កូនខ្មែរអ្នកគោរពព្រះពុទ្ធសាសនាគប្បីដឹងពីបូជនីយដ្ឋានដ៏ពិសេសមានតែមួយគត់នៅកម្ពុជាគឹ ព្រះសក្យមុនីចេតិយសម្រាប់តម្កល់ព្រះបរមសារីរិកធាតុ និងព្រះអដ្ឋិធាតុនៃអគ្គសាវកពីរអង្គគឺ ព្រះសារីបុត្ត និងព្រះមោគ្គល្លានជាព្រះអរហន្តក្នុងលោក ។
ប្រវត្តិព្រះសក្យមុនីចេតិយបែបសង្ខេបៈ នៅថ្ងៃ២រោច ខែអស្សុជ ឆ្នាំរោង ចត្វាស័ក ពុទ្ធសករាជ២៤៩៥ត្រូវនឹងថ្ងៃអាទិត្យ ទី៥ តុលា ឆ្នាំ១៩៥២ ព្រះរាជាណាចក្រកម្ពុជាបានទទួលព្រះបរមសារីរិកធាតុ និងព្រះអរហន្តធាតុ គឺព្រះអដ្ឋិធាតុនៃព្រះសារីបុត្ត និងព្រះមោគ្គល្លាន ព្រមជាមួយកូនពោធិព្រឹក្សពីរដើម ដែលនាំមកពីប្រទេសឥណ្ឌា ។
ពិធីទទួលព្រះបរមសារីរិកធាតុ និងព្រះអរហន្តធាតុនៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ បានប្រព្រឹត្តទៅយ៉ាងមហោឡារិកក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង សម្តេចព្រះនរោត្តម សីហនុ ជាទីសក្ការៈ ។
អស់រយៈពេល៧ថ្ងៃគឺនៅថ្ងៃទី១១ តុលា ឆ្នាំ១៩៥២ មានប្រារព្ធពិធីជូនដំណើរដង្ហែដ៏មហោឡារិក ដូចពេលទទួលដែរ ។
បច្ច័យដែលកើតឡើងពីការបូជាក្នុងពិធីបុណ្យ៧យប់ ៧ថ្ងៃនេះ បានចំនួន១.៦៦៧.៣០៩រៀល។ បច្ច័យទាំងនេះបែងចែកជាពីរផ្នែក ៩០០.០០០រៀលសម្រាប់យកទៅកសាងមន្ទីរពេទ្យសម្រាប់ព្រះសង្ឃ ដែលក្រោយមកមានឈ្មោះថា មន្ទីរពេទ្យព្រះកុសុមៈបច្ចុប្បន្ននេះ ។
ចំណែកបច្ច័យ២០០.០០០រៀលទៀត សម្រាប់យកទៅចាត់ការស្ថាបនាព្រះមហាចេតិយនៅមុខស្ថានីយរាជាយស្ម័យយានសម្រាប់តម្កល់ព្រះបរមសារីរិកធាតុ។ ព្រោះហេតុនេះហើយបានជាព្រះមហាចេតិយនេះមានឈ្មោះថា ព្រះសក្យមុនីចេតិយរហូតមកដល់សព្វថ្ងៃនេះ ។
ចែករំលែកព័តមាននេះ