រាជធានីភ្នំពេញ៖ទៅសម្តែងនៅបរទេសកាលពីប៉ុន្មានខែមុន លោកនៅ ស៊ីនឿនបានជួបស្នេហ៍នៅទីនោះ ។ វាជាស្នេហ៍ប្រាកដប្រជាដោយបានភ្ជាប់ពាក្យនឹងគ្នានាពេល ថ្មីៗកន្លងមក ។ តើស្នេហាមួយនេះមានប្រវត្តិចាប់ផ្តើមឡើងបែបណា ?

តារាចម្រៀងនៅផលិតកម្មហង្សមាស លោក នៅ ស៊ីនឿន បានរៀបរាប់ឱ្យដឹងពីប្រវត្តិដែលនាំឱ្យលោក និងគូដណ្ដឹងបានទាក់ទងសាងស្នេហានឹងគ្នា ។ អ្នកទាំងពីរគ្រោងនឹងរៀបការនៅចុងឆ្នាំ២០១៩នេះ ។ លោកស៊ីនឿនបានរៀបរាប់ក្នុងថ្ងៃភ្ជាប់ពាក្យយ៉ាងអធិកអធមកាលពីចុងខែធ្នូកន្លងទៅថាហេតុផលដែលនាំឱ្យលោក និងកញ្ញា ដូមីនិក ស្រឡាញ់គ្នា គឺដោយសារតែកាលពីដើមឆ្នាំ២០១៨ក្នុងពេលទៅច្រៀងលើកដំបូងនៅលើទឹកដីសហរដ្ឋអាមេរិក លោកបានជួបនាង ។

ដោយសារតែសម្រស់ និងភាពរួសរាយរាក់ទាក់របស់នាង ធ្វើឱ្យលោកកត់សម្គាល់ ហើយតាមសុំស្គាល់ ។ «ខ្ញុំរមែងឆាតសួរសុខទុក្ខ និងបង្កបរិយាកាសរីករាយឱ្យនាងជាប្រចាំ ។ រហូតដល់អំឡុងខែមេសាក្នុងឆ្នាំ២០១៨ដដែល ខ្ញុំក៏មានឱកាសទៅច្រៀងនៅលើទឹកដីសហរដ្ឋអាមេរិកម្ដងទៀត ហើយក៏កាន់តែជិតស្និទ្ធជាមួយនាង និងឈានដល់ការចែចូវដល់ចាស់ទុំតែម្ដង ។ ខ្ញុំស្គាល់នាងតែប៉ុន្មានខែប៉ុណ្ណោះ ក៏ហ៊ានសារភាពថាស្រឡាញ់ និងចង់បាននាងជាភរិយា ហើយក្នុងពេលជួបនាងម្ដងទៀតនៅអាមេរិក ក៏សុំស្ដីដណ្ដឹងនាងតែម្ដង ដោយសារតែមាននិស្ស័យ និងការដក់អារម្មណ៍ខ្លាំងឡើង ។

យ៉ាងណាមិញ បើទោះជាបានស្រឡាញ់ និងយល់ចិត្តគ្នាមិនចាញ់ពីអ្នកស្រឡាញ់គ្នាច្រើនឆ្នាំយ៉ាងនេះក្ដី តែរហូតគម្រប់មួយឆ្នាំនៃការភ្ជាប់ពាក្យទើបសម្រេចចិត្តរៀបការ »។ ហេតុដែលមិនទាន់ចង់រៀបការឆាប់ពេលនោះ លោកនៅ ស៊ីនឿន ថាដោយសារតែនាងចង់ទុកពេលបង្កើនជំនាញសាឡនរបស់នាងឱ្យកាន់តែស្ទាត់សិន ស្របគ្នាដែលនាងទើបតែមានវ័យ២១ឆ្នាំ ដោយចង់រៀបការក្នុងវ័យ២២ឆ្នាំ ។

ក្រោយពេលរៀបការរួចលោកនៅ ស៊ីនឿន ចង់រស់នៅស្រុកខ្មែរដោយសារមានកេរ្តិ៍ឈ្មោះនិងមុខរបរសិល្បៈ ។ ដូចនេះហើយទើបលោកស្ទាក់ស្ទើរចិត្ត គួរតែទៅនៅ ឬមិនទៅ ។ «ប៉ុន្តែបើយោងលើយើងដាក់ចិត្តស្រឡាញ់នារីម្នាក់ចេញពីបេះដូង ខ្ញុំតាមចិត្តគាត់ ហើយសុខចិត្តធ្វើតាមអ្វីដែលនាងសំណូម ពរ »។

កញ្ញាដូមីនិកវិញ និយាយថា«នាងខ្ញុំមិនប្រចណ្ឌគូដណ្តឹងក្នុងអាជីពសិល្បៈទេ ព្រោះយល់ពីរឿងបែបនេះ ។ លើសពីនេះក៏មិនហាមឲ្យគាត់បោះបង់សិល្បៈចោលដែរព្រោះតស៊ូយូរមកហើយ មានតែសម្រេចឲ្យគាត់ពេញចិត្តធ្វើនូវអ្វីដែលជាមុខរបរសម្រាប់ជីវិត»៕
ចែករំលែកព័តមាននេះ