ជាញឹកញាប់ចំពោះស្ត្រីការបែកញើសនៅពេលយប់ គឺជារឿងធម្មតាបំផុតមួយអំឡុងពេលអស់រដូវ ។
បញ្ហាបែកញើសបង្កបញ្ហាគួរឱ្យរំខានក្នុងអំឡុងពេលគេងយប់ដែលភាគច្រើនបណ្ដាលឱ្យគេងមិនបានស្កប់ស្កល់ពី៧ទៅ៩ម៉ោង។ គន្លឹះងាយៗដោះស្រាយបញ្ហាបែកញើសពេលយប់ ៖
១. ចៀសវាងការទទួលទានកាហ្វេ ៖ ក៏ព្រោះតែកាហ្វេអ៊ីនបង្កការរំញោចដល់ក្រពេញញើសនោះ ចូរអ្នកចៀសវាងទទួលទានកាហ្វេសូម្បីតែមួយពែង ឬភេសជ្ជៈដទៃទៀតដែលមានផ្ទុកជាតិកាហ្វេអ៊ីននៅរយៈពេលប៉ុន្មានម៉ោងមុនពេលចូលគេង ។ ជាពិសេសប្រសិនបើអ្នកឆាប់ប្រតិកម្មទៅនឹងជាតិកាហ្វេអ៊ីនទៀតនោះ ចូរចៀសវាងការទទួលទានភេសជ្ជៈកាហ្វេអ៊ីន ឬកាហ្វេពី៥ទៅ៦ម៉ោងមុនពេលចូលគេង ។
២. ជៀសវាងការទទួលទានគ្រឿងស្រវឹង ៖ ប្រសិនបើអ្នកគិតថា ការទទួលទានគ្រឿងស្រវឹងអាចជួយឱ្យអ្នកឈប់ខ្វល់ខ្វាយពីបញ្ហាបែកញើសពេលយប់នោះ ចូរគិតម្ដងទៀត ។ ក្រុមអ្នកជំនាញនិយាយថា ជាតិអាល់កុលធ្វើឱ្យសរសៃឈាមរីកធំជិតស្បែកដែលអាចធ្វើឱ្យអ្នកមានអារម្មណ៍ក្ដៅពេញខ្លួន និងបែកញើសកាន់តែច្រើន ។ ចំពោះស្ត្រីជាតិអាល់កុលក្រៅពីធ្វើឱ្យគេងមិនបានស្កប់ហើយនោះ វាក៏ធ្វើឱ្យរោគសញ្ញានៃការអស់រដូវកាន់តែធ្ងន់ថ្ងៃបន្ទាប់ផងដែរ ។
៣. ចៀសវាងការទទួលទានអាហារហឹរ ៖ ដើម្បីដោះស្រាយបញ្ហាបែកញើស អ្នកគួរចៀសវាងទទួលទាននូវអាហារ ឬភេសជ្ជៈអ្វីដែលបង្កើនសីតុណ្ហភាពក្នុងរាងកាយដូចជាអ្វីដែលក្ដៅ ឬហឹរ ។
៤.បន្ថែមសណ្ដែកសៀងក្នុងរបបអាហារប្រចាំថ្ងៃ ៖ សណ្ដែកសៀង ឬអាហារផ្សំឡើងពីសណ្ដែកសៀង ជួយដោះស្រាយបញ្ហាបែកញើសពេលយប់បានយ៉ាងប្រសើរតាមរយៈសមត្ថភាពទប់ស្កាត់ការធ្លាក់ចុះនៃកម្រិតអ័៊រម៉ូនអេស្ត្រូសែន ។ ទោះជាយ៉ាងកុំទទួលទានច្រើនលើសពេក ចៀសវាងបញ្ហាសុខភាពមិនល្អណាមួយកើតឡើង ។
៥.កាត់បន្ថយកម្រិតនៃភាពតានតឹងក្នុងអារម្មណ៍ ៖ ក៏ព្រោះតែភាពតានតឹងក្នុងអារម្មណ៍ ឬស្ត្រេសជាកត្តាចម្បងមួយបង្កបញ្ហាបែកញើសពេលយប់ នោះអ្នកគួរតែព្យាយាមអនុវត្តវិធីណាមួយដើម្បីកាត់បន្ថយភាពស្ត្រេសរបស់ខ្លួន ។
ប្រសិនបើក្រោយពីអនុវត្តគន្លឹះមួយចំនួនខាងលើរួចហើយ ប៉ុន្តែអាការនៃការបែកញើសយប់របស់អ្នកហាក់ដូចជាគ្មានភាពប្រសើរឡើងសោះ ចូរប្រញាប់ទៅជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញ ក៏ព្រោះវាអាចជារោគសញ្ញានៃបញ្ហាសុខភាពធ្ងន់ណាមួយ (ប្រភពពី៖ Health.com.kh) ៕
ចែករំលែកព័តមាននេះ