សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាមានប្រសាសន៍ទៅកាន់ក្មួយៗនិស្សិតដែលកំពុងសិក្សានៅក្នុងប្រទេសចិនថា ការបណ្ដុះបណ្ដាលធនធានមនុស្ស នៅតែជាកត្តាយុទ្ធសាស្ត្រយូរអង្វែងរបស់កម្ពុជា ។
សម្ដេចនៅតែចាប់ដៃគូជាមួយចិនក្នុងការបណ្ដុះបណ្ដាលធនធានមនុស្សជួយដល់ប្រទេសកម្ពុជា សម្ដេចនឹងបន្តចរចាជាមួយភាគីចិន ដើម្បីបន្តជួយបណ្ដុះបណ្ដាលធនធានមនុស្សរបស់កម្ពុជាសម្រាប់រយៈពេលវែងតទៅមុខទៀត ។
សម្ដេចតេជោនាយករដ្ឋមន្ត្រីមានប្រសាសន៍ទៅកាន់ក្មួយៗជានិស្សិតនារសៀលថ្ងៃទី២០ ខែមករានេះ បន្ទាប់ពីសម្ដេចអញ្ជើញដល់ទីក្រុងប៉េកាំងសម្ដេចបានផ្ដល់កិត្តិយសសំណេះសំណាលជាមួយក្មួយៗនិស្សិតកម្ពុជាចំនួន៤៦៧នាក់ ដែលកំពុងសិក្សានៅក្នុងប្រទេសចិន ។
សម្ដេចតេជោនាយករដ្ឋមន្ត្រីមានប្រសាសន៍គូសបញ្ជាក់ថា ការជួយរបស់ចិនដល់កម្ពុជា គឺដើម្បីការរីកចម្រើនខាងសេដ្ឋកិច្ច ពិសេស គឺដើម្បីពង្រឹងនូវឯករាជ្យភាពរបស់កម្ពុជា ដើម្បីបញ្ចៀសពីការប៉ុនប៉ងផ្ដួលរំលំពីសំណាក់បរទេសមួយចំនួនដែលមានមហិច្ឆតាផ្ដួលរំលំ ឮគ្រប់រូបភាពទាំងអស់ ។
សម្ដេចតេជោមានប្រសាសន៍បន្តថា ដំណើរទស្សនកិច្ចរបស់សម្ដេចមកកាន់ប្រទេសចិននៅពេលនេះដែលចាត់ទុកថា ជាដំណើរទស្សនកិច្ចជាផ្លូវការលើកទី៦នោះសម្ដេចនឹងជួបចរចាជាមួយភាគីចិនទាំងអស់ ការកៀងគររកកម្ចីសម្បទានរោងការតបណ្ដាញចែកចាយអគ្គិសនីអោយបានគ្រប់បណ្តាញជនបទនៅទូទាំងព្រះរាជាណាចក្រកម្ពុជាសំដៅធ្វើយ៉ាងណាអោយតម្លៃអគ្គិសនីកាន់តែមានតម្លៃថោក នៅបណ្ដាឆ្នាំខាងមុខសំដៅបែងចែកផ្លែផ្កានៃកំណើនសេដ្ឋកិច្ច និងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាជនកម្ពុជា ។ ទន្ទឹមនឹងនោះសម្ដេចតេជោក៏បានណែនាំដល់ក្មួយៗនិស្សិតទាំងអស់ត្រូវបន្តតាមដានការវិវត្តន៍សុភីផ្កាសាកលលោក ។
សម្ដេចតេជោក៏បានគូសបញ្ជាក់ទៀតថា ទោះបីបើមានប្រទេសមួយចំនួនរងគ្រោះដោយវិបត្តិសេដ្ឋកិច្ច ឬសង្គ្រាមពាណិជ្ជកម្មក្តី គឺយើងមិនត្រូវឲ្យកើតមានឡើងក្នុងប្រទេសកម្ពុជានោះទេ ។ ពោល គឺយើងត្រូវខិតខំថែរក្សានូវសុខសន្តិភាពស្ថេរភាពនយោបាយ ដើម្បីជំរុញកំណើននិងការអភិវឌ្ឍសេដ្ឋកិច្ចឲ្យកាន់តែរឹងមាំទ្វេឡើងថែមទៀត ។ ជាមួយនឹងការថ្លែងនោះដែរសម្ដេចតេជោនាយករដ្ឋមន្ត្រីមានប្រសាសន៍ពីចក្ខុវិស័យនៃការបន្តបញ្ចុះតម្លៃអគ្គិសនីបន្តទៀតនៅឆ្នាំ ២០២១ ដើម្បីអោយតម្លៃអគ្គិសនីកាន់តែចុះថោកថែមទៀត ។
គ្រាន់តែចិនវិនិយោគនៅខេត្តព្រះសីហនុ ឬកន្លែងដទៃទៀតគេថា រាជរដ្ឋាភិបាលកម្ពុជាកាត់ដីឲ្យចិន ខណៈដែលខ្លួនមិនបានជួយអ្វីខ្លះដល់កម្ពុជា ។ បច្ចុប្បន្ននៅលើសកលលោកកំពុងតែធ្វើការទាក់ទាញភ្ញៀវទេសចរចិនខ្លាំងណាស់រាប់ទាំងប្រទេសជិតខាងកម្ពុជាផងដែរ ក៏កំពុងតែមានការទាក់ទាញភ្ញៀវទេសចរ និងអ្នកវិនិយោគចិនផងដែរ ។
សម្តេចតេជោនាយករដ្ឋមន្ត្រីក៏បានមានប្រសាសន៍លើកឡើងដែរថា ការតាក់តែងក្រុមប្រតិបត្តិសមុទ្រខាងត្បូង (COC ) គ្រោងនឹងបញ្ចប់ក្នុងរយៈពេលប្រមាណ៣ឆ្នាំខាងមុខដែលជាការលើកឡើងរបស់លោកនាយករដ្ឋមន្ត្រីចិននៅចំពោះមុខមេដឹកនាំអាស៊ានកាលដែលនៅក្នុងកិច្ចប្រជុំកំពូលអាស៊ាននៅប្រទេសសិង្ហបុរីកាលពីពេលកន្លងមក ។
ទន្ទឹមនឹងនេះសម្តេចតេជោនាយករដ្ឋមន្ត្រីក៏បានអំពាវនាវដល់និស្សិតកម្ពុជាទាំងអស់ដែលកំពុងសិក្សានៅក្នុងប្រទេសចិនក្នុងនោះគឺទី១ ត្រូវខិតខំគោរពច្បាប់ និងវិន័យរបស់ប្រទេសចិន ។ ទី២ ខិតខំជួយយកអាសារគ្នាទៅវិញទៅមក និងទី៣ ខិតខំសិក្សា និងផ្តល់ឱកាសនៃការសិក្សាឲ្យកាន់តែរីកចម្រើនថែមទៀត ។
ដោយបានមើលឃើញអំពីសេចក្តីត្រូវការចាំបាច់របស់ក្មួយៗ និស្សិតសម្ដេចតេជោនាយករដ្ឋមន្ត្រីបានឧបត្ថម្ភថវិកាមួយចំនួនដល់និស្សិតផ្ទាល់ និងបានជួយដល់សមាគមនិស្សិតដែលកំពុងសិក្សានៅប្រទេសចិនចំនួន៣ម៉ឺនដុល្លារអាមេរិកថែមទៀតបូក និងប្រាក់ឧបត្ថម្ភតាមរយៈសភាពាណិជ្ជកម្មកម្ពុជាដែលមានអ្នកឧកញ៉ាគិត ម៉េង ជាប្រធានសភាពាណិជ្ជកម្មចំនួនទឹកប្រាក់៥ម៉ឺនដុល្លារអាមេរិក និងថវិការបស់ថ្នាក់ដឹកនាំមួយចំនួនទៀត និងចំនួន១ម៉ឺនដុល្លារអាមេរិកទៀត ដើម្បីទំនុកបំរុងសមាគមនិស្សិតនៅប្រទេសចិនឲ្យមានលទ្ធភាពបន្តកិច្ចការរបស់ខ្លួន ៕
ចែករំលែកព័តមាននេះ