ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​នាំ​ចេញ​ទំនិញ​ទៅ​កាន់​147​ប្រទេស​លើ​ពិភពលោក

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្នុង​វិស័យ​ពាណិជ្ជកម្ម​វាង​កម្ពុជា និង​បណ្ដា​ប្រទេស​ជា​ដៃគូ​លើ​ពិភពលោក​កាន់តែ​មាន​ភាព​ជិត​ស្និទ្ធ​នឹង​គ្នា ហើយ​កម្ពុជា​ក៏​បាន​ពង្រីក​ទីផ្សារ​របស់​ខ្លួន​កាន់តែ​ទូលំទូលាយ​ផង​ដែរ ។ ជាក់ស្ដែង​ក្នុង​ឆ្នាំ​២០១៨​នេះ កម្ពុជា​បាន​នាំ​ចេញ​ទំនិញ​របស់​ខ្លួន​ទៅ​កាន់​ទីផ្សារ​ចំនួន​១៤៧​ប្រទេស​លើ​ពិភពលោក និង​នាំ​ចូល​មក​វិញ​ពី​បណ្ដា​ប្រទេស​ចំនួន​១៣៥ ។…

រាជធានី​ភ្នំពេញ ៖ ក្នុង​វិស័យ​ពាណិជ្ជកម្ម​វាង​កម្ពុជា និង​បណ្ដា​ប្រទេស​ជា​ដៃគូ​លើ​ពិភពលោក​កាន់តែ​មាន​ភាព​ជិត​ស្និទ្ធ​នឹង​គ្នា ហើយ​កម្ពុជា​ក៏​បាន​ពង្រីក​ទីផ្សារ​របស់​ខ្លួន​កាន់តែ​ទូលំទូលាយ​ផង​ដែរ ។ ជាក់ស្ដែង​ក្នុង​ឆ្នាំ​២០១៨​នេះ កម្ពុជា​បាន​នាំ​ចេញ​ទំនិញ​របស់​ខ្លួន​ទៅ​កាន់​ទីផ្សារ​ចំនួន​១៤៧​ប្រទេស​លើ​ពិភពលោក និង​នាំ​ចូល​មក​វិញ​ពី​បណ្ដា​ប្រទេស​ចំនួន​១៣៥ ។

បើ​តាម​ប្រសាសន៍​លោក​អគ្គបណ្ឌិត សភាចា​រ្យ អូន ព័ន្ធ​មុនី​រ័​ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​លើក​ឡើង​ថា កម្ពុជា​បាន​បើក​ទីផ្សារ និង​នាំ​ចេញ​ទំនិញ​ទៅ​កាន់​១៤៧​ប្រទេស ក្នុង​ទំហំ​ធំ​ជាង​៦០%​នៃ​ផលិតផល​ក្នុងស្រុក​សរុប​(​ផ​.​ស​.​ស​) និង​នាំ​ចូល​ទំនិញ​មក​បម្រើ​ការ​ផលិត និង​ប្រើប្រាស់​ពី​១៣៥​ប្រទេស ក្នុង​ទំហំ​ប្រមាណ​៦៥%​នៃ​ផ​.​ស​.​ស​ផង​ដែរ ។

លោក​ឧបនាយករដ្ឋមន្ត្រី បាន​បន្ដ​ថា ទំហំ​ពាណិជ្ជកម្ម​របស់​កម្ពុជា​មានកា​រវិ​វត្ត​កើន​ឡើងជា​លំដាប់​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ ដែល​ក្នុង​នោះ កំណើន​នៃ​ការ​នាំ​ចេញ​ក្រោម​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ បាន​សម្រេច​រហូត​ដល់​១៣​ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ​២០១៨ គឺ​កើនឡើង​ជិត​១៨% បើ​ធៀប​នឹង​តម្លៃ​ក្នុង​ឆ្នាំ​២០១៧​កន្លង​ទៅ ។

លោក​បន្ត​ថា វិស័យ​ពាណិជ្ជកម្ម គឺជា​ច​លករ​មួយ​ក្នុង​ចំណោម​កម្លាំង​ច​លករ​ដទៃ​ទៀត ក្នុង​ការ​ធ្វើ​ឱ្យ​កម្ពុជា​អាច​រក្សា​បាន​នូវ​កំណើនសេដ្ឋកិច្ច ដែល​មាន​ចីរភាព​។ លោក​ថ្លែង​ថា ៖« ក្នុង​រយៈពេល​ពីរ​ទសវត្សរ៍​ចុង​ក្រោយ ស្ថានភាព​ម៉ាក្រូសេដ្ឋកិច្ច​កម្ពុជា មាន​ភាពល្អ​ប្រសើរ ដោយ​សេដ្ឋកិច្ច​សម្រេច​បាន​នូវ​កំណើន​ប្រចាំឆ្នាំ​ជា​មធ្យម​ក្នុង​រង្វង់​៧% ដែល​កំណើន​នេះ ប្រកបដោយ​បរិ​យា​ប័ន្ន និង​សមធម៌ » ។

លោក​បន្ថែម​ថា បច្ចុប្បន្ន​នេះ កម្ពុជា សម្រេច​បាន​នូវ​បង្គោល​ចរ​ជា​ប្រវត្តិសាស្ត្រ គឺ​បាន​ឆ្លង​ផុត​ពី​ឋានៈ​នៃ​ប្រទេស​មាន​ចំណូល​ទាប ទៅ​ជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ទាប​ជា​ផ្លូវការ​ក្នុង​ឆ្នាំ​២០១៥ ហើយ​ត្រូវ​បាន​ចាត់​ទុក​ថា​ជា ខ្លា​សេដ្ឋកិច្ច​ថ្មី​នៅ​អាស៊ី ក្នុង​ឆ្នាំ​២០១៦ ដោយ​ធនាគារអភិវឌ្ឍន៍អាស៊ី​ផង​ដែរ ។

ជាមួយនឹង​កំណើនសេដ្ឋកិច្ច​ប្រកបដោយ​សុទិដ្ឋិនិយម​នេះ កម្ពុជា​សម្រេច​បាន​នូវ​ការ​ផ្លាស់​ប្តូរ​គួរ​ជាទី​មោ​ទ​នៈ ទាំង​រចនាសម្ព័ន្ធ​សេដ្ឋកិច្ច និង​សង្គម ។ ក្នុង​ឆ្នាំ​២០១៨​នេះ តាម​ការ​ប៉ាន់ស្មាន​ជាបឋម​របស់​រាជ​រដ្​ឋាភិបាល អត្រាកំណើន​សេដ្ឋកិច្ច​របស់​កម្ពុជា​នឹង​សម្រេច​បាន​ក្នុង​រង្វង់​៧,៣% ដែល​កំណើន​នេះ ទទួល​បាន​ពី​ការ​កើនឡើង​យ៉ាង​រឹង​មាំ​នៃ​វិស័យ​សំណង់ ការ​បន្ត​កើនឡើង​នៃ​វិស័យ​កាត់ដេរ និង​ការ​នាំ​ចេញ ព្រម​ទាំង​កំណើន​ជា​មធ្យម​ទទួល​បាន​ពី​វិស័យ​កសិកម្ម ការ​ងើបឡើង​យ៉ាង​ខ្លាំង​នៃ​វិស័យ​ទេសចរណ៍ និង​កំណើន​នៃ​វិស័យ​លក់ដុំ​-​លក់រាយ ព្រមទាំង​វិស័យ​បន្ទាប់បន្សំ​ដទៃ​ទៀត​ផង​ដែរ ។

លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រី ក្រសួងពាណិជ្ជកម្ម​បាន​មាន​ប្រសាសន៍​ផង​ដែរ​ថា ទោះបីជា​ក្នុង​រយៈពេល​មួយ​ឆ្នាំ​កន្លង​ទៅ​នេះ ក្រសួងពាណិជ្ជកម្ម សម្រេច​បាន​នូវ​សមិទ្ធផល​ជា​ច្រើន​ក៏​ដោយ ប៉ុន្តែ​យើង​នៅ​តែ​ជួប​ប្រទះ​នូវ​ប្រឈម​ជា​ច្រើន​ទៀត​នៅ​ឆ្នាំ​ខាង​មុខ ជា​ពិសេស​ប្រឈម​នឹង​ការ​រឹតត្បិត​របស់​សហភាព​អ៊ឺ​រ៉ុ​ប​លើ​ការ​គំរាម​ដកហូត​ប្រព័ន្ធ​អនុគ្រោះ EBA ពី​កម្ពុជា បច្ច័យ​អវិជ្ជមាន​ពី​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​សហ​រដ្ឋ​អាមេរិក និង​ចិន និង​ចលនា​ការពារ​និយម និង​ការ​បែងចែក​ប៉ូ​ល​នយោបាយ​ភូមិសាស្ត្រ ជាដើម ។ ដូច្នេះ​ហើយ វិស័យ​ពាណិជ្ជកម្ម​របស់​កម្ពុជា​ចាំបាច់​ត្រូវ​តែ​ពង្រឹង​បន្ថែម​ទៀត ដើម្បី​បង្កើន​លទ្ធភាព​ប្រកួតប្រជែង នៃ​សហគ្រាស និង​ផលិតផល​របស់​កម្ពុជា​នៅ​លើ​ទីផ្សារ​ក្នុងស្រុក និង​លើ​ទីផ្សារ​អន្តរជាតិ ។

លោក​រដ្ឋមន្ត្រី​ថ្លែង​ថា ៖« ក្នុង​ន័យ​នេះ ខ្ញុំ​សន្យា​ថា នឹង​ធ្វើការ​យ៉ាង​សកម្ម​ជាមួយ​ថ្នាក់ដឹកនាំ និង​មន្ត្រីរាជ​ការ​ក្រសួងពាណិជ្ជកម្ម ក៏​ដូច​ជា​សហការ​ជាមួយ​បណ្តា​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ ដើម្បី​អនុវត្ត​ទិស​ដៅ​ការងារ​ពាណិជ្ជកម្ម ឆ្នាំ​២០១៩ ដែល​បាន​អនុម័ត​ដោយ​អង្គសន្និបាត ដោយ​ប្រសិទ្ធភាព​ខ្ពស់ និង​ឲ្យ​សម្រេច​បាន​នូវ​សមិទ្ធផល​ធំធេង​ជូន​រដ្ឋាភិបាល និង​ប្រទេស​ជាតិ »៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ