ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខេត្តសៀមរាប​ប្រារព្ធ​ទិវា​នារី​អន្តរជាតិ ៨​មីនា ២០១៩

5 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប​ ៖ ​នា​ថ្ងៃ​ទី​៧ ខែមីនា​ ឆ្នាំ​២០១៩ នៅ​មហោស្រព​អាណាចក្រ​អង្គរ ខេត្តសៀមរាប មាន​រៀបចំ​ខួប​លើក​ទី​១០៨ ទិវា​នារី​អន្តរជាតិ ៨​មិ​នា…

ខេត្តសៀមរាប​ ៖ ​នា​ថ្ងៃ​ទី​៧ ខែមីនា​ ឆ្នាំ​២០១៩ នៅ​មហោស្រព​អាណាចក្រ​អង្គរ ខេត្តសៀមរាប មាន​រៀបចំ​ខួប​លើក​ទី​១០៨ ទិវា​នារី​អន្តរជាតិ ៨​មិ​នា ឆ្នាំ​២០១៩ ដែល​បាន​រៀបចំ​ឡើង ក្រោម​ប្រធានបទ
( លើកកម្ពស់​សមភាព​យេ​ន​ឌ័​រ និង​ការ​គាំពារ​សង្គម ដើម្បី​អភិវឌ្ឍន៍​ធនធានមនុស្ស​) ក្រោម​វត្តមាន លោក ទៀ សីហា អភិបាល​នៃ​គណៈ​អភិបាលខេត្ត និង​លោក​ជំទាវ ដោយ​មានការ​ចូលរួម​ពី​សំណាក់​លោក លោក​ឧកញ៉ា លោក​ជំទាវ អស់លោក លោកស្រី​ជា​ដឹកនាំ​មន្ទីរ អង្គភាព និង​អាជ្ញាធរ ក្រុង ស្រុក បងប្អូន​មន្ត្រីរាជការ​ជានា​រី​សរុប​ចំនួន​១៣០០​នាក់​ចូលរួម ។

បន្ទាប់​ពី​កិច្ច​ស្វាគមន៍ និង​សេចក្តីរាយការណ៍​របស់​លោកស្រី ហិញ ហាច ប្រធាន​មន្ទីរ​កិច្ចការ​នារី​ខេត្ត និង លោក​ជំទាវ យូ សុភា អភិបាលរង​ខេត្ត បាន​អាន​ព្រះរាជ​សារ សម្តេចព្រះ​មហាក្សត្រី នរោត្តម មុនីនាថ​
សី​ហ​នុ ព្រះ​វរ​​រាជមាតា​ជាតិខ្មែរ ក្នុង​សេរី​ភា​ព សេច​ក្តិ​ថ្លៃថ្នូរ និង​សុភមង្គល​រួម​មក លោក ទៀ សីហា អភិបាលខេត្ត​សៀមរាប បានមាន​ប្រសាសន៍​​ដាក់​ចេញ​នូវ​គោលការណ៍​សម្រាប់​សមត្ថកិច្ច​ដែល​ពាក់ព័ន្ធ យកចិត្តទុកដាក់​ចំពោះ​ស្ត្រី​កំពុង​ជាប់​ក្នុង​ពន្ធនាគារ ​និង​បាន​ដាក់​ចេញ​នូវ​បម្រាម​ដាច់ខាត​មិន​ឲ្យ​មានការ​សម្របសម្រួល​សុំ​សម្រាលទោស​ចំពោះ​ជន​ណា​ដែល​ប្រព្រឹត្តិ​អំពើ​រំលោភ​សេពសន្ថវៈ​លើ​អនីតិជនឡើយ ​។​

អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​យកចិត្តទុកដាក់​ជា​ខ្លាំង​ចំពោះ​ស្ត្រី​ជា​ទណ្ឌិត ដែល​កំពុង​ជាប់​ក្នុង​ពន្ធនាគារ ដោយ​សម្តេច​បាន​ឲ្យ​សមត្ថកិច្ច​-​ស្ថាប័ន​ពាក់ព័ន្ធ ត្រូវ​សិក្សា​អំពី​ការ​ស្នើ​សុំ​បន្ធូរ​បន្ថយទោស​ដល់​ទណ្ឌិត​ជា​ស្ត្រី​ផង​ដែរ ។

លោក​ក៏​បាន​កោតសរសើរ​ដល់​ថ្នាក់ដឹកនាំ​មន្ទីរ ស្ថាប័ន អង្គភាព ក្រុង ស្រុក ដែល​បាន​រួម​គ្នា​ប្រារ​ព្វ​ពិធី ខួប​លើក​ទី​១០៨ ទិវា​នារី​អន្តរជាតិ ៨ មីនា ឆ្នាំ ២០១៩​នេះ​ឡើង ព្រមទាំង​បាន​ប្រារ​ព្វ​ធ្វើ​ឡើងជា​រៀង​រាល់​ឆ្នាំ ហើយ​ក៏​មិនមែន​បាន​សេចក្តី​ថា សិទ្ធ​នារី​តែ​មួយ​ថ្ងៃ​នោះ​ទេ ដូច្នេះ​រាជរដ្ឋាភិបាល​ក៏​បាន​ត្រូវ​យកចិត្តទុកដាក់​លើ​ស្ត្រី ហើយ​ស្ត្រី​បាន​ដើរតួ​នាទី​ស្មើរ​នឹង​បុរស​ក្នុង​កិច្ចការ​អភិវឌ្ឍន៍​សង្គម និង​ប្រទេស​ជាតិ ត្រូវ​បាន​ស្ត្រី​ចូលរួម​គ្រប់​សកម្មភាព​ជាមួយ​បុរស ។

លោកអភិបាលខេត្ត​សៀមរាប​ក៏​បាន​លើក​ឡើង​នៅ​ក្នុង​ឱកាស​ប្រារព្ធ​ពិធី​អបអរសាទរ ខួប​លើក​ទី​១០៨ ទិវា​នារី​អន្តរជាតិ ៨​មីនា ឆ្នាំ​២០១៩ ដោយ​បាន​បញ្ជាក់​ថា គ្រប់​អង្គភាព​-​ស្ថាប័ន​សមត្ថកិច្ច​ជំនាញ​ដែល​ពាក់ព័ន្ធ​ត្រូវ​អនុវត្ត​នូវ​អនុសាសន៍​ដ៏​ថ្លៃថ្លា​របស់​ប្រមុខ​រាជរដ្ឋាភិបាល ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់ និង ទាន់​ពេលវេលា ។ លោក បាន​លើក​ឡើង​បន្ថែម​នៅ​ក្នុង​ពិធី​នោះ​ថា ស្ត្រី​ជា​មាតា​ដែល​ត្រូវ​បាន​ទទួលទោស​ទណ្ឌ ពិតជា​មាន​អារម្មណ៍​ខ្លោចផ្សារ​ណាស់ ចំពោះ​កូន​តូច​របស់​ខ្លួនដែល​ជាប់​នៅ​ជាមួយ​ទាំង​រូបគេ​ពុំ​មានទោស​កំហុស​អ្វី​សោះឡើយ​។

​លោក ទៀ សីហា ក៏​បាន​បង្ហាញ​ឲ្យ​ដឹងផង​ដែរ​ថា ឯកសារ​ការ​ប៉ាន់​ប្រមាណ​អំពី​យេ​ន​ឌ័​រ​នៅ​កម្ពុជា ដែល​បាន​ដាក់​បញ្ចូល​ផង​ដែរ នូវ​បញ្ហា​របស់​ស្ត្រី​ទៅ​ក្នុង​ក្រុម​នៃ​ជន​ងាយ​រង​គ្រោះ នៃ​ផែនការ​ជាតិ ស្តី​ពី​ការ​ទប់ស្កាត់​អំពើ​ហឹ​ង្សា​លើ​ស្ត្រី​លើក​ទី​៣ ( ២០១៩-២០២៣ ) ។ លោក​បាន​បញ្ជាក់​ទៀត​ថា ដូច្នេះ​នៅ​ថ្នាក់​ក្រោម​ជាតិ ត្រូវ​ផ្តល់​សេវា និង រួម​គ្នា​ទប់ស្កាត់​អំពើ​ហឹ​ង្សា​លើ​ស្ត្រី​និង​ក្មេង​ស្ត្រី រួម​ទាំង​ការ​រំលោភ​សេពសន្ថវៈ​និង​ការ​បៀតបៀន​ផ្លូវភេទ ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់​។​

លោក​ក៏​បាន​គូសបញ្ជាក់​ថា ដោយ​យោង​តាម​របាយការណ៍​របស់​មន្ទីរ​សុខាភិបាល​ខេត្តសៀមរាប កាលពី​ថ្ងៃ​ទី​៦ ខែ មីនា ឆ្នាំ​២០១៨​កន្លង​ទៅ បាន​ឲ្យ​ដឹង​ថា មាន​បទល្មើស​រំលោភ​សេពសន្ថវៈ បាន​កើត​ឡើងជា​មធ្យម​ចំនួន​៣​ករណី​ជា​រៀងរាល់ថ្ងៃ​នៅ​ក្នុង​ខេត្តសៀមរាប ហើយ​ជន​រង​គ្រោះ​ទាំងនោះ​មួយ​ចំនួន​ជា​ក្មេង​ស្រី​មាន​អាយុ​ក្រោម​១៥​ឆ្នាំ​នោះ ។

​លោក ទៀ សីហា បាន​ដាក់​បំរាម​យ៉ាង​ម៉ឹង​ម៉ាត់ ចំពោះ​អាជ្ញាធរ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ មិន​ត្រូវ​ឲ្យ​មានការ​សម្របសម្រួល ឬ​សុំ​សម្រាលទោស​ចំពោះ​ជន​ណា​ដែល​បាន​ប្រព្រឹត្ត​អំពើ​រំលោភ​សេពសន្ថវៈ លើ​អនីតិជន​ជា​ដាច់ខាត ​។ ​លោក​អភិបាលខេត្ត ហៅ​ជន​ដែល​បាន​ប្រព្រឹត្ត​អំពើ​អាណា​ចារ​ទាំងនោះ ថា​ជា​សត្វ មិនមែន​ជា​មនុស្ស​នោះ​ទេ មិន​ត្រូវ​លើកលែងទោស​ឲ្យ​ជា​ដាច់ខាត ។

ក្នុង​គោលនយោបាយ​លើកកម្ពស់​សមភាព​យេ​ន​ឌ័​រ ការ​ទប់ស្កាត់​អំពើ​ហឹ​ង្សា​លើ​ស្ត្រី ការ​លុប​បំបាត់​អំពើ​កេង​ប្រ​វ័​ញ្ជ​ជួញដូរ​និង​រំលោភ​ផ្លូវភេទ រាជរដ្ឋាភិបាល​ម្ពុ​ជា បាន​ជម្រុញ​ឲ្យ​គ្រប់​បណ្តា​អង្គភាព​-​ស្ថាប័ន ចូលរួម​គាំទ្រ សំដៅ​លើកកម្ពស់​ភាព​អង់អាច​របស់​ស្ត្រី​និង​ក្មេង​ស្រី ដើម្បី​ធ្វើ​ឲ្យ​ប្រសើរ​ឡើង នូវ​ការ​អភិវឌ្ឍ​ជីវភាព​សេដ្ឋកិច្ច​គ្រួសារ និង សង្គម​ជាតិ​។​សមភាព​យេ​ន​ឌ័​រ ការ​ពង្រឹង​ភាព​អង់អាច​ដល់​ស្ត្រី និង ការ​ផ្តល់​សេវា​គាំពារ​សង្គម គឺជា​កត្តាចាំបាច់​បំផុត ដើម្បី​ធានា​បាន​នូវ​ដំណើរការ​សង្គម ប្រកបដោយ​សុខដុមរមនា ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ