រាជធានីភ្នំពេញ ៖ យុវជនដែលជានិស្សិតនៅតាមបណ្ដាសាកលវិទ្យាល័យនានា បានត្រៀមខ្លួនរួចជាស្រេចហើយ ដើម្បីចូលរួមក្នុងពិព័រណ៍ការងារ និងផលិតភាពជាតិ នាចុងសប្ដាហ៍នេះ ដែលនឹងផ្ដល់ឱកាសដល់ពួកគេទទួលបានការងារធ្វើ ។

ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចុះទៅផ្សព្វផ្សាយនៅតាមបណ្ដាសាកលវិទ្យាល័យ និងវិទ្យាស្ថាននានានៅរាជធានីភ្នំពេញ អំពីពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ២០២៥ ដែលនឹងប្រព្រឹត្តទៅរយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី១-២ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅអគារពិព័រណ៍កោះពេជ្រ ។

កញ្ញា រុំ សារ៉ាណា និស្សិតនៅសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប រៀនជំនាញអក្សរសាស្ដ្រចិន ប្រាប់ថា កញ្ញា បានទទួលព័ត៌មានអំពីពិព័រណ៍ការងារ និងផលិតភាពជាតិ តាមរយៈការផ្សព្វផ្សាយរបស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) ក៏ដូចជាការផ្សព្វផ្សាយបន្ថែមពីគណៈគ្រប់គ្រងសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ។
រុំ សារ៉ាណា និយាយថា នេះជាឱកាសដ៏ល្អមួយសម្រាប់កញ្ញា ដើម្បីជ្រើសរើសក្រុមហ៊ុនដែលខ្លួនពេញចិត្ត ព្រោះមានក្រុមហ៊ុនចូលរួមច្រើន និងមានឱកាសការងាររាប់ម៉ឺនកន្លែង ហើយកញ្ញាក៏បានត្រៀម CV រួចរាល់ហើយដែរ។ និស្សិតរូបនេះ បានបន្ថែមថា «ខ្ញុំរៀបចំហើយ (CV) ខ្ញុំបានដាក់ពាក្យប៉ុន្មានកន្លែងហើយដែរ តែគេអត់ទាន់បានប្រាប់លទ្ធផល ហើយបើមានឱកាសការងារទៀតលទ្ធភាពរបស់ខ្ញុំ កាន់តែខ្ពស់ក្នុងការស្វែងរកការងារ» ។

និស្សិតមួយរូបទៀតឈ្មោះ ពិដោរ ផល្លីន រៀនជំនាញគ្រប់គ្រង ប្រាប់ដែរថា បន្ទាប់ពីទទួលបានព័ត៌មាននៃការរៀបចំពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ២០២៥នេះមក កញ្ញា បានរៀបចំ CV រួចរាល់ហើយ ដើម្បីដាក់ពាក្យនៅក្នុងកម្មវិធីនោះ។ ក្នុងនាមជានិស្សិតមួយរូប ផល្លីន ពិតជារីករាយដែលទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រៀបចំពិព័រណ៍នេះឡើង។ កញ្ញា ពិដោរ ផល្លីន បន្ថែមថា «ខ្ញុំប្រាកដជាទៅហើយ ព្រោះខ្ញុំចាប់អារម្មណ៍ និងចង់បានការងារធ្វើ» ។

ដូចគ្នាដែរ ហន សុខបញ្ញា និស្សិតផ្នែកច្ចេកវិទ្យាព័ត៌មាន IT ប្រាប់ថា លោក នឹងទៅចូលរួមពិព័រណ៍ការងារនៅថ្ងៃទី១-២ ខែវិច្ឆិកាខាងមុខនេះ ហើយដាក់ពាក្យនៅក្រុមហ៊ុនដែលខ្លួនស្រលាញ់ពេញចិត្ត ក៏ដូចជាត្រូវនិងជំនាញដែលខ្លួនរៀនដែរ ។ និស្សិត សុខបញ្ញា បានបន្ថែមថា «សូមអរគុណដល់ក្រសួងការងារ និងសាលា អាស៊ី អឺរ៉ុប ដែលបានផ្ដល់ឱកាសនេះដល់សិស្សានុ-សិស្សទាំងអស់គ្នា ដែលស្វែងរកការងារធ្វើ និងស្វែងរកបទពិសោធថ្មីៗ» ។
ក្រុមនិស្សិតខាងលើនេះ បានអះអាងថា ពួកគេ នឹងទៅចូលរួមពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ២០២៥ នាចុងសប្ដាហ៍នេះ ហើយពួកគេក៏នឹងបបួលមិត្តភក្ដិ និងអ្នកស្គាល់ដទៃទៀត ដើម្បីឱ្យទៅចូលរួមដែរ ដើម្បីទទួលបានឱកាសការងារទាំងអស់គ្នា ។

គួរឱ្យដឹងថា ពិព័រណ៍ការងារ និងផលិតភាពជាតិ ឆ្នាំ២០២៥ នឹងត្រូវធ្វើឡើងក្រោមប្រធានបទ «វិថីឆ្ពោះទៅរកផលិតភាព៖ ផ្សារភ្ជាប់ជំនាញ បច្ចេកវិទ្យា និងឱកាសការងារ» ។ ពិព័រណ៍នេះ នឹងមានការចូលរួមពីសំណាក់ក្រុមហ៊ុន សហគ្រាស ក្រសួង ស្ថាប័ន និងគ្រឹះស្ថានអប់រំបណ្តុះបណ្តាលចំនួនប្រមាណ ១៥០ ដែលនឹងផ្តល់ឱកាសការងារជាង ៣ម៉ឺនកន្លែង ៕ អត្ថបទសហការ

ចែករំលែកព័តមាននេះ