ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សករាជ​មាស​រោង​ភាពយន្ត​ក្នុង​ទសវត្សរ៍​ទី​50-60​បាន​បញ្ចប់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បើ​និយាយ​ពី​រោង​ភាពយន្ត​ដែល​ពាក្យ​សាមញ្ញ​ហៅ​ថា រោងកុន​នោះ នា​ពេល​បច្ចុប្បន្ន​គឺ​មាន​តែ​ក្នុង​ផ្សារ​ទំនើប​ប៉ុណ្ណោះ ផ្ទុយ​ទៅ​វិញ​ការ​ផ្លាស់​ប្តូរ​១៨០oC នេះ គឺជា​កា​រវិ​វ​ឌ្ឍ​ទៅ​តាម​សម័យកាល​ដោយ​ស្វ័យប្រវត្តិ ខណៈ​បច្ចេកវិទ្យា​ទំនើប​បាន​ហក់​ចូល​មក​វាយលុក​សម្រាប់​មនុស្ស​សម័យ​ថ្មី ។…

រាជធានី​ភ្នំពេញ ៖ បើ​និយាយ​ពី​រោង​ភាពយន្ត​ដែល​ពាក្យ​សាមញ្ញ​ហៅ​ថា រោងកុន​នោះ នា​ពេល​បច្ចុប្បន្ន​គឺ​មាន​តែ​ក្នុង​ផ្សារ​ទំនើប​ប៉ុណ្ណោះ ផ្ទុយ​ទៅ​វិញ​ការ​ផ្លាស់​ប្តូរ​១៨០oC នេះ គឺជា​កា​រវិ​វ​ឌ្ឍ​ទៅ​តាម​សម័យកាល​ដោយ​ស្វ័យប្រវត្តិ ខណៈ​បច្ចេកវិទ្យា​ទំនើប​បាន​ហក់​ចូល​មក​វាយលុក​សម្រាប់​មនុស្ស​សម័យ​ថ្មី ។ ទោះ​បី​ជា​បែប​ណា​ក្តី​យើង​មិន​អាច​បំភ្លេច​បាន​នូវ​យុគ​សករាជ​មាស​នៃ​រោង​ភាពយន្ត​ដ៏​ច្រើន​ស្អេកស្កះ​ក្រោយ​ប្រទេស​កម្ពុជា​បាន​ទទួល​ឯករាជ្យ​ពី​អាណានិគមនិយម​បារាំង​នា​ដើម​ទសវត្សរ៍​ទី​៥០ ។

សម័យកាល​នៃ​ការ​ងើបឡើង​យ៉ាង​ខ្លាំងក្លា​សម្រាប់​សិល្បៈ​ទី​៧ គឺ​បាន​ចាប់ផ្តើម​រះ​នា​ចុង​ទស​វត្ស​ទី​៥០ និង​ដុះដាល​ពេញបន្ទុក​ក្នុង​ទស​វត្ស​ទី​៦០ រហូត​ដល់​ពាក់កណ្តាល​ទស​វត្ស​ទី​៧០ ។ សួរ​ថា​តើ​សករាជ​មាស​នៃ​រោង​ភាពយន្ត​នា​សម័យ​មុន​សង្គ្រាម​ឆ្នាំ​៧០ មាននៅ​ទីណា​ខ្លះ ?

ហើយ​បច្ចុប្បន្ន​អតីត​រោង​ភាពយន្ត​ទាំង​នោះ​បាន​ក្លាយទៅជា​អ្វី​ហើយ ? ជា​ការណ៍​ពិត​ណាស់ អតីត​រោង​ភាពយន្ត​ដែល​បាន​រលាយ​រូបរាង​អស់​ទៅ​ហើយ បាន​ត្រឹម​បន្សល់​ទុកជា​ស្នាម​អនុស្សាវរីយ៍​ប៉ុណ្ណោះ​សម្រាប់​មនុស្ស​ខ្មែរ​ដែល​មាន​ល្បាក់​អាយុ​៥០​ប្លាយ​ឆ្នាំ​ឡើង​ទៅ​ដែល​នៅ​ចង​ចាំ​បាន​ខ្លះ​ៗ ។ ខាងក្រោម​នេះ​គឺជា​ការ​ស្រាវជ្រាវ​របស់​កោះសន្តិភាព​ជុំវិញ​រោង​ភាពយន្ត​នានា​នៅ​ក្នុង​រាជធានី​ភ្នំពេញ ។

ជាដំបូង​អ្វី​ដែល​ត្រូវ​កត់សម្គាល់​នោះ​គឺ​បណ្តា​រោង​ភាពយន្ត​ដែល​គេ​បញ្ចាំង​គ្មាន​សម្រាក គឺ​១​ថ្ងៃ​វាល់ល្ងាច ចង់​ចូល​មើល​ទិញ​សំបុត្រ​តែ​ម្តង មើល​បាន​១​ថ្ងៃ រហូត​អ្នកខ្លះ​ដេក​ក្នុង​រោង​ភាពយន្ត​ទាំងនោះ​តែ​ម្តង ។ ទោះបី​អ្នក​មើល​ភាគច្រើន​ដេក​ក៏​ខ្សែភាពយន្ត​នៅ​តែ​បញ្ចាំង ។ បណ្តា​រោង​ភាពយន្ត​ទាំងនោះ មាន​ដូច​ជា រោងកុន​ប៉ា​ហ្សេ​ស្ទិ​ក ទ្រុង​កុក តារា ខេមរា គឹ​ម​ស៊ឺ​ង ខេមរៈ …​។ រោងកុន​ម៉ា​ហ្សេ​ស្ទិ​ក ស្ថិត​នៅ​ចន្លោះ​ផ្សារ​កណ្តាល និង​ផ្សារ​ចាស់ ។ រោងកុន​តារា ស្ថិត​នៅ​កាច់ជ្រុង​ខាងជើង​វាល​ព្រះ​មេរុ ឯ​រោងកុន​ខេមរា ស្ថិត​នៅ​ជិត​អតីត​សាកលវិទ្យាល័យ​ន័​រ​តុ​ន និង​រោងកុន​គឹ​ម​ស៊ឺ​ង ស្ថិត​នៅ​ខាងត្បូង​ផ្សារ​ធំ​ថ្មី ។

រោង​ភាពយន្ត​នៅ​ក្នុងភូមិ​សាស្ត្រ​ខណ្ឌចំការមន ៖ អតីត​រោង​ភាពយន្ត ចាស់​ៗ ដែល​បន្សល់​ទុក​តាំងពី​សម័យ​ដើម គឺ​ពេល​នេះ​បាន​ប្រែក្លាយ ទៅ​ជា​មណ្ឌល​កម្សាន្ត និង​សំណង់​អគារ​ថ្មី ផ្សេង​ៗ ជាក់ស្តែង​ដូច​ជា រោង​ភាពយន្ត​កំពូល​ពេជ្រ រោង​ភាពយន្ត​គិរី​រម្យ និង​រោង​ភាពយន្ត​បូកគោ នា​ពេល​បច្ចុប្បន្ន​នេះ បាន​ក្លាយ​ខ្លួន​ទៅ​ជា​ហាង​ខារ៉ាអូខេ ហាង​ស៊ុប និង​ត្រូវ​បាន​គេ​វាយ​កម្ទេច​ចោល ហើយ​កសាង​អគារ​ថ្មី​ច្រើន​ជាន់​ក៏​មាន ។

នៅ​ក្នុងភូមិ​សាស្ត្រ​ខណ្ឌចំការមន កាលពី​ពេល​មុន​មាន​រោង​ភាពយន្ត ធំ​ៗ​រហូត​ទៅ​ដល់​ចំនួន​៣ គឺ​ទី​១-​រោង​កំពូល​ពេជ្រ ដែល​មា​នទី​តាំងនៅ​តាម​បណ្តោយ​មហាវិថី​ព្រះ​មុនី​វង្ស កែង​និង​ផ្លូវ​លេខ​២៨៨ ស្ថិត​នៅ​ក្នុង​សង្កាត់​បឹង​កេងកង​ទី​១ ដែល​ពេល​នេះ​ត្រូវ​បាន​គេ​វាយ​កម្ទេច​ចោល​រាប​ដល់​ដី​សាងសង់​ជា​សំណង់​អគារ​មួយ​ដែល​មាន​កម្ពស់​រហូត​ទៅ​ដល់​ចំនួន​១៥ ជាន់ ។

ទី​២-​រោង​ភាពយន្ត​គិរី​រម្យ មាន​ទីតាំង​ស្ថិត​នៅ​តាម​បណ្តោយ​មហាវិថី​ព្រះ​សីហ​នុ ក្នុង​សង្កាត់​បឹង​កេងកង​ទី​២ ត្រូវ​បាន​ប្រែ​ក្លាយជា​ហាង​ខារ៉ាអូខេ​គិរី​រម្យ ។ទី​៣-​រោង​ភាពយន្ត​បូកគោ មាន​ទីតាំង​តាម​បណ្តោយ​មហាវិថី​ម៉ៅ​សេ​ទុង ក្នុង​សង្កាត់​បឹង​កេងកង​ទី​៣ បាន​ប្រែក្លាយ​ទៅ​ជាង​ហាង​ខារ៉ាអូខេ និង​ហាង​ស៊ុប ។ រោង​ភាពយន្ត ធំ​ៗ​ទាំង​៣​នោះ​ពី​អតីតកាល​គឺ​សុទ្ធតែ​ជា​រោង​ភាពយន្ត​ដែល​មានឈ្មោះ​ល្បី មិន​ចាញ់​តាម​បណ្តា​រោង​ភាពយន្ត​ជា​ច្រើន ផ្សេង​ៗ​ទៀត​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ប៉ុន្មាន​នោះ​ទេ ។ កាលពី​អតីតកាល​មាន​រោង​ភាពយន្ត​ច្រើន​ត្រូវ​បាន​គេ​បង្កើត​ឡើង ដើម្បី​បម្រើ​វិស័យ​ខ្សែភាពយន្ត​ដែល​មានការ​រីក​ដុះដាល​យ៉ាង​ខ្លាំង ។

ពាក់ព័ន្ធ​ទៅ​នឹង​ការ​បាត់បង់​រូបរាង​របស់​រោង​ភាពយន្ត ចាស់​ៗ ជា​ច្រើន​ដែល​បាន​បន្សល់​ទុក​តាំងពី​សម័យ​មុន​នោះ គឺ​ដោយសារ​តែ​នា​ពេល​បច្ចុប្បន្ន​នេះ​គេ​បាន​សង្កេត​ឃើញ​ថា «​រោង​ភាពយន្ត ថ្មី​ៗ យ៉ាងច្រើន​បាន និង​កំពុង​កើតឡើង នៅ​តាម​បណ្តា​ផ្សារ​ទំនើប​មួយ​ចំនួន ដោយ​គេ​បាន​កសាង​ឡើងជា​កន្លែង​ទស្សនា​មាន​ផាសុកភាព ម៉ាស៊ីនត្រជាក់ និង​បំពាក់​ប្រព័ន្ធ​ទំនើប​ទាន់សម័យ​ជាង​រោង​ភាពយន្ត​សម័យ​ដើម​ដែល​ខ្លះ​មាន​តែ​កង្ហារ ។

ហេតុនេះ​ហើយ​បានជា​តាម​បណ្តា​រោង​ភាពយន្ត ចាស់​ៗ ដែល​បាន​បន្សល់​ទុក​តាំងពី​សម័យ​មុន ត្រូវ​បាន​គេ​បោះបង់​ចោល និង​ត្រូវ​បាន​គេ​កែ​ច្នៃ​ធ្វើ​ទៅ​ជា​កន្លែង​កម្សាន្ត ផ្សេង​ៗ មាន​ដូច​ជា​ខារ៉ាអូខេ ហាង​ស៊ុប ឬ​ក៏​ឈាន​ទៅ​ដល់​ការ​វាយ​កម្ទេច​ចោល ដើម្បី​កសាង​ជា​សំណង់​អគារ​ថ្មី​ក៏​មាន​ដែរ ។ សម្រាប់​ម្ខាង​វិ​ថី​ព្រះ​មុនី​រ៉េ​ត ដែល​ស្ថិត​ក្នុង​ខណ្ឌចំការមន​ដែរ​នោះ​នៅ​ដើម​ទស​វត្ស​ទី​៧០ រោង​ភាពយន្ត​មួយទៀត​ក៏​បាន​បង្កើត​ឡើង​ដែរ គឺ​រោង​ភាពយន្ត​មេកុង នៅ​មិន​ឆ្ងាយ​ពី​រោង​ភាពយន្ត​ប្រាសាទ​មាស​ដែល​នៅ​ម្ខាង​ផ្លូវ ។

រោង​ភាពយន្ត​នៅ​ភូមិសាស្ត្រ​ខណ្ឌ​៧​មក​រា ៖ នា​សម័យ​សង្គមរាស្ត្រនិយម គ្រាន់តែ​ក្នុង​អាណាចក្រ​ខណ្ឌ​៧​មក​រា សំបូរ​ទៅ​ដោយ​រោង​ភាពយន្ត​មាន​ចំនួន​៨​ទីតាំង ដែល​ទស្សនិកជន​សម័យ​នោះ​ពេញ​និយម​ទិញ​សំបុត្រ​ចូល​ទស្សនា ក្រោយ​ពេល​សម្រាក​ពី​ការងារ រៀង​ៗ​ខ្លួន ។ រោង​ភាពយន្ត​ចំនួន​៨​ទីតាំង​នា​សម័យ​នោះ​មាន​៖

ទី​១-​រោង​ភាពយន្ត «​ភ្នំ​ពេជ្រ​»​ក្រោយមក​បាន​ប្រែ​ឈ្មោះ​ទៅ​ជា​រោង​ភាពយន្ត​«​ម៉ូ​ស្គូ​»​ស្ថិត​នៅ​លើ​មហាវិថី​មុនី​វង្ស សង្កាត់​មនោ​រម្យ ខណ្ឌ​៧​មក​រា ។ បច្ចុប្បន្ន​នេះ​រោង​ភាពយន្ត​ម៉ូ​ស្គូ​បាន​ស្ថិត​នៅ​លើ​កណ្តាប់ដៃ​ក្រុមហ៊ុន​មួយ​កំពុង​ជួល​ជុស​នៅ​មិន​ទាន់​ដឹង​ពិតប្រាកដ​ថា​ទៅ​ជា​អគារ​អ្វី​នោះ​ទេ ។ ២-​អតីត​រោង​ភាពយន្ត​«​ម្កុដ​ពេជ្រ​» ឥឡូវនេះ​រោងកុន​ម្កុដ​ពេជ្រ​បាន​ធ្លាក់​ទៅ​លើ​ដៃឯក​ជន​បើក​ជា​ភោ​ជនី​ដ្ឋា​ន​ថ្មដា ដែល​មាន​ទីតាំង​ស្ថិត​នៅ​មហាវិថី​កម្ពុជា​ក្រោម សង្កាត់​មនោ​រម្យ ខណ្ឌ​៧​មក​រា រាជធានី​ភ្នំពេញ។

ទី​៣-​អតីត​រោង​ភាពយន្ត​ឋានសួគ៌ ស្ថិត​នៅ​តាម​មហាវិថី​កម្ពុជា​ក្រោម​កែង​ផ្លូវ​លេខ​១៦៩ សង្កាត់​វាលវង់ ខណ្ឌ​មក​រា បាន​ក្លាយទៅជា​ហាង​ពិភព​ម៉ូ​ដលក់​សម្លៀក​បំពាក់​បុរស​នារី​បាត់​ទៅ​ហើយ ។ទី​៤-​អតីត​រោង​ភាពយន្ត​វិមាន​សួស្តី (​ហៅ​វិមាន​ឯករាជ្យ​) ស្ថិត​នៅ​បណ្តោយ​ផ្លូវ​២១៥ (​ផ្លូវ​នេ​រុ​)​ក្នុង​សង្កាត់​វាលវង់ ខណ្ឌ​៧​មក​រា បាន​ក្លាយទៅជា​ស្ថានីយ​លក់​ប្រេងឥន្ធនៈ​សូ​គី​ម៉ិច ។ ៥-​អតីត​រោង​ភាពយន្ត​សរ​ព្រហ្ម​មាស ស្ថិត​នៅ​តាម​បណ្តោយ​មហាវិថី​ហ្សា​ល​ដឺ​ហ្គោ​ល ក្នុង​សង្កាត់​អូរ​ឫស្សី​២ ខណ្ឌ​៧​មក​រា បាន​ក្លាយទៅជា​មជ្ឈមណ្ឌល​ចែកចាយ​ម៉ាស៊ីន​កសិកម្ម​គ្រប់​ប្រភេទ​(​ខាង ស៊ា​ង​លី​)​ក្លាយជា​កម្មសិទ្ធិឯកជន​ទៅ​ហើយ ។

ទី​៦-​អតីត​រោង​ភាពយន្ត​អង្គរ ស្ថិត​នៅ​បណ្តោយ​មហាវិថី​ហ្សា​ល​ដឺ​ហ្គោ​ល ក្នុង​សង្កាត់​អូរ​ឫស្សី​ទី​៣ ក្លាយទៅជា​ធនាគារ​កា​ណា​ឌី​យ៉ា ជា​កម្មសិទ្ធិឯកជន ។ ៧-​អតីត​រោង​ភាពយន្ត​ខេមរៈ ស្ថិត​នៅ​ខាងកើត​រោងកុន​អង្គរ តាម​បណ្តោយ​មហាវិថី​ហ្សា​ល​ដឺ​ហ្គោ​ល បាន​ក្លាយទៅជា​ក្រុមហ៊ុន​មួយ​ឈ្មោះ​វី អែ​ល ខេ រ៉ូ​យ៉ា​ល់​ទេសចរណ៍ ។ ទី​៨-​អតីត​រោង​ភាពយន្ត​ប្រាសាទ​ពេជ្រ ស្ថិត​នៅ​កាច់ជ្រុង​ភ្លើងស្តុប​មហាវិថី​ព្រ​មុនី​វង្ស​ចុះ​មក​ផ្សារ​អូរ​ឫស្សី ក្នុង​សង្កាត់​បឹង​ព្រលឹត ខណ្ឌ​៧​មក​រា បាន​ក្លាយជា​ទីតាំង​ធនាគារ​ស្ថាបនា ។

រោង​ភាពយន្ត​នៅ​ភូមិសាស្ត្រ​ខណ្ឌទួលគោក ៖ ក្នុង​ខណ្ឌទួលគោក​មាន​រោង​ភាពយន្ត​ចំនួន​២ ហើយ​បច្ចុប្បន្ន​បាន​ក្លាយជា​កម្មសិទ្ធិឯកជន​អស់ហើយ ។

១-​រោង​ភាពយន្ត​«​មនោ​រម្យ​» ស្ថិត​នៅ​តាម​បណ្តោយ​មហាវិថី​ម៉ៅ​សេ​ទុង មុខ​ផ្សារ​ដើម​គ ក្នុង​សង្កាត់​បឹង​សាឡា​ង បច្ចុប្បន្ន​ជា​មន្ទីរ​សម្រាក​ព្យាបាល​ប្រ៊​ត​មេ​ឌី​ខ​ល ។ រោង​ភាពយន្ត​នេះ​ត្រូវ​បាន​គេ​ដឹង​ថា បង្កើត​ឡើង​តាំងពី​ជំនាន់​សង្គមរាស្ត្រនិយម ។ ក្រោយ​ថ្ងៃ​រំដោះ​៧​មក​រា​ឆ្នាំ​១៩៧៩​រោង​ភាពយន្ត​មនោ​រម្យ​ស្ថិត​នៅ​ជា​កម្មសិទ្ធិ​របស់​រដ្ឋ ដូច​រោង​ភាពយន្ត​នានា​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ដែរ ហើយ​ក៏​មាន​បញ្ចាំងភាពយន្ត​សហភាព​សូ​វៀត​ក្នុង​ទស​វត្ស​ទី​៨០ ។ លុះ​ក្រោយមក​បាន​ក្លាយទៅជា​ក្លឹ​ប​កម្សាន្ត និង​ក្លាយជា​កម្មសិទ្ធិឯកជន​ប្រមាណ​ជិត​២០​ឆ្នាំ​មក​ហើយ ។

ដោយឡែក​រោង​ភាពយន្ត​ទី​២ គឺ​សាល​មហោស្រព​ចេ​ន​ឡា ត្រូវ​បាន​គេ​បញ្ចាំងភាពយន្ត​ម្តង​កាល​តែ​ប៉ុណ្ណោះ ។ សាល​មហោស្រព​ចេ​ន​ឡា មាន​វិសាលភាព​ធំ ស្ថិត​នៅ​ខាងត្បូង​ផ្សារ​ដើម​គ ក្នុង​សង្កាត់​ផ្សារ​ដើម​គ ខណ្ឌទួលគោក ។ រោង​ភាពយន្ត​ចេ​ន​ឡា​បាន​កសាង​នៅ​ចុង​ទស​វត្ស​ទី​៦០ ហើយ​បន្ទាប់​ពី​រោង​ភាពយន្ត​ដែល​ល្អ​ដាច់​គេ​នា​សម័យ​នោះ​ក៏​ធ្លាប់​ត្រូវ​បាន​សម្ពោធ​បញ្ចាំង​ខ្សែភាពយន្ត​របស់​អតីត​ព្រះ​មហាក្សត្រ​សម្តេចព្រះ​បរម​រតន​កោដ្ឋ​ផង​ដែរ និង​មិនយូរ​ប៉ុន្មាន​ប្រទេស​ជាតិ​ក៏​បាន​ធ្លាក់​ចូល​ក្នុង​ភ្លើងសង្គ្រាម ។ បច្ចុប្បន្ន​បាន​ក្លាយទៅជា​កម្មសិទ្ធិឯកជន និង​បាន​ពុះ​ច្រៀក​ជា ចំណែក​ៗ ដោយ​ស្លាក​ខាងក្រៅ​ដាក់​ថា​មណ្ឌល​វប្បធម៌​ភ្នំពេញ ។

ទីតាំង​នេះ​បច្ចុប្បន្ន​បាន​បំបែក​មួយ​ផ្នែក​ជា​សាល​មហោស្រព​ចេ​ន​ឡា​នៅ​ទ្រង់ទ្រាយ​ដើម​, ជា​ធនាគារ​កា​ណា​ឌី​យ៉ា​, ជា​វិមាន​ចរណៃ​(​កន្លែង​ជប់លៀង​មង្គលការ​)​និង​ជា​ផ្សារ ។ បើ​តាម​ការ​ព្យាករ​នឹង​បាត់​រូបរាង​នា​ពេល​អនាគត ។

ក្រៅពី​រោង​ភាពយន្ត​ទាំង​២​នេះ បច្ចុប្បន្ន​នៅ​ក្នុង​មូលដ្ឋាន ខណ្ឌទួលគោក មាន​រោង​ភាពយន្ត​ឯកជន​មួយទៀត នៅ​ក្នុង​ផ្សារ​TK ស្ថិត​ក្នុង​សង្កាត់​បឹង​កក់​ទី​១ បាន​និង​កំពុង​ដំណើរការ ខណៈ​ពេល​ដែល​រោង​ភាពយន្ត ធំ​ៗ​របស់​រដ្ឋ​បាន​រលាយ​រូប​បាត់​អស់​ទៅ ។ ចំពោះ​ខណ្ឌ​ព្រែក​ព្នៅ​, ឫស្សី​កែវ សែន​សុខ និង​ខណ្ឌ​ជ្រោយចង្វា ជា​ខណ្ឌ​នៅ​ជាយក្រុង ដែល​ពី​មុន​ជា​ព្រៃ​ជា​បឹង ពុំ​មាន​រោង​ភាពយន្ត​ឡើយ ។ គេ​នៅ​ចាំ​បាន​ថា នៅ​មាន​រោង​ភាពយន្ត​មួយទៀត​ស្ថិត​លើ​កំណាត់​មហាវិថី​ព្រះ​មុនី​រ៉េ​ត គឺ​រោង​ភាព​«​ប្រាសាទ​មាស​» ជា​រោង​ភាពយន្ត​ខ្នាត​តូច និង​បញ្ចាំង​តែ​រឿង ចាស់​ៗ២​រឿង​ក្នុង​ពេល​តែ​មួយ ។

រោង​ភាពយន្ត​នៅ​ភូមិសាស្ត្រ​ខណ្ឌដូនពេញ ៖ រោង​ភាពយន្ត​ដែល​ធ្លាប់​មាន​វត្តមាន​ក្នុងភូមិ​សាស្ត្រ​ខណ្ឌ​ដូនពេញ កាលពី​ទសវត្សរ៍​ទី​៦០ ទី​៧០ និង​៨០ ក្នុង​សម័យ​សង្គមរាស្ត្រនិយម សាធារណរដ្ឋ​ខ្មែរ និង​រដ្ឋ​កម្ពុជា​មាន ៖

១-​រោង​ភាពយន្ត​«​វិមាន​ទិព្វ​»​ស្ថិត​នៅ​តាម​បណ្តោយ​មហាវិថី​ព្រះ​មុនី​វង្ស សង្កាត់​បឹង​រាំង ខណ្ឌដូនពេញ​បច្ចុប្បន្ន​ក្លាយជា​ភោជនីយដ្ឋាន​TOUS LES JOURS ។ ទី​២-​រោង​ភាពយន្ត​ហី​ចិន​គឹ​ម ភុង ស្ថិត​នៅ​ផ្លូវ​លេខ​៨១ សង្កាត់​ផ្សារ​ថ្មី​២ ខណ្ឌដូនពេញ បច្ចុប្បន្ន​ក្លាយជា​ផ្ទះល្វែង ។ ទី​៣-​រោង​ភាពយន្ត​«​ខេមរា​» ស្ថិត​នៅ​ផ្លូវ​លេខ​១៧ សង្កាត់​ផ្សារ​កណ្តាល​១ ខណ្ឌដូនពេញ បច្ចុប្បន្ន​ក្លាយជា​ផ្ទះសំណាក់ ។ ទី​៤-​រោង​ភាពយន្ត​«​ទ្រុង​កុក​» ស្ថិត​នៅ​ផ្លូវ​លេខ​១៩ សង្កាត់​ផ្សារ​កណ្តាល​១ ខណ្ឌដូនពេញ បច្ចុប្បន្ន​ក្លាយជា​ផ្ទះល្វែង ។

ទី​៥-​រោង​ភាពយន្ត​ម៉ា​ហ្សេ​ស្ទិ​ក ស្ថិត​នៅ​ផ្លូវ​លេខ​១៥ សង្កាត់​ផ្សារ​កណ្តាល​២ ខណ្ឌដូនពេញ បច្ចុប្បន្ន​ក្លាយជា​សណ្ឋាគារ ។ ទី​៦-​រោង​ភាពយន្ត​«​កា​សុ​ី​ណូ​» នៅ​ផ្លូវ​លេខ​១៤៤ សង្កាត់​ផ្សារ​កណ្តាល​២ ខណ្ឌដូនពេញ បច្ចុប្បន្ន​ក្លាយជា​ខារ៉ាអូខេ ។ ទី​៧-​រោង​ភាពយន្ត​គឹ​ម សឺ​ុ​ង ស្ថិត​នៅ​ផ្លូវ​លេខ​១៤៤ សង្កាត់​ផ្សារ​កណ្តាល​២ ខណ្ឌដូនពេញ បច្ចុប្បន្ន​ក្លាយជា​ផ្ទះ​មិន​រៀបរយ ។ ទី​៨-​រោង​ភាពយន្ត​«​លុ​ច្ស​»​ស្ថិត​នៅ​វិ​ថី​ព្រះ​នរោត្តម សង្កាត់​ផ្សារ​កណ្តាល​២ ខណ្ឌដូនពេញ រោង​ភាពយន្ត​នេះ​នៅ​រក្សា​រូបរាង​របស់​ខ្លួន​យ៉ាង​ល្អ តែ​បច្ចុប្បន្ន​ក៏​កំពុង​មានការ​ប្រែប្រួល​ដែរ ក្រោយ​ពី​មិន​ដំណើរការ​បញ្ចាំង​តទៅ​ទៀត​នោះ ។

ទី​៩-​រោង​ភាពយន្ត​«​កា​ពី​តូ​ល​»​ស្ថិត​នៅ​ផ្លូវ​លេខ​១៩ សង្កាត់​ផ្សារ​កណ្តាល​២ ខណ្ឌដូនពេញ ក្លាយជា​សំណង់​​ឯកជន ។ ទី​១០-​រោង​ភាពយន្ត​«​ហា​វ៉ៃ​» ស្ថិត​នៅ​ផ្លូវ​លេខ​១៣០ សង្កាត់​ផ្សារ​ថ្មី​១ ខណ្ឌដូនពេញ​បច្ចុប្បន្ន​ក្លាយជា​សណ្ឋាគារ ។

ទី​១១-​រោង​ភាពយន្ត​សូ​រិ​យា ស្ថិត​នៅ​ផ្លូវ​លេខ​២១៧ សង្កាត់​ផ្សារ​ថ្មី​២ ខណ្ឌ​ដូនពេញ​បច្ចុប្បន្ន​ក្លាយជា​ភោជនីយដ្ឋាន​សូ​រិ​យា ជា​អនុស្សាវរីយ៍​សម្រាប់​រោង​ភាព​នេះ​គឺ​ពលរដ្ឋ​ខ្មែរ​ដែល​មាន​វ័យ​ចំណាស់​បានដឹង​ឮ គ្រប់​ៗ​គ្នា ថា​ជា​រោង​ភាពយន្ត​បញ្ចាំង​តែ «​កុន​ខ្លឹ​ង » គឺ​ភាពយន្ត​ឥណ្ឌា ។ ទី​១២-​រោង​ភាយ​ន្ត​«​តារា​» ស្ថិត​នៅ​ផ្លូវ​លេខ​១៩​កែង​១៧៨ សង្កាត់​ជ័យ​ជំនះ ខណ្ឌដូនពេញ​ក្លាយជា​សំណង់​ឯកជន ។

ទី​១៣-​រោង​ភាពយន្ត​«​ហែម​ជាតិ​» ស្ថិត​នៅ​ផ្លូវ​លេខ​១៣០​សង្កាត់​ផ្សារ​ចាស់ ខណ្ឌដូនពេញ​បច្ចុប្បន្ន​ក្លាយ​ជា​ជម្រក​ប្រជាជន​ស្នាក់​នៅ ។ ទី​១៤-​រោង​ភាពយន្ត​«​អេ​ដែន​» ស្ថិត​នៅ​ផ្លូវ​លេខ​១៣០ សង្កាត់​ផ្សារ​ចាស់ ខណ្ឌដូនពេញ​បច្ចុប្បន្ន​ក្លាយជា​ធនាគារ ។ ទី​១៥-​រោង​ភាពយន្ត​«​ព្រហ្ម​បាយ័ន​» ស្ថិត​នៅ​ផ្លូវ​លេខ​១៥៤ សង្កាត់​ជ័យ​ជំនះ ខណ្ឌដូនពេញ បច្ចុប្បន្ន​បិទទ្វារ ។ ១៦-​រោង​ភាព​ភ្នំពេញ​ស្ថិត​នៅ​លេខ​១១៨​កែង​១៩​សង្កាត់​ផ្សារ​ចាស់ ខណ្ឌ​ដូ​ពេញ​បាន​ក្លាយជា​សំណង់​ឯកជន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ