រាជធានីភ្នំពេញ ៖ ស្ត្រីម្នាក់ដើរចូលផ្សារស្រាប់តែមានអាការៈមិនស្រួលខ្លួន ព្រមទាំងយកដៃរឹតទ្រូង និងស្រែកថាចង់ស្ទះ ហើយត្រូវបានអ្នកដំណើរប្រុងនាំទៅពេទ្យ លុះពេលដើរជិតដល់ពេទ្យ ស្រាប់តែស្ត្រីរងគ្រោះប្រះខ្លួនដេកនៅលេីគ្រែក្នុងផ្សារក្រមួនឫស្សីកែវ និងស្រែកអូយៗប្រមាណ១០នាទីក៏ស្លាប់បាត់តែម្តង ។
ហេតុការណ៍ខាងលើនេះបង្កឲ្យមានការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង៤ទៀបភ្លឺថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩ នៅលេីគ្រែក្នុងផ្សារតាមចិញ្ចឹម ក្នុងសង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
ជនរងគ្រោះដែលស្លាប់ឈ្មោះយ៉ែម ឡាប ភេទស្រី អាយុ៦៤ឆ្នាំ មុខរបរកោសខ្យល់ និងចាប់សរសៃ ស្នាក់នៅក្បែកន្លែងកើតហេតុ និងមានស្រុកកំណើតភូមិឃ្លាំងមឿងជេីង ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្តាល ខេត្តកណ្ដាល។
តាមប្រភពពីអ្នកនៅក្នុងផ្សារបានឲ្យដឹងថា នៅមុនពេលកេីតហេតុ ស្ត្រីរងគ្រោះខាងលើបានចូលផ្សារដោយមានអាការៈមិនស្រួលខ្លួន ព្រមទាំងយកដៃរឹតទ្រូង និងស្រែកថាចង់ស្ទះ ហើយចាប់ខ្យល់ដោយខ្លួនឯង ។ ភ្លាមៗនោះអ្នកដំណើរជួយចាប់ខ្យល់ និងប្រុងនាំទៅពេទ្យនៅម្ខាងផ្លូវ លុះពេលដើរជិតដល់ពេទ្យទៅហើយ ស្រាប់តែស្ត្រីរងគ្រោះប្រះខ្លួនដេកនៅលេីគ្រែក្នុងផ្សារក្រមួន ដោយស្រែកអូយៗបានប្រមាណ១០នាទី ក៏បានដាច់ខ្យល់ស្លាប់បាត់តែម្តង។
បេីតាមប្រភពពីកូនស្រីរបស់ស្ត្រីរងគ្រោះបានប្រាប់សមត្ថកិច្ចថា ម្តាយរបស់គាត់មានជំងឺបេះដូងអស់រយៈពេល៤ឆ្នាំមកហេីយ។
បន្ទាប់ពីពិនិត្យសពជនរងគ្រោះខាងលើរួចមក សមត្ថកិច្ចជំនាញបានឲ្យដឹងថា ស្ត្រីរងគ្រោះបានស្លាប់ដោយសារគាំងបេះដូង និងបានប្រគល់សពឲ្យកូនស្រីយកទៅធ្វេីបុណ្យតាមប្រពៃណីនៅឯស្រុកកំណេីត៕
ចែករំលែកព័តមាននេះ