ទីក្រុងប៉េកាំង ៖ សេដ្ឋវិទូ និងអ្នកជំនាញជឿជាក់ថា សេដ្ឋកិច្ចរបស់ប្រទេសចិននឹងបន្តមានស្ថិរភាពក្នុងឆ្នាំ២០១៩នេះ ខណៈដែលប្រទេសនេះចេញគោលនយោបាយហិរញ្ញវត្ថុនិងរូបិយប័ណ្ណដើម្បីជំរុញដល់សេដ្ឋកិច្ច ។ នេះបើតាមការចេញផ្សាយពីសារព័ត៌មាន China Daily កាលពីថ្ងៃទី១៤ មករា កន្លងមក ។
លោក Sheng Songcheng ដែលមកពីធនាគារជាតិរបស់ប្រទេសចិនបានប្រាប់ទ Securities Daily ថា ៖« គោលនយោបាយត្រូវការពេលវេលា មុននឹងអាចមានប្រសិទ្ធភាពសម្រាប់សេដ្ឋកិច្ចចិន»។ លោក Sheng ព្យាករណ៍មកថា សេដ្ឋកិច្ចរបស់ប្រទេសនឹងមានស្ថិរភាព បន្ទាប់ពីត្រីមាសទី១នាឆ្នាំនេះ ហើយអាចនឹងកាន់តែល្អប្រសើរឡើងនៅឆមាសទី២ផងដែរ ។
ផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេសចិននឹងលូតលាស់បាន ៦,៧% បើធៀបនឹងបីត្រីមាសដំបូងនាឆ្នាំ២០១៨ ឬខ្ពស់ជាងគោលដៅប្រចាំឆ្នាំរបស់រដ្ឋាភិបាលដែលស្មើតែ៦,២%ប៉ុណ្ណោះ ។ លោកបានបន្ថែមទៀតថា ការលូតលាស់នៃវិធានការផ្គត់ផ្គង់សាច់ប្រាក់នឹងប្រសើរឡើងវិញក្នុងឆ្នាំនេះ ស្របទៅនឹងរចនាសម្ព័ន្ធវិនិយោគដែលល្អប្រសើរជាងមុន និងកំណើននៃការផ្លាស់ប្តូរផ្នែកឧស្សាហកម្ម ព្រមទាំងការលូតលាស់នៃការប្រើប្រាស់សេវាកម្មជាដើម ។
ទិន្នន័យពីធនាគារជាតិបានបង្ហាញមកថា ការផ្គត់ផ្គង់សាច់ប្រាក់បានកើនឡើង៨% បើធៀបនឹងឆ្នាំ២០១៧មកស្មើប្រមាណជិត២៧ទ្រីលានដុល្លារនៅចុងខែវិច្ឆិកាឆ្នាំ២០១៨ ។
លោក Zhu Baoliang សេដ្ឋវិទូនៅមជ្ឈមណ្ឌលរដ្ឋផ្តល់ព័ត៌មានបានឲ្យដឹងមកថា រចនាសម្ព័ន្ធ គុណភាព និងប្រសិទ្ធភាពនៃសេដ្ឋកិច្ចរបស់ប្រទេសចិនបានល្អប្រសើរជាងមុន ខណៈដែលហានិភ័យហិរញ្ញវត្ថុក៏បានបាត់ទៅវិញខ្លះៗដែរ ។
អ្នកជំនាញមួយចំនួនបាននិយាយថា ដើម្បីរក្សាការលូតលាស់សេដ្ឋកិច្ចឲ្យមានស្ថិរភាព ប្រទេសចិនអាចអនុវត្តវិធានការមួយចំនួនដូចជាកាត់បន្ថយពន្ធ និងថ្លៃសេវាកម្មជាដើម ៕
ចែករំលែកព័តមាននេះ