ខេត្តកំពង់ឆ្នាំង ៖ លោក សូរិន្ទ ទីរ៉ាវុឌ្ឍី ប្រធានមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំងបានអោយដឹងកាលពីរសៀលថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩ នេះថា ឈាមមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ជួយសង្គ្រោះអាយុជីវិតជនរងគ្រោះដោយសារគ្រោះថ្នាក់ចរាចរណ៍ ស្ត្រីសម្រាលកូន និងអ្នកជម្ងឺទូទៅដែលត្រូវការឈាម ។
លោកមានប្រសាសន៍បែបនេះ ពេលដែលមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំងបានទទួលអំណោយឈាមពីសិស្សវិទ្យាល័យព្រះបាទសុរាម្រឹតចំនួន៤០នាក់ដែលបានស្ម័គ្រចិត្តផ្តល់ឈាមបានចំនួន៤០ប្លោកជូនមន្ទីរពេទ្យបង្អែកខេត្ត ។
លោក សូរិន្ទ ទីរ៉ាវុឌ្ឍី ប្រធានមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង បច្ចុប្បន្នខាងមន្ទីរពេទ្យកំពុងតម្រូវការឈាមច្រើន ព្រោះតែអ្នកជម្ងឺបានកើនឡើងជារៀងរាល់ថ្ងៃ ។ ចំណែកខាងមន្ទីរពេទ្យកន្លងទៅធ្លាប់ទទួលបានឈាមពីទាហាន នគរបាល សាសនិកអ៊ិស្លាម និងពីក្រុមគ្រូពេទ្យខ្លួនឯងជាដើម ហើយម្សិលមិញនេះ ខាងមន្ទីរពេទ្យក៏ទទួលបានឈាមពីសិស្សវិទ្យាល័យព្រះបាទសុរាម្រឹត ដែលស្មគ័ចិត្តផ្តល់ឈាមចំនួន៤០នាក់ដែរ។
លោកបានបញ្ជាក់ថា ចំពោះឈាមដែលទទួលបានគឺយកមកពិនិត្យយ៉ាងយកចិត្តទុកដាក់បំផុត ហើយបើឃើញមានមេរោគ គឺមិនយកមទៅប្រើទេ គឺចោលតែម្តង ។ ចំពោះឈាមដែលប្រើលើអ្នកជម្ងឺ ឬជនរងគ្រោះ មិនបានគិតថ្លៃនោះទេ ប៉ុន្តែបើអ្នកជំងឺមានបងប្អូន ឬសាច់ញាតិ ត្រូវជួយផ្តល់ឈាមត្រឡប់មកវិញ ដើម្បីទុកសង្គ្រោះជីវិតមនុស្សជាបន្តទៅទៀត ។ ប៉ុន្តែពេលខ្លះអ្នកជម្ងឺមិនមានសាច់ញាតិ ឬបងប្អូន ខាងមន្ទីរពេទ្យក៏មិនយកកម្រៃអ្វីដែរ ។ ជាចុងបញ្ចប់លោកសូមថ្លែងអំណរគុណសិស្សវិទ្យាល័យ ព្រះបាទសុរាម្រឹត ដែលស្ម័គ្រចិត្តផ្តល់ឈាមជូនមន្ទីរពេទ្យសម្រាប់ជួយសង្គ្រោះជីវិតមនុស្ស ។
តាមការបញ្ជាក់របស់ កញ្ញា ស នីតា ប្រធានផ្នែកមន្ទីរពិសោធន៍និងផ្តល់ឈាម នៃមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង បានបញ្ជាក់អោយដឹងថា បច្ចុប្បន្ននៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំងមានតម្រូវការឈាមជាច្រើនសម្រាប់ជួយសង្គ្រោះអ្នកជំងឺ ក្នុងពេលដែលមានរងគ្រោះផ្សេងៗ និងជួយដល់អ្នកដែលគ្មានសាច់ញាតិ ហើយត្រូវការឈាមសម្រាប់សង្គ្រោះបន្ទាន់ ។
សូមរំឮកផងដែរថា សិស្សវិទ្យាល័យព្រះបាទសុរាម្រឹតចំនួន៤០នាក់បានស្ម័គ្រចិត្តផ្តល់ឈាមជូនមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង។ ការផ្តល់ឈាមរបស់សិស្សានុសស្សនេះ គឺបានធ្វើឡើងកាលពីថ្ងៃទី២៣ ខែ មករា ឆ្នាំ២០១៩ នៅក្នុងបរិវេណវិទ្យាល័យព្រះបាទសុរាម្រឹត ស្ថិតក្នុងភូមិស្រែព្រី សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ក្រោមការចូលរួមពីលោក ទុំ សម្បត្តិ ប្រធានអនុប្រធាន មន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង និងលោកនាយកសាលាវិទ្យាល័យព្រះបាទសុរាម្រឹត ផងដែរ ៕
ចែករំលែកព័តមាននេះ