រាជធានីភ្នំពេញ ៖ ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ប្រជាពលរដ្ឋរាប់រយនាក់មានក្មេង មានចាស់បានសម្រុកមកកាន់វិទ្យាស្ថានប៉ាស្ទ័រដើម្បីទទួលសេវាចាក់ថ្នាំបង្ការជម្ងឺឆ្កែឆ្កួត ហើយស្របពេលជាមួយគ្នានេះដែរ មន្ទីរពេទ្យកាល់ម៉ែតក៏បានចេញអត្ថបទមួយតាមបណ្តាញសង្គមស្តីពី វិធីការពារ និងព្យាបាលជំងឺឆ្កែឆ្កួត ដែលបណ្តាលមកពីឆ្កែខាំ (LA RAGE DECLAREE) ផងដែរ ។

វិធីការពារបានបង្ហាញថា ជំងឺឆ្កែឆ្កួត ដែលបណ្តាលមកពីឆ្កែខាំ គឺជាជំងឺរលាកខួរក្បាល និងខួរឆ្អឹងខ្នង ដែលបណ្តាលមកពីវីរុសឈ្មោះ Lyssavirus (នៅក្នុងក្រុម Rhabdoviridae) ក៏ជាជំងឺមួយធ្ងន់ធ្ងរ ហើយបណ្តាលអោយអ្នកជំងឺស្លាប់១០០% នៅពេលចេញរោគសញ្ញា។

តាមរបាយការណ៍របស់អង្គការសុខភាពពិភពលោកនៅឆ្នាំ២០១៧ នៅលើពិភពលោកជំងឺឆ្កែឆ្កួត ដែលបណ្តាលមកពីឆ្កែខាំ ស្លាប់ប្រហែល៥៩០០០នាក់ក្នុងមួយឆ្នាំ ជាពិសេសនៅក្នុងតំបន់អាស៊ីនិងអាហ្វ្រិក ។

ក-មូលហេតុ និងការចម្លង ៖ ការចម្លងវីរុសជំងឺឆ្កែឆ្កួតពីសត្វមកមនុស្ស ដោយសារការខាំ (morsure), ខ្វាច (griffure), លិឍលើដំបៅឬរបួស (léchage) ដែល៩៩%តាមរយៈសត្វឆ្កែដែលមានផ្ទុកវីរុសឆ្កែឆ្កួត ការចម្លងវីរុសជំងឺឆ្កែឆ្កួតពីមនុស្សមកមនុស្សគឺជាករណីមួយកម្រមាន។ តែអាចឆ្លងពីម្តាយមកកូននៅ ពេលមានផ្ទៃពោះ។

ខ-រោគសញ្ញានិងការបង្ករោគ ៖ ១-ការបង្ករោគ (Période d’incubation) ៖ ចាប់ពីពេលឆ្កែខាំរហូតដល់ពេលចេញរោគសញ្ញា មានការប្រែប្រួលពី៧ថ្ងៃរហូតដល់លើសពី១ឆ្នាំ។ តែជាមធ្យមប្រហែលពី១៥ថ្ងៃដល់៦០ថ្ងៃ។ ២-រោគសញ្ញា (Symptômes) ៖ រោគសញ្ញាដំបូង (Période prodromique) មានរយៈពេលពី២ថ្ងៃទៅ១០ថ្ងៃ ៖ មានការឈឺចុកចាប់នៅកន្លែងខាំបែបរមាស់ ក្តៅ ឬស្ពឹក, ជួនមានក្តៅខ្លួន ជួនអត់មានក្តៅខ្លួន, អត់ឃ្លានចំណីអាហារ ចង្អោរ ក្អួត រាគ, ឈឺក្បាល វិលមុខ តប់ប្រម៉ល់ក្នុងខ្លួនដេកមិនលក់ យល់សប្តិវង្វេងៗ ។

រោគសញ្ញាដំណាក់កាលបន្ទាប់មកទៀត (Période d’état) គឺជាដំណាក់កាលដែលរលាកខួរក្បាលនិងខួរឆ្អឹងខ្នងដែលមានរោគសញ្ញាដូចតទៅ៖ អ្នកជំងឺគ្រប់គ្រងខ្លួនឯងលែងបាន, អ្នកជំងឺនៅមិនស្ងៀមមានចលនារហូត (Hyperactivité) ។

រោគសញ្ញាពិសេសរបស់ជំងឺឆ្កែឆ្កួតគឺ៖ ខ្លាចទឹក (hydrophobie) និងខ្លាចខ្យល់ (aérophobie), ចេញទឹកមាត់ច្រើន (Hypersalivation) ចេញញើសច្រើន ចេញនោមអត់ដឹងខ្លួន, ពិបាកលេបចំណីអាហារ (Dysphagie), មានប្រកាច់ (convulsions) រហូតដល់សន្លប់(Coma), ការស្លាប់ជាមធ្យម៥ ថ្ងៃក្រោយពីចេញរោគសញ្ញាណាមួយខាងលើនេះ ។
គ-ការព្យាបាលក្រោយពីឆ្កែខាំ ៖ ក្រោយពីឆ្កែខាំភ្លាមត្រូវលាងសំអាតមុខរបួសដោយទឹកនិងសាប៊ូយ៉ាងតិចបំផុតក៏១៥នាទីដែរ បន្ទាប់មកលាងសំអាតជាមួយទឹកថ្នាំសំលាប់មេរោគដូចជា អាល់កុល ឬអុីយ៉ូត មិនត្រូវដេររបួសដែលឆ្កែខាំ, ចាក់វាក់សាំងការពារតេតាណូស, ព្យាបាលដោយថ្នាំផ្សះ (បើចាំបាច់), ការចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺឆ្កែឆ្កួត (យកល្អត្រូវធ្វើក្នុង២៤ម៉ោងក្រោយពី ឆ្កែខាំឬប៉ះពាល់ជាមួយសត្វដែលយើងសង្ស័យថាមានផ្ទុកមេរោគឆ្កែឆ្កួត) ជួបប្រឹក្សាយោបល់ជាមួយវេជ្ជេបណ្ឌិតដែលនៅជិតអ្នក ។
ឃ-វិធានការការពារ ៖ ការការពារជំងឺឆ្កែឆ្កួតគឺផ្អែកលើការចាក់ថ្នាំបង្ការ, ចាក់វ៉ាក់សាំងការពារប្រឆាំងវីរុសឆ្កែឆ្កូត ចំពោះសត្វដែលយើងចិញ្ចឹម(ឆ្កែ ឆ្មា ជាដើម)អោយបានទៀងទាត់, ចាក់វ៉ាក់សាំងការពារមុន ។
ចំពោះអ្នកដែលមានហានិភ័យខ្ពស់ចំពោះជំងឺឆ្កែឆ្កួតដូចជា ៖ ពេទ្យសត្វ បុគ្គលិក មន្ទីរពិសោធន៏ឯកទេស អ្នករស់ជាមួយសត្វ, ចៀសវាងកុំអោយ ឆ្កែ ឬ ឆ្មាខាំ ឬលិឍលើរបួសឬដំបៅ។ ចាក់វ៉ាក់សាំងការពារក្រោយពីឆ្កែខាំ(Prophylaxie post-expositionnelle)។
ប្រសិនបើលោកអ្នកមានឆ្កែខាំ ឬ សត្វដែលចិញ្ចឹមកូនដោយទឹកដោះ ហើយស៊ីសាច់ជាអាហារខាំ សូមមកពិគ្រោះយោបល់ជាមួយវេជ្ជបណ្ឌិតឯកទេសនៅមន្ទីរពេទ្យកាល់ម៉ែត ៕
ចែករំលែកព័តមាននេះ