ហូជីមិញ៖ ការលក់សាច់ជ្រូកនៅផ្សារទំនើបនិងហាងលក់ម្ហូបអាហារ បានកើនឡើងយ៉ាងខ្លាំង នៅពេលអតិថិជនកាន់តែច្រើនឡើងៗ ជ្រើសរើសយកសាច់ជ្រូក ដែលមានប្រភពច្បាស់លាស់ ដោយសារតែការផ្ទុះជំងឺគ្រុនផ្តាសាយជ្រូកអាហ្វ្រិក។
យោងតាមអ្នកលក់រាយបានឱ្យដឹងថា ការផ្សព្វផ្សាយព័ត៌មានអំពីជំងឺនេះធ្វើឱ្យអតិថិជនមានការព្រួយបារម្ភដោយសារសាច់ជ្រូកគឺជាអាហារសំខាន់។ អ្នកនាំពាក្យរបស់ក្រុមហ៊ុន Saigon Union (Saigon Co.op) បាននិយាយថា ការលក់សាច់ជ្រូកនៅក្នុងប្រព័ន្ធលក់រាយរបស់ខ្លួន រួមមានក្រុមហ៊ុន Co.opmart, ក្រុមហ៊ុន Co.opXtra និង ក្រុមហ៊ុន Co.op Food នៅទូទាំងប្រទេសបានកើនឡើងជាមធ្យម ២០% ចាប់តាំងពីការផ្ទុះនៃជំងឺគ្រុនផ្តាសាយជ្រូកអាហ្វ្រិក។
ក្រុមហ៊ុននេះបានឱ្យដឹងថា ពួកគេកំពុងលក់ជ្រូកបានពីចន្លោះ ៤៥ទៅ៥០តោន ក្នុងមួយថ្ងៃៗពេលថ្ងៃធម្មតា។ តែបើនៅថ្ងៃចុងសប្តាហ៍វិញ គេលក់បានពី ៦០ទៅ៧០តោន។ លោក Anh Thy អ្នកលក់ដូរម្នាក់នៅហាង Vissan នៅជិតផ្សារ Thi Ngê នៅស្រុក Binh Thanh ក្រុងហូជីមិញ បានប្រាប់សារព័ត៌មានវៀតណាមថា ការលក់សាច់ជ្រូកបានកើនឡើងគួរឱ្យកត់សម្គាល់ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ហើយតម្លៃនៅមានភាពសមរម្យនៅឡើយទេ។
អគ្គនាយកដ្ឋានវេជ្ជសាស្ត្រការពារបានថ្លែងថា សាច់ជ្រូកដែលមានសុខភាពល្អនិងមានសុវត្ថិភាព នឹងមានពណ៌ក្រហមធម្មជាតិ ជាតិខ្លាញ់ភាពរលោង និង គ្មានជាតិវិទ្យុសកម្មទេ ខណៈពេលដែលសាច់ដែលឆ្លងមេរោគនឹងមានស្អិតនិងមានពណ៌ខុសធម្មតា ដូចជាពណ៌ប្រផេះ ឬ ពណ៌ក្រហមក្រម៉ៅជាដើម អាចមានស្នាមអុច និង គ្មានភាពទន់បត់បែនបាន។
លោក Pham Khánh Phong Lan ប្រធានក្រុមប្រឹក្សាគ្រប់គ្រងសុវត្ថិភាពចំណីអាហារនៅទីក្រុងហូជីមិញ បានមានប្រសាសន៍ថា ទោះបីជាជំងឺគ្រុនជ្រូកអាហ្វ្រិកមិនឆ្លងរាលដាលដល់មនុស្សក៏ដោយ ក៏ប្រជាជនគួរតែទិញសាច់ជ្រូកជាមួយប្រភពដើម ដែលអាចទុកចិត្តបានដូចជាផ្សារទំនើបជាដើម៕
ចែករំលែកព័តមាននេះ