ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

២​ថ្ងៃ​…​អង្គ​សវនាការ​អត់​ច្បាស់​ដដែល តែ​ភ្ញាក់​ថា​«​សមត្ថកិច្ច​ប្រើ​ហិ.ង្សា​វ៉ៃឱ្យ​ឆ្លើយ​»

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រហូត​ដល់​ម៉ោង​៥​ និង​៣០​នាទី​ថ្ងៃទី២៦ កុម្ភៈ អង្គ​សវនាការ​បាន​សម្រាក ហើយ​ប្រធាន​ក្រុមប្រឹក្សា​បាន​លើក​ពេល​បន្ត​សវនាការ ​ទៅ​ព្រឹក​ថ្ងៃ​ទី​២៧ កុម្ភៈ បន្តទៀត…

រាជធានី​ភ្នំពេញ ៖ រហូត​ដល់​ម៉ោង​៥​ និង​៣០​នាទី​ថ្ងៃទី២៦ កុម្ភៈ អង្គ​សវនាការ​បាន​សម្រាក ហើយ​ប្រធាន​ក្រុមប្រឹក្សា​បាន​លើក​ពេល​បន្ត​សវនាការ ​ទៅ​ព្រឹក​ថ្ងៃ​ទី​២៧ កុម្ភៈ បន្តទៀត ​ខណៈសវនាការ​លើ​សំណុំរឿង​សម្លាប់​អ្នកស្រី ចេ​វ សុ​វ​ឌ្ឍ​នា នៅ​តែ​មិន​ទាន់​ច្បាស់លាស់​ ដែល​ម្តង​ថា អត្តឃាត​ចង​.​ក ម្តង​ថា​ឃាតកម្ម ។ គួរបញ្ជាក់ថា អ្នកស្រី ចេ​វ សុ​វ​ឌ្ឍ​នា គឺជា​ស្រី​ចំណាន់​របស់​លោក ឡាយ វណ្ណៈ អតីត​អភិបាល​ខេត្តតាកែវ ដែល​នៅ​ថ្ងៃ​ទី​២៦ កម្ភៈ ជា​ថ្ងៃ​ទី​២ ​នៃ​ការ​បន្ត​សវនាការ​នៅ​សាលាដំបូង​រាជធានី ហើយ​បាន​រំពឹង​ថា នៅ​ថ្ងៃ​ទី​២៧ កុម្ភៈ នោះ នឹង​បញ្ចប់​ការ​ជំនុំជម្រះ ។

គួរ​រំលឹក​ទៀត​ថា អង្គ​សវនាការ​នេះ ​ទើបតែ​បាន​សាកសួរ​ជនជាប់ចោទ ឡាយ វណ្ណៈ តែ​ម្នាក់​គត់ ហើយ​ត្រូវ​បាន​លោក ឡាយ វណ្ណៈ បដិសេធ​លើ​ការ​ចោទប្រកាន់​ដែល​ថា​លោក​បាន​សម្លាប់​អ្នកស្រី ចេ​វ សុ​វ​ឌ្ឍ​នា​។ លើក​នេះ​ ក៏​មិន​ខុស​គ្នា​ដែរ ​កាលពី​ព្រឹក​ថ្ងៃ​ទី​២៦ កុម្ភៈ ជនជាប់ចោទ​លោក ឡាយ ណា​រិ​ទ្ធ អតីត​ស្នងការ​រង​នគរ បាល​ខេត្តតាកែវ ដែល​ត្រូវជា​បងប្រុស​លោក ឡាយ វណ្ណៈ ក៏​បាន​បដិសេធ​ថា ​លោក​មិន​ជាប់​ពាក់​ព័ន្ធ​ក្នុង​អំពើ​ឃាតកម្ម​លើ​អ្នកស្រី ចេ​វ សុ​វ​ឌ្ឍ​នា នោះ​ដែរ ។

ជនជាប់ចោទ ឡាយ ណា​រិ​ទ្ធ ត្រូវ​បាន​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​លោក ហម ម៉េ​ង​សែ ផ្តល់​សិទ្ធិ​ឲ្យ​ឆ្លើយ​ចំពោះ​មុខ​អង្គ​សវនាការ​នូវ​អ្វី​ដែល​ខ្លួន​បាន​ធ្វើ បាន​ប្រព្រឹត្ត ​ចៀសវាង​បង្វែរ​អង្គហេតុ ភូត​កុហក​តុលាការ ។ ជនជាប់ចោទ ឡាយ ណា​រិ​ទ្ធ បាន​រៀបរាប់​ហូរហែ​តាម​ដំណើររឿង​ជូន​អង្គ​សវនាការ​ដែល​ការ​រៀបរាប់​នោះ​ ហាក់ដូចជា​មិន​ជាប់​ពាក់ព័ន្ធ ក្នុង​ការ​ចោទប្រកាន់​នូវ​អំពើ​ឃាតកម្ម​ឡើយ ។

លោក ឡាយ ណា​រិ​ទ្ធ បាន​បន្ត​ថា នៅ​ថ្ងៃ​ទី​២៦ មីនា ២០១៨ មុន​កើតហេតុ​ លោក​បាន​ជិះ​ម៉ូតូ​បណ្តែត​អារម្មណ៍​តាម​ដងផ្លូវ​នានា​ជុំវិញ​ខេត្ត ដែល​នោះ​ជា​ទម្លាប់ ដល់​ពេល​ល្ងាច​បន្តិច ​លោក​តែង​ជិះ​ម៉ូតូ​ហើយ​បាន​ទៅ​ជួប​ឈ្មោះ ជាតិ ជា​មន្ត្រី​នគរបាល​ខេត្ត​ដែរ និង​ជា​អ្នករក​សុ​ី​ផង ។ ពេល​ជួប​ឈ្មោះ ជាតិ ខ្លួន​បាន​នៅ​អង្គុយ​ហូប​បាយ​ទឹក​ជុំ​គ្នា​នោះ រហូត​ដល់​ល្ងាច​បន្តិច ​ស្រាប់តែ​ប្អូន​របស់​លោក​គឺ​លោក ឡាយ វណ្ណៈ បាន​ប្រាប់​ឲ្យ​ខ្លួន​ទៅ​ផ្ទះ​អ្នកស្រី ចេ​វ សុ​វ​ឌ្ឍ​នា ដោយ​បញ្ជាក់​ថា អ្នកស្រី ចេ​វ សុ​វ​ឌ្ឍ​នា ចង​.​ក​សម្លាប់​ខ្លួន ។

ចម្លើយ​បន្ត​ថា ពេល​ប្អូនប្រុស​បាន​ប្រើ​ដូច្នោះ ខ្លួន​ក៏​បាន​ជិះ​ទៅ​រក​ផ្ទះ​អ្នកស្រី ចេ​វ សុ​វ​ឌ្ឍ​នា និង​ទម្រាំ​រក​ឃើញ​ ព្រោះ​មិន​ស្គាល់​ផ្ទះ ក៏​បាន​ជួប​អ្នកបម្រើ និង​ឃើញ​មាន​គណៈកម្មការ​ត្រួតពិនិត្យ​កន្លែង​កើតហេតុ​ថ្នាក់​ខេត្ត​ទៅ​ដល់​មុន​អស់ហើយ ហើយ​ពេល​ខ្លួន​ទៅ​ដល់​ក៏​បានឃើញ​នាង ចេ​វ សុ​វ​ឌ្ឍ​នា ចងក​ស្តោក​នៅ​ក្នុង​បន្ទប់ ។ ពេល​នោះ​ខ្លួន​ក៏​បាន​ចុះពីលើផ្ទះ​មក​វិញ ហើយ​បាន​ទូរស័ព្ទ​ទៅ​ប្អូន​ឡាយ វណ្ណៈ​ថា​ នាង ចេ​វ សុ​វ​ឌ្ឍ​នា ស្លាប់​ដោយសារ​ចង.ក​មែន ទើប​ប្អូន​ប្រាប់​ឲ្យ​ជួយ​ចាត់ចែង​យក​សព​ទៅ​ភ្នំពេញ​ធ្វើបុណ្យ ។ ដូច្នេះ​ ការ​ចោទប្រកាន់​ថា​ ខ្លួន​ជាប់​ពាក់ព័ន្ធ​ក្នុង​ការ​សម្លាប់​អ្នកស្រី ចេ​វ សុ​វ​ឌ្ឍ​នា គឺ​សុំ​បដិសេធ​ទាំងស្រុង ហើយ​សុំ​ឲ្យ​តុលាការ​ជួយ​រក​យុត្តិធម៌​ថែម​ទៀត​ផង ។

ចម្លើយ​ជនជាប់ចោទ ម៉េ​ន សា​ម៉ៃ ជា​អ្នក​បើករថយន្ត​ឱ្យ​លោក ឡាយ វណ្ណៈ បាន​ឆ្លើយ​ទាំង​ទឹកភ្នែក​ទឹក​សំបោ​រ​ថា ខ្លួន​មិន​ជាប់​ពាក់ព័ន្ធ​អំពើ​ឃាតកម្ម​លើ​អ្នកស្រី ចេ​វ សុ​វ​ឌ្ឍ​នា នោះ​ទេ ។ ការ​ឆ្លើយ​ដំបូង​នៅ​សមត្ថកិច្ច​ថា លោក ឡាយ វណ្ណៈ ពិតជា​បាន​សម្លាប់​អ្នកស្រី ចេ​វ សុ​វ​ឌ្ឍ​នា​នោះ គឺជា​ការ​បង្ខិតបង្ខំ​របស់​សមត្ថកិច្ច ដែល​បាន​ប្រើ​អំពើ​ហិង្សា​ទះកំភ្លៀង​ផង ​ទាត់​ផង ធ្វើ​ឱ្យ​ខ្លួន​ភ័យ​ខ្លាច​ ក៏​ឆ្លើយ​ដាក់ ឡាយ វណ្ណៈ ការ​ពិត​រឿង​នេះ ​លោក ឡាយ វណ្ណៈ មិន​បាន​ជាប់​ពាក់ព័ន្ធ និង​អំពើ​ឃាតកម្ម​លើ​អ្នកស្រី ចេ​វ សុ​វ​ឌ្ឍ​នា ទេ​គឺ​ពិតជា​ចង.ក​សម្លាប់​ខ្លួនឯង​មែន ។

យ៉ាងណា​ក្តី ​មន្ត្រី​នគរបាល​យុត្តិធម៌​នៃ​នាយកដ្ឋាន​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ ដែល​បាន​ចូលរួម​សវនាការ​នេះ បាន​បដិសេធ​រាល់​ចម្លើយ ដែល​ជនជាប់ចោទ​ឆ្លើយ​ថា សមត្ថកិច្ច​បាន​វ៉ៃ​យក​ចម្លើយ​គឺ​មិន​ពិត​ទេ ។ នា​​រសៀល​ថ្ងៃ​ដដែល​ អង្គ​សវនាការ​បាន​សាកសួរ​ជនជាប់ចោទ​ឈ្មោះ ជឹ​ម វុ​ធ អ្នកបម្រើ​ផ្ទះ​អ្នកស្រី ចេ​វ សុ​វ​ឌ្ឍ​នា ។

ពេល​នោះ​ ជនជាប់ចោទ ជឹ​ម វុ​ធ ក៏​បាន​បដិសេធ​ផង​ដែរ រាល់​ចម្លើយ​នៅ​សមត្ថកិច្ច​នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ តែ​បាន​រក្សា​ចម្លើយ​នៅ​តុលាការ ពោល​គឺ​មាន​ន័យ​ថា ការ​ស្លាប់​អ្នកស្រី ចេ​វ សុ​វ​ឌ្ឍ​នា មិនមែន​ជា​អំពើ​ឃាតកម្ម​ទេ គឺ​អ្នកស្រី ចេ​វ សុ​វ​ឌ្ឍ​នា ពិតជា​ចងក​សម្លាប់​ខ្លួន ។ បន្ទាប់​មក​ទៀត​អង្គ​សវ​នាការ​បាន​សាកសួរ​សាក្សី​ឈ្មោះ ចាន់ រី ប្រពន្ធ ជឹ​ម វុ​ធ ដែល​ជា​អ្នកបម្រើ​ផ្ទះ​អ្នកស្រី ចេ​វ សុ​វ​ឌ្ឍ​នា ក៏​បដិសេធ​ដូច​គ្នា​ទាំងអស់ ទៅ​នឹង​ជនជាប់ចោទ ឡាយ វណ្ណៈ ឡាយ ណា​រិ​ទ្ធ ម៉េ​ន សា​ម៉ៃ ជឹ​ម វុ​ធ និង​សាក្សី​ឈ្មោះ ចាន់ រី ដែរ ។

អត្ថបទសរសេរ ដោយ