ការលេចឡើងនូវសរសៃឈាមក្រហមលើផ្នែកពណ៌សនៃភ្នែកបណ្ដាលមកពីមូលហេតុជាច្រើន ផ្សេងៗពីគ្នាដូចជា កង្វះនៃការគេង,ភាពអស់កម្លាំង, ភាពស្ងួតនៃភ្នែក, ការប៉ះនឹងជាតិពុល ក៏ដូចជាការរលាក, អាលែកហ្ស៊ី, ឆ្លងមេរោគ និងការប៉ះទង្គិចខ្លាំងណាមួយ។ អ្នកជំនាញផ្នែកភ្នែកជាច្រើននិយាយថា សរសៃឈាមក្រហមនៅក្នុងភ្នែកអាចលេចឡើងដោយសារបញ្ហាវេជ្ជសាស្ត្រមួយចំនួនផងដែរ ហើយប៉ុន្មានក្នុងចំណោមនោះ គឺជំងឺភ្នែកក្រហម, ជំងឺភ្នែក blepharitis, ជំងឺដំបៅកញ្ចក់ភ្នែក, ជំងឺទឹកដក់ក្នុងភ្នែក, ជំងឺភ្នែក iritis និង Grave’s disease ។
ប្រសិនបើការឡើងសរសៃឈាមក្រហមក្នុងភ្នែករបស់អ្នកបណ្ដាលមកពីជំងឺនេះ ការព្យាបាលជាមួយគ្រូពេទ្យជំនាញទើបមានប្រសិទ្ធភាព ។ ប៉ុន្តែប្រសិនបើគ្រូពេទ្យភ្នែកនិយាយថា បញ្ហានៃការឡើងសរសៃឈាមក្រហមក្នុងភ្នែករបស់អ្នកមិនមែនបណ្ដាលមកពីជំងឺណាមួយដូចបានរៀបរាប់ទេនោះ កុំបារម្ភ ! ក៏ព្រោះសរសៃឈាមទាំងនោះអាចដោះស្រាយបានយ៉ាងងាយជាមួយរូបមន្តបែបធម្មជាតិមួយចំនួន ។
សូមបង្ហាញឱ្យដឹងពីរូបមន្តបែបធម្មជាតិព្យាបាលអាការឡើងសរសៃឈាមក្រហមក្នុងភ្នែក ៖
ដោះស្រាយបញ្ហាឡើងសរសៃក្រហមក្នុងភ្នែក ជាមួយរូបមន្តបែបធម្មជាតិ ងាយៗទាំងនេះ៖
១. ស្អំត្រជាក់ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែជ្រលក់កន្សែងស្អាតតូចមួយក្នុងទឹកត្រជាក់ រួចពូតទឹកចេញ ហើយបត់ដាក់ស្អំលើភ្នែកជាការស្រេច។ អនុវត្តម្ដងទៀតប្រសិនបើចាំបាច់។ អ្នកក៏អាចបិតបន្ទះត្រសក់លើភ្នែកទាំងសងខាងផងដែរ។ ការស្អំស្លាបព្រាត្រជាក់ក៏មានប្រសិទ្ធភពខ្ពស់ដូចគ្នា ដោយអ្នកគ្រាន់តែយកស្លាបព្រាចំនួន៤ក្នុងទឹកកកត្រជាក់១កែវ ឬក្នុងទូទឹកកក ហើយរង់ចាំសម្រាប់រយៈពេលប៉ុន្មាននាទី រហូតដល់ស្លាបព្រាត្រជាក់សិន សឹមយកស្លាបព្រាមួយគូមកដាក់ភ្នែកដែលកំពុងបិទ ។ នៅពេលស្លាបព្រាអស់ភាពត្រជាក់ហើយនោះ ចូរប្ដូរយកមួយគូទៀតមកដាក់ជាការស្រេច ។
២. កញ្ចប់តែ តូចៗ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែយកកញ្ចប់តែ តូចៗចំនួន២ទៅឆុងក្នុងទឹកក្ដៅ ឧណ្ហៗចំនួនកន្លះពែងសម្រាប់រយៈពេល២ទៅ៣នាទី បន្ទាប់មកយកពែងតែទៅដាក់ក្នុងទូរទឹកកកឱ្យត្រជាក់។ នៅពេលត្រជាក់ហើយនោះ ចូរគេងបិទភ្នែកហើយដាក់កញ្ចប់តែពីលើជាការស្រេច។ រូបមន្តនេះសក្តិសមបំផុតសម្រាប់ភ្នែកអាឡែកស៊ី ឬឆ្លងមេរោគ ។ ៣.ទឹកប្រទាលកន្ទុយក្រពើស្រស់ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយទឹកប្រទាលកន្ទុយក្រពើស្រស់ជាមួយទឹកឆ្អិនក្នុងបរិមាណស្មើគ្នា ។ កូរឱ្យសព្វសឹមជ្រលក់បន្ទះសម្លីមួយគូក្នុងទឹកល្បាយ រួចយកមកស្អំលើភ្នែកទាំងសងខាងសម្រាប់រយៈពេលប៉ុន្មាននាទីជាការស្រេច ។
៤. ទឹកខ្មេះផ្លែប៉ោម អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយទឹកខ្មេះផ្លែប៉ោម១ ស្លាបព្រាកាហ្វេជាមួយទឹកឆ្អិន១ពែង។ កូរឱ្យសព្វសឹមប្រើវាជាទឹកលាងសម្អាតភ្នែក។ ចូរអនុវត្តឱ្យបាន៣ ដងក្នុងមួយថ្ងៃដើម្បីទទួលបានលទ្ធផលឆាប់រហ័ស ។ ៥. ស្អំដំឡូងបារាំង អ្វីដែលអ្នកត្រូវធ្វើ គឺដាក់ដំឡូងបារាំងក្នុងទូទឹកកកឱ្យត្រជាក់ ហើយកោសដំឡូងបារាំងជាចំណិត តូចៗ រួចសឹមដាក់ស្អំភ្លាមលើភ្នែក។ លាងសម្អាតចេញជាមួយទឹកធម្មតាក្រោយរយៈពេលប្រមាណពី២ទៅ៣នាទី ។ រូបមន្តនេះសក្តិសមបំផុតសម្រាប់បញ្ហាឡើងសរសៃក្រហមក្នុងភ្នែក ដោយសារការគេងមិនគ្រប់ ។ ចំណុចគួរប្រុងប្រយ័ត្ន ៖ ប្រសិនបើបញ្ហាមិនព្រមបាត់ទៅវិញក្នុងរយៈពេលប៉ុន្មានម៉ោង ឬពី ២ទៅ៣ថ្ងៃ ក្រោយអនុវត្តរូបមន្តធម្មជាតិណាមួយដូចបានណែនាំនោះ ហើយជាពិសេសប្រសិនបើមានភាពមិនប្រក្រតីពាកព័ន្ធនឹងការមើលឃើញ ចូរប្រញាប់ទៅជួបពិនិត្យជាមួយពេទ្យភ្នែកភ្លាម (ស្រង់ពីគេហទំព័រសុខភាព) ៕
ចែករំលែកព័តមាននេះ