ខេត្តកំពង់ឆ្នាំង ៖ មានការភ្ញាក់ផ្អើលមួយបានកើតឡើង ខណៈប្រជាពលរដ្ឋប្រទះឃើញបុរសម្នាក់ដេកស្លាប់លើគំនរខ្សាច់នៅមុខផ្ទះប្រជាពលរដ្ឋដែលគេកំពុងសាងសង់ កាលពីម៉ោង8និង30នាទីយប់ ថ្ងៃទី19 ខែកុម្ភៈឆ្នាំ2019 នៅខាងក្រោយរបងស្នងការដ្ឋាននគរបាលខេត្តចាស់ ស្ថិតក្នុងភូមិកណ្តាល សង្កាត់កំពង់ឆ្នាំង សក្រុងកំពង់ឆ្នាំង ។
យោងតាមសមត្ថកិច្ចនគរបាលនៅកន្លែងកើតហេតុបានឲ្យដឹងថា ពីដំបូងឡើយគេមិនស្គាល់អត្ដសញ្ញាណជនរងគ្រោះដែលដេកស្លាប់នោះទេ ហើយសមត្ថកិច្ចបានព័ទ្ធខ្សែការពារនៅកន្លែងកើត ហេតុ ដើម្បីទុកធ្វើកោសល្យវិច្ច័យ និងប្រកាសរកក្រុមគ្រួសារ ។ លុះក្រោយមកក៏បានទទួលដំណឹងថា សពយុវជនខាងលើ គឺជាអ្នកជំងឺសសៃប្រសាទដែលរត់ចេញពីមន្ទីរពេទ្យ។
ប្រភពដដែលឲ្យដឹងថា តាមការប្រាប់ពីក្រុមគ្រួសារយុវជនរងគ្រោះឱ្យដឹងថា ជនរងគ្រោះខាងលើ ឈ្មោះជៀប សារ៉ាន់ អាយុ 23ឆ្នាំ មានទីលំនៅភូមិស្ទឹង ឃុំពានី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។ យុវជនរូបនោះមានជំងឺសសៃប្រសាទ ហើយចូលមកសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង ពីរបីថ្ងៃហើយ ។ ហើយនៅមុនពេលកើតហេតុ ខណៈដែលក្រុមគ្រួសារជាអ្នកកំដរកំពុងតែដេកលង់លក់ ស្រាប់តែជនរងគ្រោះបានលួចដោះសេរ៉ូមចេញពីដៃ រួចរត់ចេញពីមន្ទីរពេទ្យ ដោយមិនដឹងទៅទីណាទេ ស្រាប់តែមកដេកស្លាប់នៅលើគំនរខ្សាច់នៅកន្លែងកើតហេតុនេះតែម្តង។
យ៉ាងនេះក្តី ក្រោយពីពិនិត្យរួចហើយ សមត្ថកិច្ចបានប្រគល់សពជនរងគ្រោះទៅឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណ៕
ចែករំលែកព័តមាននេះ