រាជធានីភ្នំពេញ ៖ ស្របពេលប្រទេសកម្ពុជាកំពុងមានការអភិវឌ្ឍន៍ជាបន្តបន្ទាប់ ការវិនិយោគលើវិស័យផ្សេងៗ ក៏កំពុងតែបោះជំហានទៅមុខបណ្ដើរៗដែរ ក្នុងនោះវិស័យដឹកជញ្ជូន ការបញ្ជាទិញទំនិញក្រៅប្រទេស តាមរយៈផ្សារអនឡាញ ក៏កំពុងមានសកម្មភាពផុសផុលដែរ ។ តែដើម្បីទាក់ទាញអតិថិជន អ្នកប្រើប្រាស់ឱ្យកាន់តែខ្លាំងនោះវិនិយោគិនត្រូវចេះរកអ្វីដែលថ្មីផ្ដល់ភាពងាយស្រួលដល់អ្នកប្រើប្រាស់ ។

ដើម្បីបង្កភាពងាយស្រួលដល់អាជីវកម្មមួយនេះ វិនិយោគិនហុងកុងដែលវិនិយោគលើអាជីវកម្មផ្សារអនឡាញនៅកម្ពុជា បានច្នៃជាទូឆ្លាតវៃ ឬហៅថា “Luck & Lock” ស្រដៀងនឹងទូរអេធីអឹម របស់ធនាគារដែរ ។ ទូនេះ អតិថិជនអាចទៅទទួលទំនិញដោយមិនចាំបាច់មានបុគ្គលិកចាំបម្រើការឡើយ ពោលគឺពួកគេអាចទៅបើកយកទំនិញគ្រប់ប្រភេទ ដោយគ្រាន់តែបញ្ចូលលេខទូរស័ព្ទ និងលេខកូដដែលក្រុមហ៊ុនបានបញ្ជូនទៅឱ្យជាការស្រេច ។

បើតាមលោក លីវ យ៉ុង ជាស្ថាបនិក នៃក្រុមហ៊ុនផ្សារ ថាវ អនឡាញ ( PsarTao.online ) បានឱ្យដឹងថា លោកបានចាប់ផ្ដើមអាជីវកម្មផ្សារអនឡាញនៅកម្ពុជា ចាប់តាំងពីអំឡុងខែ សីហា ឆ្នាំ២០១៨ នេះ តែដំបូងឡើយអាជីវកម្មហាក់មិនទាន់មានការគាំទ្រ ដោយសារតែអតិថិជនអាចមកទាន់ស្គាល់ក្រុមហ៊ុនលោក ។ ក្រោយមកទៀត អាជីវកម្មហាក់ទទួលបានការគាំទ្របន្តិចម្ដងៗពីអតិថិជន ព្រោះក្រុមហ៊ុនលោកបានរកឃើញអ្វីដែលថ្មី មិនធ្លាប់មានសម្រាប់អតិថិជនកម្ពុជា នោះគឺទូឆ្លាតវៃ ឬហៅថា (“Luck & Lock” ) ដោយមិនចាំបាច់ឱ្យអតិថិជនមកបើកទំនិញរបស់ខ្លួនពីបុគ្គលិកនោះទេ ។

លោកបន្តថា អ្វីដែលធ្វើឱ្យលោកសម្រេចចិត្តបណ្ដាក់ទុនវិនិយោគនៅក្នុងប្រទេសកម្ពុជា ព្រោះលោកមើលឃើញថា កម្ពុជា ជាប្រទេសកំពុងអភិវឌ្ឍន៍ ហើយអ្វីៗនឹងប្រសើរជាងនេះនៅពេលអនាគត ដូច្នេះវាជាឱកាសល្អសម្រាប់វិនិយោគិនដូចជារូបលោកក្នុងការបណ្ដាក់ទុន ។
លោក លីវ យ៉ុង ថា «យើងសម្រេចចិត្តបណ្ដាក់ទុនលើអាជីវកម្មផ្សារអនឡាញ ព្រោះយើងបានសម្លឹងឃើញថា ពលរដ្ឋកម្ពុជាមួយចំនួនបាននិងកំពុងប្រើប្រាស់ការទិញទំនិញពីក្រៅប្រទេសតាមរយៈវែបសាយមួយចំនួន ដូច្នេះការចូលមកវិនិយោគរបស់យើង ជាជំរើសថ្មីសម្រាប់អតិថិជនកម្ពុជា ។ ម្យ៉ាងវិញទៀត ការមកបណ្ដាក់ទុនរបស់ខ្ញុំនៅកម្ពុជានេះដែរ ក៏ដោយសារមានការណែនាំ និងផ្ដល់ទំនុកចិត្ត មិត្តកម្ពុជាម្នាក់របស់ខ្ញុំម្នាក់ ព្រមទាំងបានផ្ដល់ឱកាសរកស៊ីជាមួយគ្នា » ។

លោកបន្ថែមថា ផ្សារ ថាវ អនឡាញ (PsarTao.online ) មានទំនិញជាច្រើនដែលប្រជាពលរដ្ឋកម្ពុជា ព្រោះផ្សារថាវ គឺមានមុខទំនិញជាច្រើនសម្រាប់ និងអាចបញ្ជាទិញបានគ្រប់ពេលវេលា ។ ម្យ៉ាងវិញទៀត ពលរដ្ឋក៏អាចធ្វើការទូទាត់ទំនិញរបស់ខ្លួន តាមរយៈអនឡាញបានផងដែរ ហើយពេលនេះមានជំរើសទូទាត់ថ្មីមួយទៀតផងដែរ គឺ Pi Pay ដែលជាការទូទាត់ថ្មីមួយផងដែរ កំពុងមានប្រជាប្រិយនៅក្នុងទីផ្សារហិរញ្ញវត្ថុកម្ពុជា។

ស្ថាបនិកនៃក្រុមហ៊ុនផ្សារ ថាវ អនឡាញ បន្ថែមទៀតថា ក្រុមហ៊ុនមានមហិច្ឆតាពង្រីកសាខាមួយកន្លែង នៅខេត្តព្រះសីហនុ ព្រោះខេត្តនេះ គឺជាខេត្តដែលមានសក្ដានុពល ក្នុងការអភិវឌ្ឍន៍ ហើយតម្រូវការនូវសម្ភារៈនានានឹងមានច្រើន ដូច្នេះបើសិនជាយើងមានសាខាតែនៅភ្នំពេញមួយកន្លែង នោះយើងនឹងត្រូវចំណាយលើថ្លៃដឹកជញ្ជូនមួយដំណាក់កាលទៀត ក្នុងការនាំទំនិញទៅដល់អតិថិជន រឺអតិថិជន ត្រូវការចំណាយបន្ថែមពីលើជាដើម ។ លោកថា ៖« នៅអំឡុងខែកុម្ភៈឆ្នាំ ២០១៩ ខាងមុខនេះ យើងនឹងបង្កើតសាខាថ្មីមួយទៀត នៅខេត្តព្រះសីហនុ ដើម្បីរក្សាទំនិញរបស់យើងដែលបានបញ្ជាទិញពីទីតាំងនោះដូច្នេះ វាការសន្សំសំចៃមួយបន្ថែមទៀត របស់អតិថិជន និងក្រុមហ៊ុនផ្ទាល់តែម្ដង » ។

លោកបញ្ជាក់ថា បច្ចុប្បន្ននេះ ក្រុមហ៊ុនមានកិច្ចសហការ ជាមួយឃ្លាំងទំនិញធំមួយ នៅក្រុងហុងកុងប្រទេសចិន ហើយជាជំហានបន្ទាប់មកទៀត ក្រុមហ៊ុននឹងសហការជាមួយបណ្ដាប្រទេសដទៃទៀត ដែលអាចអនុញ្ញាតិឱ្យអតិថិជនរបស់ខ្លួនអាចបញ្ជាទិញទំនិញពីបណ្ដាប្រទេសជាច្រើនទៀត ។

គួរបញ្ជាក់ថា ក្រុមហ៊ុនផ្សារ ថាវ អនឡាញ (PsarTao.online ) មានគម្រោងបង្កើតទូឆ្លាតវៃនៅទូទាំងរាជធានីភ្នំពេញចំនួន៤០ទីតាំង នៅទីតាំងសំខាន់ៗដូចជានៅផ្សារទំនើប និងកន្លែងកម្សាន្តនានាជាដើម ដែលទូរនេះ នឹងសម្រួលដល់អតិថិជន ដែលជាអ្នកប្រើប្រាស់ការទិញទំនិញតាមអនឡាញ ហើយក្រុមហ៊ុនរំពឹងថាការនាំយកនូវអ្វីដែលថ្មី មកកាន់កម្ពុជា ៕ ដោយសហការ





ចែករំលែកព័តមាននេះ