រាជធានីភ្នំពេញ ៖ មេធាវីមួយរូបរបស់លោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិបានព្រមានអាចនឹងឈប់ការពារក្តីឲ្យបក្សប្រឆាំង បើលោកសម រង្ស៊ី និងក្រុមលោកនៅតែប្រមាថ និងលាបពណ៌…។
លោក ស្រី ម៉េង សុធារីបានសរសេរលើបណ្តាញសង្គម នៅថ្ងៃទី២០ កុម្ភៈយ៉ាងដូច្នេះថា បងប្អូនប្រាកដជាឆ្ងល់ណាស់មែនទេថា សុខៗ ហេតុអ្វីខ្ញុំសរសេរអត្ថបទដូច២ថ្ងៃនេះ (ថ្ងៃ១៧ និងថ្ងៃ១៨) វាជាអត្ថបទដែលប៉ះដល់លោកសម រង្ស៊ី ជាខ្លាំង ។ លោកស្រីបានបញ្ជាក់ថា«មិនមែនដោយសារខ្ញុំត្រូវបាននរណាម្នាក់ទិញខួរនោះទេ ហើយខ្ញុំក៏មិនចង់ហែកទ្រូងឲ្យក្អែកចឹកដែរ ប៉ុន្តែ គឺមកពីការឈឺចាប់រហូតដល់ធ្វើឲ្យខ្ញុំអស់ការអត់ធ្មត់ដែលអ្នកគាំទ្រលោក សម រង្ស៊ីប្រមាថមកលើមនសិការរបស់ខ្ញុំ កិត្តិយសរបស់ខ្ញុំយ៉ាងធ្ងន់ធ្ងរបំផុតវាអាចចាត់ទុកថា ជាមេរៀនសម្រាប់នរណាក៏ដោយ ដែលប្រមាថចំពោះអ្នកដទៃទាំងគ្មានការពិតគេក៏មានបេះដូងដែរ គេក៏មានការឈឺចាប់ដែរ គេក៏មានកិត្តិយសរបស់គេដែរឲ្យតម្លៃការលះបង់របស់គេអ្នកនឹងទទួលបានការគោរពស្រលាញ់មកវិញ»។
លោកស្រីមេធាវីបានបញ្ជាក់បន្ថែមថា«វាមិនមែនជារឿងលើកទី១ទើបធ្វើឲ្យខ្ញុំមានប្រតិកម្មបែបនេះទេ តែវាញ៉យដង និងការប្រមាថកាន់តែធ្ងន់ធ្ងរទៅទើបរបួសនេះវាផ្ទុះតែម្តងទៅ។ ខ្ញុំអត់ចេះជេរ ខ្ញុំអត់ចេះមួលបង្កាច់នរណា ខ្ញុំអត់ចេះច្រណែននរណា ខ្ញុំអត់ចេះនិយាយដើមចុងនរណាដែរ បើអ្នកមើលងាយខ្ញុំប្រមាថខ្ញុំហើយ អ្នកឈប់មិនអីទេ ខ្ញុំសុខចិត្តធ្វើមិនដឹងមិនឮ តែកុំប្រមាថរហូតមិនឈប់ទាំងមិនយល់អញ្ចឹង ខ្ញុំសុំតបតវិញហើយ ។
លោកស្រីមេធាវីបន្ថែមថា មានរឿងច្រើនណាស់ដែលខ្ញុំចង់សរសេរពេលនេះ ប៉ុន្តែសុំត្រឹមប៉ុណ្ណេះចុះ ព្រោះមិនចង់ឲ្យវែងឆ្ងាយតទៅទៀត តែសូមអ្នកឈប់ទៅអារឿងបោកគេប្រមាថគេ ចោទគេមួលបង្កាច់គេ សង្ស័យអញ្ចេះ សង្ស័យអញ្ចោះ …សរុបមក មិនមែនខ្ញុំមិនយល់ មិនដឹងពីនយោបាយទេ ខ្ញុំយល់ច្បាស់ណាស់ តែអ្នករង្ស៊ី និយមធ្វើឲ្យខ្ញុំឆ្អែត ។
ដូច្នេះបើមិនស្គាល់មិនយល់ពីតម្លៃការងារ និងការលះបង់គេទេ សូមកុំមកប្រមាថកាតទានគេ ! ។ លោកស្រីបន្ថែមថា«ខ្ញុំសូមបញ្ជាក់ថា រាល់អត្ថបទកន្លងមកដែលខ្ញុំបានសរសេរ(លើកលែងតែអត្ថបទថ្ងៃ១៧និង១៨) ពាក្យនីមួយៗ ឃ្លានីមួយ មានបង្កប់អត្ថន័យ សូមមើលឲ្យយល់ បើមិនយល់ឆាតសួរបានថា មានន័យថា ម៉េចកុំចេះតែសន្និដ្ឋានផ្តេសផ្តាសធ្វើឲ្យកើតរឿងប្តឹងផ្តល់អញ្ចឹង ! ។ ខ្ញុំសុខចិត្តធ្វើតាមសំណូមពរហើយ តែខាងនោះត្រូវឈប់ដែរ ! អ្នកណាក៏ដោយសូមបញ្ឈប់បង្កើតប្រព័ន្ធជេរប្រមាថ និងលាបពណ៌ ជៀសវាងនាំគំរូអាក្រក់ និងសីលធម៌អាក្រក់ដល់ក្មេងជំនាន់ក្រោយ !»៕
ចែករំលែកព័តមាននេះ