រាជធានីភ្នំពេញ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈតាមរយៈនាយកដ្ឋានសិទ្ធិអ្នកនិពន្ធ និងសិទ្ធិប្រហាក់ប្រហែល គ្រោងកោះហៅបណ្តាផលិតកម្ម និងបុគ្គលមួយចំនួនដែលពាក់ព័ន្ធនឹងវិស័យបទចម្រៀង ទៅជួបជុំដើម្បីអប់រំណែនាំ និងឲ្យធ្វើកិច្ចសន្យាឈប់លួចចម្លងស្នាដៃអ្នកដទៃតាមគ្រប់រូបភាព ។ ការប្រកាសនេះបានធ្វើឡើងបន្ទាប់ពីករណីស្នាដៃរបស់កវីគង្គ ប៊ុនឈឿន ត្រូវបានគេចម្លងបទភ្លេង ហើយកាឡៃមកច្រៀងខុសពីលក្ខណៈដើម ពីផលិតកម្មសាន់ដេ ហើយត្រូវក្រុមគ្រួសាររបស់លោកប្តឹងទៅកាន់ក្រសួងឲ្យមានវិធានការចំពោះរឿងនេះ ។
មន្ត្រីពាក់ព័ន្ធរបស់ក្រសួងវប្បធម៌បានអះអាងកាលពីថ្ងៃទី២១ មីនា ២០១៩ថា ករណីនេះក្រសួងធ្លាប់បានធ្វើ និងបន្តធ្វើជាបន្តបន្ទាប់រួចមកហើយ មិនមែនធ្វើឡើងបន្ទាប់ពីករណីក្រុមគ្រួសាររបស់លោកគង្គ ប៊ុនឈឿន បានផ្ទុះឡើងនោះឡើយ ។ ប្រធាននាយកដ្ឋានសិទ្ធិអ្នកនិពន្ធ និងសិទ្ធិប្រហាក់ប្រហែល លោកស៊ឹម សត្តា អះអាងថា កន្លងមកបានអប់រំណែនាំជុំវិញការលួចចម្លងស្នាដៃនេះ ប៉ុន្តែម្ចាស់ផលិតកម្ម និងបុគ្គលមួយចំនួនហាក់មិនអនុវត្តតាមឡើយ។
ការលួចចម្លងស្នាដៃរបស់អ្នកនិពន្ធមានច្រើនករណីណាស់ ហើយដោយសារករណីលួចចម្លងស្នាដៃនេះចេះតែបន្តកើតឡើងទើបក្រសួងវប្បធម៌ និងវិចិត្រសិល្បៈគ្រោងនឹងហៅគ្រប់ផលិតកម្ម និងបុគ្គលមួយចំនួនដែលពាក់ព័ន្ធករណីនេះទៅអប់រំណែនាំ ហើយធ្វើកិច្ចសន្យាឲ្យឈប់ចម្លងស្នាដៃដោយគ្មានការអនុញ្ញាត។
ប្រធាននាយកដ្ឋានសិទ្ធិអ្នកនិពន្ធ និងសិទ្ធិប្រហាក់ប្រហែលរូបនេះថ្លែងថា«កន្លងមកក្រសួងសាមីធ្លាប់បានអប់រំណែនាំករណីលួចចម្លងស្នាដៃនេះ តែមិនមានការយកចិត្តទុកដាក់អនុវត្តនោះឡើយ ហើយលើកនេះនឹងអប់រំជាទ្រង់ទ្រាយធំ ដោយនឹងធ្វើកិច្ចសន្យាបញ្ឈប់ការលួចចម្លងស្នាដៃផងដែរ ។ ស្នាដៃដែលមិនបានផ្ទេរបណ្ដាំមរតកសាស្ត្រ ឬរាល់ស្នាដៃដែលមិនទាន់បានចុះបញ្ជីម្ចាស់កម្មសិទ្ធិ គឺស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រសួង ។ ដូច្នេះបើទោះបីជាស្នាដៃដែលមានកម្មសិទ្ធិបញ្ញា ឬមិនទាន់មានកម្មសិទ្ធិបញ្ញាក្ដី ក៏មិនអាចអនុញ្ញាតឲ្យផលិតកម្ម ឬបុគ្គលណាមួយយកទៅកាឡៃដោយគ្មានសុំច្បាប់ត្រឹមត្រូវ ក្នុងន័យធ្វើអាជីវកម្មនឹងត្រូវមានទោស »។
ដោយឡែកពាក់ព័ន្ធពាក់ព័ន្ធករណីនាយចឺម យកបទលោកគង្គ ប៊ុនឈឿន មកកាឡៃច្រៀងខុសរបៀបនោះត្រូវបានប្រធាននាយកដ្ឋានរូបនេះអះអាងថា «នាយកដ្ឋានសិទិ្ធអ្នកនិពន្ធ កំពុងរៀបចំប្រមូលភស្តុតាង និងស្នើសុំថ្នាក់នាំក្រសួងដើម្បីចាត់វិធានការណ៍ និងកោះហៅភាគីរំលោភសិទិ្ធទាំងអស់មកអប់រំណែនាំ និងបំផ្លាញចោលទាំងអស់នូវស្នាដៃរំលោភច្បាប់ និងឲ្យភាគីរំលោភបំពានទាំងអស់សុំទោសជាសាធារណៈ និងធ្វើកិច្ចសន្យា »។
ពាក់ព័ន្ធករណីខាងនេះតារាចម្រៀងជើងចាស់និងជាអតីតប្រធានសមាគមសិល្បករខ្មែរលោកសុះ ម៉ាច បានសាទរចំពោះវិធានការរបស់ក្រសួងនាពេលនេះ។ លោកថ្លែងថា «ខ្ញុំសូមសាទរ និងគាំទ្រចំពោះអ្វីដែលក្រសួងបាននិងកំពុងគិតគូរ តែបើនិយាយហើយបែរជាគ្មានការអនុវត្តធ្វើតាមដូចអ្វីដែលក្រសួងបានចេញសេចក្តីណែនាំដូចមុន ហើយគ្មានការគោរពនោះវាដដែលជាដដែលទេ ប៉ុន្តែខ្ញុំសង្ឃឹមថាពេលនេះក្រសួងលោកមិនបណ្តែតបណ្ដោយទៀតទេ នេះជាផលប្រយោជន៍ក្នុងការអភិរក្ស និងអភិវឌ្ឍន៍វិស័យសិល្បៈចម្រៀង បើគ្មានការផលិតថ្មីគឺមានន័យថាគ្មានការរីកចម្រើនទេវិស័យមួយនេះ ហើយខ្ញុំក៏សង្ឃឹមដែរថាខាងផលិតកម្មលោកនឹងមានឆន្ទៈក្នុងការចូលរួមគិតគូរក្នុងរឿងនេះ»៕
ចែករំលែកព័តមាននេះ