ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​តណ្ហា​ជា​អ្វី​ទៅ ?

5 ឆ្នាំ មុន

ជា​ទូទៅ​ច្រើន​តែ​យល់​ថា តណ្ហា​នេះ​សំដៅលើ​តម្រេក ក្នុង​ន័យ​សំដៅ​ទៅ​លើ​ផ្លូវ​កាម តែ​ពាក្យ​តណ្ហា​នេះ​បើ​ពិនិត្យ​សេចក្តី​ឱ្យ​មែនទែន​ទៅ ប្រែ​ថា​ចំណង់ ។ រឿង​ចំណង់​នេះ​គ្រាន់តែ​ជា​ពាក្យ​នៅ​កណ្តាល​ប៉ុណ្ណោះ​គឺ មិន​ទាន់​ល្អ ឬ​អាក្រក់​នោះ​ទេ ឧទាហរណ៍ៈ…

ជា​ទូទៅ​ច្រើន​តែ​យល់​ថា តណ្ហា​នេះ​សំដៅលើ​តម្រេក ក្នុង​ន័យ​សំដៅ​ទៅ​លើ​ផ្លូវ​កាម តែ​ពាក្យ​តណ្ហា​នេះ​បើ​ពិនិត្យ​សេចក្តី​ឱ្យ​មែនទែន​ទៅ ប្រែ​ថា​ចំណង់ ។

រឿង​ចំណង់​នេះ​គ្រាន់តែ​ជា​ពាក្យ​នៅ​កណ្តាល​ប៉ុណ្ណោះ​គឺ មិន​ទាន់​ល្អ ឬ​អាក្រក់​នោះ​ទេ ឧទាហរណ៍ៈ បើ​បុគ្គល​ណា​ចង់បាន​អ្វីមួយ​មិន​ថា​រឿង​ស្នេហា ឬ​ខាង​លាភសក្ការៈ ហើយ​តាំងចិត្ត​ប្រឹងប្រែង​ព្យាយាម​ធ្វើ ដើម្បី​ឲ្យ​បាន​នូវ​របស់​ដែល​ចង់​នោះ ដោយ​វិធី​សុចរិត​ត្រឹមត្រូវ ចំណង់​នោះ​គឺជា​ចំណង់​ល្អ គួរ​ជ្រោមជ្រែង​ប្រព្រឹត្ត​បន្ថែម​ទៀត ព្រោះ​ជា​កុសលកម្ម ។

តែបើ​បុគ្គល​ចង់បាន​អ្វីមួយ ហើយ​មិន​ប្រព្រឹត្ត​ធ្វើ​ដោយ​អំពើ​សុចរិត បែរជា​រក​វិធី​ដើម្បី​ឲ្យ​បាន​របស់​នោះ​ដោយ​ផ្លូវ​ទុច្ចរិត​ប្រព្រឹត្ត​បំពាន​ទៅ​វិញ​ដូច​ជា កុហក​បោកប្រាស​គេ បៀតបៀន ឈ្នានីស ហួងហែង​គេ សម្លុត​គំរាម ចាប់រំលោភ​គេ​ជាដើម ចំណង់​នេះ​ហៅ​ថា​ជា​ចំណង់​មិនល្អ មានទោស ត្រូវ​លះ​ចេញ​ឱ្យ​អស់ ។

ទោះជា​ចំណង់​ក្នុង​ផ្លូវ​ល្អ​តាម​គន្លង​ធម៌​ក៏​ដោយ​ចុះ ប៉ុន្តែ​ក៏​ត្រូវ​ឲ្យ​សម​ល្មម​ផង​ដែរ​ដូច​ជា សម​ល្មម​នឹង​ឋានៈ​តួនាទី​របស់​ខ្លួន​, សម​ល្មម​នឹង​ចំណេះដឹង​, សម​ល្មម​នឹង​សមត្ថភាព សម​ល្មម​ជាមួយ​ការងារ​ជាដើម ។

បើ​បុគ្គល​មិន​ស្គាល់​ខ្លួន​ជា​អ្នក​ណា ខ្លួន​គួរ​នឹង​បាន​អ្វី គួរ​នឹង​មាន​ត្រឹមណា គួរ​នឹង​រស់នៅ​របៀប​ណា​ទៅ​តាម​លក្ខណៈ​ជាក់ស្តែង​នៃ​ស្ថានភាព​គ្រួសារ រវល់​តែ​រត់​តាម​អ្នក​ដទៃ ចង់​មាន ចង់បាន ចង់​ខ្ពស់ ចង់​រស់​ហ៊ឺហា ឡូយឆាយ​ដូច​គេ​គ្រប់​យ៉ាងនោះ ចំណង់​នេះ​នឹង​នាំ​ជីវិត​របស់​អ្នក​ទៅ​រកក្តី​ក្តៅក្រហាយ ពី​ក្តី​វិបត្តិ​គ្មាន​ទីបំផុត​ឡើយ ។