ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាវម៉ាវ​ក្នុង​ខេត្ត​ប៉ៃលិន​ពិតជា​ល្បី​ថា​ផ្អែម​ឆ្ងាញ់ ដូច​បទ​ចម្រៀង​រៀបរាប់​មែន​ទេ (​មាន​​វី​ដេ​អូ​)

4 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ មាន​ចំការ​ដំណាំ​ហូប​ផ្លែ​សាវម៉ាវ​ជា​ច្រើន​កន្លែង ដែល​កសិករ​បាន​ដាំ​នៅ​ក្បែរ​ៗ​មាត់​អូរ និង​នៅ​តាម​ផ្លូវ​ទៅ​រមណីយដ្ឋាន​ជាដើម ហើយ​រហូត​មក​ដល់​ពេល​នេះ​កំពុង​តែ​លូតលាស់​ចេញ​ត្រួយ​ផ្កា និង​ក្តិ​ប​មួយ​ចំនួន​ហើយ មិន​ត្រឹមតែ​ប៉ុណ្ណោះ​រសជាតិ​ក៏​ផ្អែម​ឆ្ងាញ់ ដូច​អ្វី​ដែល​បទ​ចំរៀង​ពី​ដើម​បាន​តែង​និពន្ធ​មែន ហើយ​កំពុង​តែ​ទាក់ទាញ​ភ្ញៀវ​ទេសចរ…

ខេត្ត​ប៉ៃលិន ៖ មាន​ចំការ​ដំណាំ​ហូប​ផ្លែ​សាវម៉ាវ​ជា​ច្រើន​កន្លែង ដែល​កសិករ​បាន​ដាំ​នៅ​ក្បែរ​ៗ​មាត់​អូរ និង​នៅ​តាម​ផ្លូវ​ទៅ​រមណីយដ្ឋាន​ជាដើម ហើយ​រហូត​មក​ដល់​ពេល​នេះ​កំពុង​តែ​លូតលាស់​ចេញ​ត្រួយ​ផ្កា និង​ក្តិ​ប​មួយ​ចំនួន​ហើយ មិន​ត្រឹមតែ​ប៉ុណ្ណោះ​រសជាតិ​ក៏​ផ្អែម​ឆ្ងាញ់ ដូច​អ្វី​ដែល​បទ​ចំរៀង​ពី​ដើម​បាន​តែង​និពន្ធ​មែន ហើយ​កំពុង​តែ​ទាក់ទាញ​ភ្ញៀវ​ទេសចរ ដែល​ធ្វើ​ដំណើរ​ឆ្ពោះទៅ​រមណីយដ្ឋាន​ចំការ​ខ្នុរ រមណីយដ្ឋាន​អាង​ជីវ​ចក់ នាំ​គ្នា​ចូល​ទិញ​ហូប​យ៉ាង​សប្បាយ​រីករាយ ។

លើស​ពី​នេះ​នៅ​ក្នុង​ចម្ការ​សាវម៉ាវ​មួយ​កន្លែង​ទៀត ក្លាយទៅជា​រមណីយដ្ឋាន​ចម្ការ​សាវម៉ាវ ដែល​ក្នុង​ចំការ​នេះ មាន​ទេសភាព​ស្រស់​ស្អាត​គួរ​ឱ្យ​ចង់​គយគន់ ហើយ​ផ្លែ​សាវម៉ាវ​ក៏​មាន​រសផ្អែម​ឆ្ងាញ់​ដែល​ទាក់ទាញ​ឱ្យ​ភ្ញៀវ​ទេសចរ​ទិញ​យក​ទៅ​ទទួលទាន​ស្ទើរ​គ្រប់​ៗ​គ្នា​ផង​ដែរ ។

ប្រភព​ព័ត៌មាន​ពី​កម្មករ​ចាំចំការ​មួយ​ចំនួន​បានឱ្យ​ដឹង​ថា ចំការ​ដំណាំ​សាវម៉ាវ​ដែល​កំពុង​តែ​លូតលាស់​ចេញ​ផ្កា​ក្តិ​ប​នេះ ប្រហែលជា​ប៉ុន្មាន​ខែ​ខាង​មុខ នឹង​ប្រមូល​ផល​ហើយ គឺ​ស្ថិត​នៅ​ក្បែរផ្លូវ​ក្រាល​កៅស៊ូ​វ​១​កន្លែង ឆ្ពោះទៅ​រមណីយដ្ឋាន​ចំការ​ខ្នុរ និង​ហួស​រមណីយដ្ឋាន​ចម្ការ​ខ្នុរ នៅ​ក្នុងភូមិ​រោងចក្រ ភូមិបរ​ហ៊ុយ​ត្បូង សង្កាត់​ប​យ៉ា​ខា ក្រុងប៉ៃលិន ។

ប្រភព​បន្ត​ទៀត​ថា គេ​បាន​ដាំ​សាវម៉ាវ​អស់​រយ​:​ពេល​ជា​យូរ​ឆ្នាំ​មក​ហើយ ក៏​ទទួលផល​ច្រើន​ដង​ច្រើន​សារ​រួច​មក​ដែរ ដោយ​រៀង​រាល់​ឆ្នាំ​ឱ្យ​តែ​ដល់​រដូវ​ប្រមូល​ផល គេ​តែងតែ​ឃើញ​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ ចូល​ទៅ​ទិញ​ទទួលទាន​ស្ទើរ​រាល់ថ្ងៃ​តែ​ម្តង ជា​ពិសេស​ថ្ងៃ​សៅរ៍ និង​ថ្ងៃអាទិត្យ ។

ប្រភព​ដដែល​បញ្ជាក់​ឱ្យ​ដឹង​ថា នៅ​ក្នុង​ចំការ​ដ៏​ធំ​ល្វឹងល្វើយ​ប៉ុន្មាន​កន្លែង​ខាងលើ មាន​ដើម​សាវម៉ាវ​ប្រមាណ​ជាង​២០០​ដើម ដែល​ម្ចាស់​បាន​ដាំ ហើយ​ដាក់​ជីធម្មជាតិ​ដូច​ជាលា​មក​គោ និង​មាន់​ជាដើម ដោយ​មិន​ប៉ះពាល់​ដល់​សុខភាព​នោះ​ឡើយ ហើយ​ផ្លែ​វិញ​ក៏​មាន​លក្ខណ​:​ធំ​ៗ ថ្លុ​ស​ល្អ និង​មាន​រសជាតិ​ផ្អែម​ឆ្ងាញ់​គួរ​ឱ្យ​ចង់​ទទួលទាន មិន​ដូច​ផ្លែ​សាវម៉ាវ​នាំ​ចូល​មក​ពី​ប្រទេស​ជិតខាង​ដែល​គេ​ព្រួយបារម្ភ​ក្រែង​មាន​ជាតិ​គីមី​នោះ​ឡើយ ។ លើស​ពី​នេះ ក្នុង​១​ឆ្នាំ​ៗ​ម្ចាស់​ចម្ការ​នីមួយ​ៗ​មិន​ធ្លាប់​បេះ​យក​ទៅ​លក់​នៅ​ឯ​ផ្សារ ឬ​កន្លែង​ណា​ឆ្ងាយ​នោះ​ឡើយ គ្រាន់តែ​ទុំ​ភ្លាម​មាន​ភ្ញៀវ​ទេសចរ​ចូល​ទៅ​ទិញ​ដល់​ចំការ ហើយ​ក្នុង​១​ថ្ងៃ​ៗ​បេះ​លក់​បាន​រាប់រយ​គីឡូ ដោយ​ក្នុង​១​គីឡូក្រាម​តម្លៃ​៥០០០​រៀល ។

បើ​តាម​សម្តី​របស់​លោក សាយ សុ​ផាត ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​ប៉ៃលិន បានឱ្យ​ដឹង​ថា នៅ​ទូ​ទាំង​ខេត្ត​ប៉ៃលិន កសិករ​ដាំ​បាន​សាវម៉ាវ​សរុប​ចំនួន​៤៥​ហិ​កតា ហើយ​ក៏​ផ្លែ​ទុំ​លក់​ជា​រៀង​រាល់​ឆ្នាំ ដោយ​លក់​ចែកចាយ​តែ​នៅ​ក្នុងស្រុក​ប៉ុណ្ណោះ ។ លោក​បន្ត​ទៀត​ថា ផ្លែ​សាវម៉ាវ​ទាំង​អស់នេះ កសិករ​តែងតែ​ប្រើ​ជីធម្មជាតិ ដោយ​ជីគីមី​ត្រឹមតែ​១៥%​ប៉ុណ្ណោះ ហើយ​ក៏​មាន​រសជាតិ​ឆ្ងាញ់​ប្រហាក់ប្រហែល​បទ​ចម្រៀង​និពន្ធ ហើយ​ក៏​គួរ​ឱ្យ​ចង់​ហូប​ដោយ​ក្នុង​រយ​:​ពេល​១​ឆ្នាំ​ៗ​កសិករ​ប្រមូល​ផល​ម្តង បើ​គិត​ទិន្នន័យ​សរុប​ទៅ​ជា​គីឡូ​ក្នុង​១​រដូវ​នា​ឆ្នាំ​២០១៨​កន្លង​ទៅ គឺ​ទទួល​បាន​ប្រហែល​១២៩​តោន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ