ខេត្តរតនគិរី ៖ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ កាលពីរសៀលទី៦ មីនា ដឹកនាំគណៈប្រតិភូក្រសួងការពារជាតិចុះត្រួតពិនិត្យបង្គោលព្រំដែនលេខ២៩, លេខ៣០ (ច្រកទ្វារអន្តរជាតិអូរយ៉ាដាវ) និងសួរសុខទុក្ខកម្លាំងការពារព្រំដែនចំនួន២៥០នាក់ ស្ថិតនៅទីបញ្ជាការវរសេនាតូចការពារព្រំដែនលេខ១០២ ក្នុងភូមិប៉ក់ញ៉ៃ ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។ ក្នុងឱកាសនោះ សម្ដេចពិជ័យសេនា ទៀ បាញ់ បានពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសម្តេចអគ្គមហាសេនាបតី
តេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រិទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលជានិច្ចកាល សម្ដេចតែងតែបានយកចិត្តទុកដាក់ ចំពោះសុខទុក្ខរបស់កងកម្លាំងប្រដាប់អាវុធឈរជើងនៅជួរមុខ ។
សម្ដេចពិជ័យសេនា ទៀ បាញ់ ក៏បានថ្លែងនូវការកោតសរសើរចំពោះគំរូវីរភាពរបស់កងកំម្លាំងទាំងអស់ជាពិសេសកងកំលាំងប្រដាប់អាវុធ ដែលបានខិតខំបំពេញ កាតព្វកិច្ច បំរើជាតិមាតុភូមិប្រកបដោយទំនួល ខុសត្រូវខ្ពស់ ចំពោះការការពារបូរណៈភាពទឹកដី នៅតាមបន្ទាត់ព្រំដែន។
សម្ដេចពិជ័យសេនា ក៏បានសំណូមពរដល់សមត្ថកិច្ចដែលកំពុងឈរជើង នៅតាមបន្ទាត់ព្រំដែនទាំងអស់ ត្រូវតែបន្តបង្កើនកិច្ច សហប្រតិបត្តិការល្អលើគ្រប់វិស័យ និងសាមគ្គីភាពល្អ ជាមួយអាជ្ញាធពាក់ព័ន្ធរបស់ប្រទេសជិតខាង ដើម្បីធ្វើយ៉ាងណាឲ្យព្រំដែនប្រទេសយើងទាំង២ ក្លាយជាព្រំដែនសន្តិភាព មានការប្លាស់ប្ដូពាណិជ្ជកម្មគ្នាទៅវិញទៅមកធ្វើយ៉ាងណាបង្កលក្ខណៈងាយស្រួលឲ្យបងប្អូនប្រជាពលរដ្ឋរស់នៅតាមបណ្ដោយព្រំដែនប្រកបរបរទទួលទានកាន់តែមានជីវភាពល្អប្រសើរទ្វេឡើង៕
ចែករំលែកព័តមាននេះ