ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រមុខ​រាជរដ្ឋាភិបាល​ស្នើ ប្រតិបត្តិ​ករ​ទេសចរណ៍ ពង្រឹង​ការ​ផ្ដល់​សេវា

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី បាន​ស្នើ​ឲ្យ​អ្នក​ដែល​បម្រើ​សេវាកម្ម​ទេសចរណ៍​ទាំងអស់​ដូច​ជា ផ្នែក​សណ្ឋាគារ និង​ភោ​ជនី​ដ្ឋា​ន…

រាជធានី​ភ្នំពេញ ៖ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី បាន​ស្នើ​ឲ្យ​អ្នក​ដែល​បម្រើ​សេវាកម្ម​ទេសចរណ៍​ទាំងអស់​ដូច​ជា ផ្នែក​សណ្ឋាគារ និង​ភោ​ជនី​ដ្ឋា​ន ត្រូវ​បង្កើន​ការ​យកចិត្តទុកដាក់​ចំពោះ​សេវាកម្ម ការ​ផ្តល់​សេវា​បដិសណ្ឋារកិច្ច ផ្នែក​អនាម័យ និង​ត្រូវ​អនុវត្ត​ឲ្យ​បាន​ល្អ​បំផុត​ដល់​ភ្ញៀវ ធ្វើ​យ៉ាងណា​ទាក់ទាញ​ភ្ញៀវ​មក​ស្នាក់​នៅ ហើយ​លើក​ក្រោយមក​ទៀត​ជាមួយ​មិត្តភក្ដិ ក្រុម​គ្រួសារ និង​អ្នកទេសចរ​ជា​ច្រើន​ទៀត ។

ថ្លែង​ក្នុង​ពិធី​អបអរសាទរ «​ទិវា​ជាតិ​ទីក្រុង​ស្អាត​» លើក​ទី​៧ ក្រោម​ប្រធានបទ «​ទីក្រុង​ស្អាត​៖ ទីក្រុង​ផ្តល់​ភាព​កក់ក្តៅ​» នៅ​ថ្ងៃ​ទី​២៥ កុម្ភៈ ម្សិលមិញ សម្តេច​តេ​ជោ​បន្ត​ថា ៖« បើ​ធ្វើ​ជា​អ្នកជំនួញ ឬ​អ្នក​លក់ដូរ ការ​រក​អតិថិជន​ម្នាក់​មក​ទិញ​របស់​យើង​គឺជា​រឿង​លំបាក​ហើយ តែ​រឿង​ដែល​ពិបាក​ជាង​ហ្នឹង​ទៀត​នោះ គឺ​អ្នកលក់​ត្រូវ​ធានា​យ៉ាងណា​ដល់​អ​ថិ​តិ​ជន​ដែល​ជា​អ្នកទិញ​នូវ​ទំនិញ​របស់​យើង​នោះ ថ្ងៃក្រោយ​គេ​មក​ទិញ​ទៀត » ។ សម្តេច​តេ​ជោ​បន្ថែម​ថា ៖« មិន​ត្រឹមតែ​មក​ទិញ​ខ្លួនឯង​ទេ គេ​ហៅ​ថែម​មិត្តភក្តិ​របស់​គេ​ឲ្យ​មក​ជួយ​ទិញ​ថែម​ទៀត ទើប​ជា​បញ្ហា​ជោគជ័យ​នៃ​មុខ​ជំនួញ » ។

សម្តេច​តេ​ជោ​សង្កត់ធ្ងន់​ថា ៖« កុំ​ឲ្យ​គេ​មក​ទិញ​ម្តង​ហើយ រាងចាល មុខ​គេ​មិន​មើល សម្តី​គំរោះគំរើយ តម្លៃ​កាត់​ខ្ពស់ អីចឹង​ថ្ងៃក្រោយ​រកស៊ី​ខាត កុំ​ថា​មក​ពី​រាជរដ្ឋាភិបាល បន្ទោស​មក​ពី​យើង មុខ​អាក្រក់ សម្តី​អាក្រក់ យើង​ពិនិត្យ​មើល​ឡើង​វិញ »​។ ជាមួយ​គ្នា​នេះ​សម្តេច​តេ​ជោ បាន​ជំរុញ​ឲ្យ​វិស័យ​ទេសចរណ៍​ត្រូវ​មានការ​ផ្សារ​ភ្ជាប់ ឬ​ទាញ​ផលប្រយោជន៍​ពី​វិស័យ​កសិកម្ម តាម​រយៈ​ការ​ជំរុញ​ឲ្យ​កសិករ ម្ចាស់​រមណីយដ្ឋាន និង​ភោជនីយដ្ឋាន បង្កើន​ការ​ដាំ​ដុះ​ដំណាំ​កសិកម្ម​បែប​ធម្មជាតិ​ឲ្យ​បាន​ច្រើន ដើម្បី​បំពេញតម្រូវការ​ដល់​ភ្ញៀវ​ទាំង​ជាតិ និង​អន្តរជាតិ ។

សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី បន្ត​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ចូលរួម​រក្សា​សន្តិភាព កុំ​ឲ្យ​មាន​អំពើរ​ភេ​វរ​កម្ម ជា​ពិសេស​ត្រូវធ្វើ​យ៉ាងណា​ឲ្យ​តំបន់​រមណីយដ្ឋាន តំបន់​ទេសចរណ៍ តំបន់​រោងចក្រ​ក្លាយទៅជា​សហគមន៍​ដ៏​សុខសាន្ត​មួយ ដោយ​ក្នុង​នោះ​អាជ្ញាធរ​ត្រូវ​បន្ត​អនុវត្ត​ភូមិ​ឃុំ​មាន​សុវត្ថិភាព​ឲ្យ​បាន​ខ្ជាប់ខ្ជួន ដើម្បី​ធានា​ដល់​ភាព​សុខសាន្ត​របស់​ប្រជាពលរដ្ឋ ។ នៅ​ឆ្នាំ​២០១៩​នេះ កម្ពុជា​រំពឹង​ថា នឹង​ទទួលភ្ញៀវ​ទេសចរ​អន្តរ​ជាតិប្រមាណ​៦​លាន​៧​សែន​នាក់ និង​នៅ​ឆ្នាំ​២០២០ នឹង​ទទួល​បាន​ប្រមាណ​ជាង​៧​លាន​នាក់ ដោយ​នាំ​មក​នូវ​ចំណូល​ប្រមាណ​៥​ពាន់​លាន​ដុល្លារ បង្កើត​នូវ​ឱកាស​ការងារ​បាន​ប្រមាណ​ជិត​១​លាន​នាក់ និង​នៅ​ឆ្នាំ​២០៣០ អាច​នឹង​ទទួល​បាន​ទេសចរ​អន្តរ​ជាតិប្រមាណ​១៥​លាន​នាក់ នាំ​មក​នូវ​ចំណូល​ប្រមាណ​១០​ពាន់​លាន​ដុល្លា​អា​មេ​រិ​ក បង្កើត​ឱកាស​ការងារ​ប្រមាណ​ជិត​២​លាន​នាក់ ។

លោក ថោ​ង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​មាន​លើក​ឡើង​ថា ដើម្បី​ត្រៀម​ទទួល​ស្វាគមន៍​ភ្ញៀវ​ទេសចរ​អន្តរជាតិ ដូច​បាន​ជម្រាប​ជូន​ខាងលើ​នេះ ជា​យុទ្ធសាស្ត្រ​គឺ​ត្រូវធ្វើ​ឱ្យ​កម្ពុជា ក្លាយជា​គោលដៅ​ទេសចរណ៍​ប្រកបដោយ​ភាព​ទាក់ទាញ និង​ផ្តល់​ភាព​កក់ក្តៅ​ដល់​ភ្ញៀវ​ទេសចរ តាម​រយៈ​ការ​បង្កើត​ឱ្យ​មាន​ផលិតផល​ទេសចរណ៍​ថ្មី​ៗ និង​ប្រកបដោយ​ភាព​វ័យឆ្លាត ស្អាត និង​បៃតង (Smart, Clean & Green)​។

លោក ថោ​ង ខុន បាន​បញ្ជាក់​ថា ក្នុង​ចលនា​ប្រឡងប្រណាំង​ទីក្រុង​ស្អាត រាជរដ្ឋាភិបាល​បាន​កំណត់​យក​ថ្ងៃ​ទី​២៧ ខែកុម្ភៈ ជា​រៀង​រាល់​ឆ្នាំ​ដើម្បី​ប្រារព្ធ​អបអរសាទរ​ទិវា​ជាតិ​ទី ក្រុង​ស្អាត ហើយ​ផ្តើម​ចេញពី​ចលនា​ប្រឡងប្រណាំង​នេះ រាជរដ្ឋាភិបាល​ក៏​បាន​អនុញ្ញាត​ឱ្យ​ដាក់​ចេញ​នូវ​ចលនា​ប្រឡងប្រណាំង «​រង្វាន់​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​សម្រាប់​ធុរកិច្ច​បៃតង​ក្នុង​វិស័យ​ទេសចរណ៍​» តាម​រយៈ​អនុក្រឹត្យ​លេខ​១២៣ អន​ក្រ​.​បក ចុះ​ថ្ងៃ​ទី​១៤ ខែកញ្ញា ឆ្នាំ ២០១៥​ដោយ​ប្រសិទ្ធ​នាម​ថា «​រង្វាន់​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​សម្រាប់​ធុរកិច្ច​បៃតង​ក្នុង​វិស័យ​ទេសចរណ៍​» ដើម្បី​លើកទឹកចិត្ត និង​ទទួលស្គាល់​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ផ្នែក​ឯកជន​ក្នុង​វិស័យ​ទេសចរណ៍ និង​វិស័យ​ពាក់ព័ន្ធ ដែល​មាន​ស្នាដៃ​ល្អ​ចូលរួម​ទ្រទ្រង់​ដល់​ចលនា​ប្រឡងប្រណាំង «​ទីក្រុង​ស្អាត រមណីយដ្ឋាន​ស្អាត សេវា​ល្អ បដិសណ្ឋារកិច្ច​ល្អ​» និង​ជា​ការ​លើកកម្ពស់​ភាព​ស្អាត និង​បៃតង​នៅ​កម្ពុជា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ