រាជធានីភ្នំពេញ ៖ ខណៈជំងឺប៉េសអាហ្វ្រិកលើសត្វជ្រូកកំពុងរីករាលដាលនៅប្រទេសវៀតណាម កសិករកម្ពុជាបានបង្ហាញការព្រួយបារម្ភជាថ្មីចំពោះការធ្លាក់ចុះនៃតម្លៃជ្រូកក្នុងស្រុក ព្រោះថា បើសិនជាជំងឺនេះបានរាលដាលដល់កម្ពុជានោះ នឹងធ្វើឲ្យទីផ្សារមួយនេះកាន់តែអាក្រក់ជាងកាលពីលើកមុនទៅទៀត ។
លោក នាង ចន្ថា កសិករចិញ្ចឹមជ្រូកធំមួយនៅក្រុងបាវិត ខេត្តស្វាយរៀង បានឲ្យដឹងថា ថ្វីដ្បិតតែពេលនេះ ជំងឺប៉េសអាហ្វ្រិកមិនទាន់មកដល់កម្ពុជាក្ដី ក៏ប៉ុន្តែបើសិនជាមិនបានបិទការនាំចូលពីវៀតណាមទេនោះ ជំងឺនេះនឹងអាចឆ្លងមកដល់ជ្រូកក្នុងស្រុកធ្វើឲ្យមានបញ្ហាធំ និងធ្ងន់ធ្ងរជាងកាលពីអំឡុងឆ្នាំ ២០១៦-២០១៧ទៅទៀត ។ លោកមានប្រសាសន៍ថា ៖«ជំងឺប៉េសអាហ្វ្រិក ជាជំងឺសាហាវ ហើយមិនមែនទាល់តែដឹកជ្រូករស់មកទើបឆ្លងនោះទេ សូម្បីតែក្លាយជាសាច់ សាច់ក្រកហើយ ក៏ជំងឺនេះមិនងាប់ដែរ អីចឹងបើវាមកដល់ស្រុកយើង វានឹងចម្លងដល់ជ្រូកក្នុងស្រុក និងគ្មានវិធីការពារនោះទេ » ។ លោកបន្តថា ពេលនេះតម្លៃជ្រូករស់ក្នុងស្រុកមានភាពល្អប្រសើរណាស់ ដោយក្នុងមួយគីឡូក្រាមអាចលក់បានក្នុងតម្លៃ១ម៉ឺនរៀលឯណោះ តែក៏ប៉ុន្តែមិនហ៊ានធានាថា តម្លៃនេះ អាចរក្សាបានកម្រិតណាដែរ ពីព្រោះនៅតែមានសកម្មភាពនាំចូលជាហូរហែរពីវៀតណាម ជាពិសេសការនាំចូលដោយគេចពន្ធតែម្ដង ។ លោកថា ៖« យើងពិតជាអរគុណណាស់ចំពោះថ្នាក់លើដែលបានចេញលិខិតអំពាវនាវ ឲ្យថ្នាក់ក្រោមការពារទប់ស្កាត់នូវការនាំចូលអាណាធិបតេយ្យពីប្រទេសវៀតណាម ហើយយើងក៏មានភាពកក់ក្ដៅមួយចំណែកដែរ និងសង្ឃឹមថា ថ្នាក់ក្រោមនឹងខំប្រឹងធ្វើវាឲ្យបាន ដើម្បីរក្សាតម្លៃទីផ្សារជ្រូកក្នុងស្រុក ជាពិសេសដើម្បីសុខភាពរបស់ប្រជាពលរដ្ឋកម្ពុជាផ្ទាល់តែម្ដង »។ លោកបន្ថែមថា ក្នុងករណីមិនបានទប់ស្កាត់ និងបណ្ដោយឲ្យចូលមកនោះ លើកនេះទីផ្សារជ្រូកនឹងកាន់តែអាក្រក់ជាងកាលពីលើកមុនទៅទៀត ពីព្រោះជ្រូកក៏ធ្លាក់ថ្លៃគ្មានអ្នកទិញ ហើយវានឹងងាប់ដោយសារតែជំងឺកាន់តែច្រើន » ។
បើតាម លោក ស៊ុន ឡាយ អ្នកផ្គត់ផ្គង់ជ្រូកពូជនៅស្រុកស្អាង ខេត្តកណ្ដាល បានឲ្យដឹងដែរថា នៅក្នុងរយៈពេលជាង១ឆ្នាំនេះ ឃើញថាកសិករបានពង្រីកការចិញ្ចឹមឡើងវិញដោយរកមេពូជនិងកូនជ្រូកបន្ថែមដើម្បីផ្គត់ផ្គង់ទៅតាមតម្រូវការទីផ្សារ ខណៈតម្លៃក៏បានឡើងថ្លៃខ្ពស់ ក៏ប៉ុន្តែ ក្រោយពេលមានដំណឹងជំងឺប៉េសអាហ្វ្រិក បានមកដល់ប្រទេសវៀតណាម ធ្វើឲ្យកសិករមានការព្រួយបារម្ភឡើងវិញពីការធ្លាក់ចុះ តម្លៃ និងមហន្តរាយដល់ជ្រូកក្នុងស្រុក ។ លោកមានប្រសាសន៍ថា ៖« កសិករមិនចង់បានតម្លៃខ្ពស់ពេកនោះទេ យើងសុំត្រឹមតែមិនឲ្យនៅក្រោម៨.០០០រៀលក្នុងមួយគីឡូក្រាមបានហើយ ព្រោះតម្លៃនេះវាធ្វើឲ្យយើងចំណេញតែបើសិនជាតម្លៃនៅក្រោម៨.០០០រៀលវានឹងធ្វើឲ្យកសិករមិនអាចរកប្រាក់ចំណេញបានឡើយ»។
លោកបានស្នើឲ្យថ្នាក់ដឹកនាំ និងភាគីពាក់ព័ន្ធសូមជួយទប់ស្កាត់នូវការនាំចូលពីវៀតណាមឲ្យបានផង ឬត្រូវត្រួតពិនិត្យឲ្យបានហ្មត់ចត់ មុននឹងអនុញ្ញាតឲ្យនាំចូលមកផ្គត់ផ្គង់ក្នុងស្រុក ។
ជំងឺប៉េសជ្រូកអាហ្វ្រិកកំពុងកើតមាននៅប្រទេសវៀតណាមខាងជើង និងកំពុងរីករាលដាលពីតំបន់មួយទៅតំបន់មួយ ។ វាគឺជាប្រភេទជំងឺឆ្លង ប៉ុន្តែវាមិនអាចចម្លងពីសត្វមកប៉ះពាល់ដល់មនុស្សបានទេ គឺវាអាចឆ្លងពីសត្វទៅសត្វដទៃទៀត ប្រសិនបើមិនមានវិធានការការពារ ។ ស្របពេលជំងឺនេះកំពុងផ្ទុះនៅប្រទេសជិតខាង ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានប្រកាសឲ្យមន្ត្រីពាក់ព័ន្ធទាំងអស់ត្រូវរឹតបន្ដឹងការនាំចូលជ្រូកពីប្រទេសជិតខាង ពិសេសពីប្រទេសវៀតណាម ព្រោះថាកម្ពុជាមិនអាចបិទការនាំសត្វជ្រូកពីក្រៅប្រទេសបានទាំងស្រុងទេ ដោយសារតែការចិញ្ចឹមជ្រូកនៅកម្ពុជា ពុំអាចផ្គត់ផ្គង់ទីផ្សារបានគ្រប់គ្រាន់តាមតម្រូវការនៅឡើយ ។
ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ លោក តាន់ ផាន់ណារ៉ា កាលពីពេលថ្មីៗនេះ បានផ្ញើសារជាបន្ទាន់ទៅកាន់មន្ទីរកសិកម្មនៅគ្រប់ខេត្ត-ក្រុងទូទាំងប្រទេសឱ្យពិនិត្យយ៉ាងហ្មត់ចត់ ទៅលើលិខិតនាំចូលសត្វជ្រូកទាំងឡាយពីប្រទេសវៀតណាម ដែលបញ្ជាក់ពីសុខភាពសត្វ និងពិនិត្យមើលឱ្យបានច្បាស់ទៅលើសត្វជ្រូកទាំងឡាយ ដែលនាំចូលទាំងនោះ ថាតើមានរោគសញ្ញានៃជំងឺឆ្លងដែរឬក៏អត់ នៅមុនពេលអនុញ្ញាតឱ្យចូលមកកម្ពុជា ។ វិធានការតឹងរ៉ឹងនេះ ធ្វើឡើងបន្ទាប់ពីទទួលបានព័ត៌មានថា ៖« មានសត្វជ្រូក ក្នុងកសិដ្ឋាន៣កន្លែង នៅក្នុងខេត្តហុងអៀន(Hung Yen) និងខេត្តថាយប៊ិញ ( Thai Binh) ភាគអាគ្នេយ៍នៃទីក្រុងហាណូយ មានកើតជំងឺប៉េសអាហ្វ្រិក ដែលជាប្រភេទជំងឺឆ្លង »។
លោក តាន់ ផាន់ណារ៉ា បានអះអាងថា ៖« បច្ចុប្បន្ននេះកម្ពុជានៅមិនទាន់មានជ្រូកកើតជំងឺឆ្លងប្រភេទប៉េសអាហ្វ្រិកនៅឡើយទេ ហើយជំងឺជ្រូកនៅវៀតណាមនោះ ក៏មិនជះឥទ្ធិពលដល់កម្ពុជាដែរ ព្រោះតែទីក្រុងហាណូយនៅឆ្ងាយពីកម្ពុជាប្រមាណជាង១.៥០០គីឡូម៉ែត្រ »។ ទោះបីជាយ៉ាងណា លោកអគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ក៏បានកោះប្រជុំភ្លាមដែរ ដើម្បីរកមធ្យោបាយទប់ទល់នឹងជំងឺជ្រូកនេះ មិនឱ្យចូលមកកម្ពុជា ។ លោកមានប្រសាសន៍ថា ៖« បច្ចុប្បន្នក្រសួងកសិកម្មកំពុងពិចារណាទៅលើការបង្វែរទិសដៅនៃការនាំជ្រូកពីប្រទេសថៃជំនួសវិញ ខណៈនៅក្នុងពេលដែលប្រទេសវៀតណាម មានជ្រូកកើតជំងឺឆ្លងនេះ »៕
ចែករំលែកព័តមាននេះ