ខេត្តបាត់ដំបង ៖ រថយន្តដឹកអ្នកដំណើររបស់ក្រុមហ៊ុនវីរ: ប៊ុនថាំ បានបុកបុរសម្នាក់ស្លាប់ ខណ:គាត់រត់ទៅឈរកណ្ដាលថ្នល់ កាលពីវេលាម៉ោង១១ និង៣០នាទីយប់ថ្ងៃទី១១មិនា លើផ្លូវជាតិលេខ៥ ត្រង់ចំណុចភូមិថ្នល់បត់ ឃុំឫស្សីក្រាំង ស្រុកមោងប្ញស្សី ។
សមត្ថកិច្ចបាននិយាយថា គេនៅមិនទាន់ស្គាល់អត្តសញ្ញាណបុរសនោះនៅឡើយទេ តែបុរសនេះ មានម៉ូតូ១គ្រឿងនៅក្បែរនោះ ម៉ាកហុងដាឌ្រីមពាក់ស្លាកលេខពោធិ៍សាត់1D-6539 ។ ដោយឡែក រថយន្តដែលបុកជនរងគ្រោះជារបស់ក្រុមហ៊ុនវីរៈ ប៊ុនថាំ ពាក់ស្លាកលេខ ភ្នំពេញ3A.8826 ធ្វើដំណើរពីបាត់ដំបង ទៅភ្នំពេញ ហើយបានបុកជនរងគ្រោះ ដែលកំពុងឈរនៅលើផ្លូវដែលទុកម៉ូតូនៅខាងក្រោមផ្លូវ ។
បើតាមសមត្ថកិច្ចថា ម៉ូតូទំនងមិនមែនជារបស់ខ្លួនទេ (ជនរងគ្រោះ) ព្រោះគ្មានសោម៉ូតូឡើយ ។ គេសង្ស័យជននេះ លួចអូសម៉ូតូគេពីណាមក ហើយជននេះ ក៏ដូចជាមិនគ្រប់ទឹកដែរ ។ សមត្ថកិច្ចបានឲ្យដឹងទៀតថា ជននេះ បានអូសម៉ូតូមកដល់ចំណុចខាងលើ ក៏ទុកម៉ូតូចោលហើយរត់ឡើងលើផ្លូវជាតិ ស្របពេលរថយន្តខាងលើ បើកមកដល់ក៏បុកពេញទំហឹងបណ្ដាលឲ្យស្លាប់ភ្លាមៗតែម្ដង។
ក្រោយកើតហេតុ សមត្ថកិច្ចបានដឹកសាកសពយកទៅតំកល់ទុកនៅវត្តស្វាយប្រហោង ដែលនៅក្បែរនោះ រីឯរថយន្តនិងម៉ូតូយកមករក្សាទុកបណ្ដោះអាសន្ននៅប៉ុស្ដិ៍រដ្ឋបាលប្ញស្សីក្រាំង ដើម្បីចាត់ការតាមនីតិវិធី។ ប៉ុន្តែយ៉ាងណា មន្ត្រីជំនាញកំពុងបន្តស្រាវជ្រាវសាវតាជនរងគ្រោះ និងម៉ូតូ ។ ព្រោះគេកំពុងសង្ស័យជនរងគ្រោះជាមនុស្សមានសតិមិនប្រក្រតី រីឯម៉ូតូទំនងក៏មិនមែនជារបស់ខ្លួនដែរ ព្រោះម៉ូតូនោះគ្មានសោរ ហើយជនរងគ្រោះដើរអូស តែគេមិនទាន់ដឹងអូសមកពីណា តែពេលនេះមន្ត្រីជំនាញកំពុងធ្វើការស្រាវជ្រាវបន្ត។
ចែករំលែកព័តមាននេះ