត្វពាហនៈរបស់ប្រជាកសិករក៏កំពុងប៉ះពាល់ទីជម្រកដែរ ។ មន្ត្រីដដែលបញ្ជាក់ថា ក្រុមការងាររបស់អាជ្ញាធរខេត្ត បាន និងកំពុងបែងចែកកម្លាំងទៅជួយប្រជាពលរដ្ឋដែលរងគ្រោះដោយជំនន់ទឹកភ្លៀង ដោយគោលដៅ នីមួយៗដឹកនាំដោយលោកអភិបាលខេត្ត លោកអភិបាលរងខេត្ត ។ ទោះជាយ៉ាងណាក្តីនៅមិនទាន់ទទួលបានរបាយការណ៍ច្បាស់លាស់អំពីការខូចខាត ឬមនុស្សដែលរងគ្រោះដោយទឹកជំនន់នេះនៅឡើយទេ ព្រោះក្រុមអ្នកជួយសង្គ្រោះកំពុងតាមដាននៅឡើយ ៕
ចែករំលែកព័តមាននេះ