រាជធានីភ្នំពេញ ៖ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាបានទទួលអនុសាសន៍សរុបចំនួន២០២ ពីរដ្ឋផ្សេងៗនៅក្នុងកិច្ចប្រជុំលើកទី៣២នៃ UPR Working Group របស់ក្រុមប្រឹក្សាសិទ្ធិមនុស្សអ ង្គការសហប្រជាជាតិស្តីពីយន្តការពិនិត្យជាសកលតាមកាលកំណត់ UPR ជុំទី៣ សម្រាប់កម្ពុជា នៅទីក្រុងហ្សឺណែ ប្រទេសស្វីស នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៩ ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មាធិការសិទ្ធមនុស្សកម្ពុជាបានឲ្យដឹងក្នុងកិច្ចប្រជុំគណៈប្រតិភូសិទ្ធិមនុស្សកម្ពុជាបានប្រាប់ទៅក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិអំពីការវិវឌ្ឍ និងភាពប្រសើរឡើងនៃស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាលើគ្រប់វិស័យ ជាពិ សេសការអនុវត្តសិទ្ធិ និងសេរីភាពកន្លងមកក្រោយពីកម្ពុជាទទួលយកនូវអនុសាសន៍ទាំង១៦២ ក្នុងកិច្ចប្រជុំពិនិត្យជាសកលតាមកាលកំណត់លើកទីពីរ កាលពីឆ្នាំ២០១៤ កន្លងទៅនេះ ។
ប្រភពបានបន្តថា ក្នុងកិច្ចប្រជុំកម្ពុជាក៏បានធ្វើការបង្ហាញផងដែរ ពីបញ្ហាប្រឈម និងឆន្ទៈក្នុងការដោះស្រាយបញ្ហាប្រឈមទាំងនោះ ដើម្បីធ្វើឱ្យស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាកាន់តែមានភាពប្រសើរឡើងទៅថ្ងៃអានាគតព្រមទាំងធ្វើការឆ្លើយតប និងពន្យល់ទៅនឹងការរិះគន់មួយចំនួនដែលមិនឆ្លើយតប និងឆ្លុះបញ្ចាំងទៅនឹងស្ថានភាពពិតប្រាកដ និងជាក់ស្តែងនៅកម្ពុជា ។
ថ្លែងការណ៍បានគូសបញ្ជាក់ថា «ក្នុងកិច្ចប្រជុំត្រួតពិនិត្យជាសកលតាមកាលកំណត់លើកទីបីនេះកម្ពុជាក៏ទទួលបានផងដែរនូវអនុសាសន៍សរុបចំនួន២០២ ដែលផ្តល់ដោយរដ្ឋផ្សេងៗជាសមាជិកអង្គការសហប្រជាជាតិចំនួន៧៣រដ្ឋ ហើយដែលក្នុងនោះអនុសាសន៍មួយចំនួនធំ គឺផ្តោតលើការកោតសរសើរ និងការស្វាគមន៍ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលក្នុងការអភិវឌ្ឍស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជានាពេលកន្លងមក» ។ ជាការឆ្លើយតបគណៈកម្មធិការសិទ្ធិមនុស្សកម្ពុជានឹងរៀបចំ និងដឹកនាំកិច្ចប្រជុំជាមួយគ្រប់ស្ថាប័នដែលពាក់ព័ន្ធរួមមានស្ថាប័នរដ្ឋ អង្គការសង្គមស៊ីវីលជាតិ និងអន្តរជាតិ រួមទាំងដៃគូអភិឌ្ឍផងដែរ ដើម្បីធ្វើការពិនិត្យ ពិភាក្សា និងពិគ្រោះយោបល់អំពីអនុសាសន៍ដែលត្រូវទទួលយកមកអនុវត្ត និងអនុសាសន៍ ដែលត្រូវធ្វើការបដិសេធ ឬកត់សម្គាល់ ហើយនឹងធ្វើការឆ្លើយតបវិញ ជាផ្លូវការទៅកាន់ក្រុមប្រឹក្សាសិទ្ធិមនុស្ស អង្គការសហប្រជាជាតិនៅក្នុងសម័យប្រជុំពេញអង្គលើកទី៤១ របស់ខ្លួននៅខែកក្កដា ឆ្នាំ២០១៩ ខាងមុខនេះ ។
សូមជម្រាបថា គណៈប្រតិភូសិទ្ធិមនុស្សកម្ពុជាដែលបានចូលរួមកិច្ចប្រជុំនេះដឹកនាំដោយ លោក កែវ រ៉េមី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាក្នុងនោះក៏មានគណៈប្រតិភូអន្តរក្រសួងដូចជា ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្រសួងមហាផ្ទៃ ក្រសួងយុត្តិធម៌ ក្រសួងព័ត៌មាន ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាផងដែរ ៕
ចែករំលែកព័តមាននេះ