ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកនាំពាក្យ ៖ គ​.​ជ​.​ប ពិន័យ​អតីត​សកម្ម​ជន​បក្ស​ប្រឆាំង​៣​នាក់​ចំនួន​២០​លាន​រៀល

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​បាន​បញ្ជាក់​កាលពី​ព្រឹក​ថ្ងៃ​ទី​២៣ ខែមករា​ថា លោក ជា ជីវ​,…

រាជធានី​ភ្នំពេញ ៖ លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​បាន​បញ្ជាក់​កាលពី​ព្រឹក​ថ្ងៃ​ទី​២៣ ខែមករា​ថា លោក ជា ជីវ​, លោក ថោ​ង សា​រឿ​ន និង​លោក គ្រុយ គឹ​ម​សាំង បាន​យល់ព្រម​ចូលខ្លួន​មក​បង់ប្រាក់​ពិន័យ​តាម​លិខិត​បង្គាប់​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (​គ​.​ជ​.​ប​) រួច​ហើយ នៅ​លេខាធិការដ្ឋាន​រៀបចំ​ការ​បោះ​ឆ្នោត​ខេត្តបាត់ដំបង កាលពី​ថ្ងៃ​ទី​១៨ ខែមករា ឆ្នាំ​២០១៩ ។

លោក​បន្ត​ថា គជ​ប​បាន​បញ្ជាក់​ថា​ប្រាក់​ដែល​ត្រូវ​ពិន័យ​ក្នុង​ម្នាក់​ៗ មាន​ដូច​ខាងក្រោម ៖ ១-​ឈ្មោះ ជា ជីវ រស់នៅ​ភូមិ​ជំនីក ឃុំ​អន្លង់​វិល ស្រុក​សង្កែ ខេត្តបាត់ដំបង ត្រូវ​ពិន័យ​ជា​ប្រាក់​ចំនួន​១០​លាន​រៀល​។ ២-​ឈ្មោះ ថោ​ង សា​រឿ​ន រស់នៅ​ភូមិ​គាស់​ក្រឡ ឃុំ​គាស់​ក្រឡ ស្រុក​គាស់​ក្រឡ ខេត្តបាត់ដំបង និង​៣-​ឈ្មោះ គ្រុយ គឹ​ម​សាំង រស់នៅ​ភូមិ​ដូង ឃុំ​បឹង​រាំង ស្រុក​កំ​រៀង ខេត្តបាត់ដំបង ត្រូវ​ពិន័យ​ជា​ប្រាក់​ក្នុង​ម្នាក់​ៗ​ចំនួន​៥​លាន​រៀល ។

ប្រាក់​ពិន័យ​ទាំងអស់​ត្រូវ​បាន​បង់​តាម​រយៈ​លោក សួន ចំរើន ដែល​ជា​តំណាង​របស់​អ្នក​ទាំង​បី​។ ថវិកា​សរុប​២០​លាន​រៀល​នេះ ត្រូវ​បង់​ចូល​ជា​ថវិកា​របស់​រដ្ឋ​។

គ​.​ជ​.​ប បាន​លើក​ឡើង​ថា ការ​បង់ប្រាក់​ពិន័យ​នេះ ធ្វើ​ឡើង​តាម​អំណាច​សេចក្តីសម្រេច​បិទផ្លូវ​តវ៉ា​របស់​ក្រុមប្រឹក្សា​ជំនុំជម្រះ​នៃ​ក្រុមប្រឹក្សាធម្មនុញ្ញ​កាលពី​ថ្ងៃ​ទី​១៥ ខែសីហា ឆ្នាំ​២០១៨ ដោយ​តម្កល់​សេច​ក្តី​សម្រេច​លេខ ០០៩ ចុះ​ថ្ងៃ​ទី​០៨ ខែសីហា ឆ្នាំ​២០១៨ របស់​ក្រុមប្រឹក្សា​ជំនុំជម្រះ គ​.​ជ​.​ប ដែល​សម្រេច​ផ្តន្ទាទោស​បុគ្គល​ទាំង​៣​រូប​ខាងលើ​ពី​បទ «​រារាំង​ប្រជាពលរដ្ឋ​ដែល​មាន​សិទ្ធិ​បោះ​ឆ្នោត​មិន​ឱ្យទៅ​បោះ​ឆ្នោត និង​ធ្វើ​ឱ្យ​មានការ​ភាន់ច្រឡំ​នាំ​ឱ្យ​បាត់បង់​ទំនុកចិត្ត​លើ​ការ​បោះ​ឆ្នោត​» តាម​មាត្រា ១៤២ នៃ​ច្បាប់​ស្តី​ពី​ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ ។

សូម​រំលឹក​ផង​ដែរ​ថា ក្នុងអំឡុងពេល​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ លោក ជា ជីវ បាន​ផ្តួចផ្តើម​គំនិត​ធ្វើ​សកម្មភាព​ជួបជុំ​មនុស្ស​ជា​ច្រើន និង​ថតរូប​ម្រាមដៃ​ស្អាត​។

ក្រោយ​ពី​បញ្ចប់​ការ​ជួបជុំ លោក ជា ជីវ លោក គ្រុយ គឹ​ម​សាំង និង​លោក ថោ​ង សា​រឿ​ន អតីត​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ បាន​បង្ហោះ​រូបថត​នៅ​លើ​គណនី​បណ្តាញ​សង្គម (Facebook) របស់​ខ្លួន ដោយ​មាន​សរសេរ​ពាក្យពេចន៍​ដូច​ជា «​ម្រាមដៃ​ខ្ញុំ​ពិតជា​ស្អាត ម្រាមដៃ​ខ្ញុំ​ត្រូវ​តែ​ស្អាត បើ​គ្មាន​គណបក្ស​សង្គ្រោះ​ជាតិ និង​ម្រាមដៃ​ស្អាត​» ។

តាម​សេចក្តី​ប្រកាស​ព័ត៌មាន គ​.​ជ​.​ប បាន​អះអាង​ថា យុទ្ធនាការ​ម្រាមដៃ​ស្អាត​នេះ ពិតជា​មាន​ផល​ប៉ះពាល់​ដល់​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត ហើយ​ជាក់ស្តែង​អត្រា​នៃ​អ្នក​ចេញ​ទៅ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​មាន​ចំនួន​៨៣,០២% ទាប​ជាង​អត្រា​នៃ​អ្នក​ចេញ​ទៅ​បោះ​ឆ្នោត​ជ្រើស រើស​ក្រុមប្រឹក្សា​ឃុំ​-​សង្កាត់ ឆ្នាំ​២០១៧ ដែល​មាន​ចំនួន​៩០.៣៧% និង​ជា​ពិសេស​សន្លឹក​ឆ្នោត​ខូច​មាន​ចំនួន​រហូត​ដល់​ជាង ៩% ដែល​មិន​ធ្លាប់​មាន​ក្នុង​ប្រវត្តិ​នៃ​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា​។

គ​.​ជ​.​ប មាន​សិទ្ធិ​ពេញលេញ​ក្នុង​ការ​អនុវត្ត​សមត្ថកិច្ច​របស់​ខ្លួន​ស្រប​តាម​រដ្ឋធម្មនុញ្ញ ច្បាប់​ស្តី​ពី​ការ​បោះ​ឆ្នោត​ជា​ធរមាន បទបញ្ជា និង​នីតិវិធី​សម្រាប់​ការ​បោះ​ឆ្នោត​ដែល​កំណត់​ដោយ គ​.​ជ​.​ប ៕

កែសម្រួលដោយ