ខេត្តសៀមរាប ៖ កម្លាំងសង្កាត់រដ្ឋបាលព្រៃឈើបាគងសហការជាមួយផ្នែករដ្ឋបាលព្រៃបន្ទាយស្រីចាប់បានរថយន្តហាយឡែនដឺដឹកសត្វព្រៃមួយគ្រឿងកំពុងសណ្ដោងគ្នា តាមផ្លូវ ហេតុការណ៍បង្ក្រាបនេះធ្វើឡើងនៅវេលាម៉ោង១៥និង៣០នាទីរសៀលថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៨ នៅតាមផ្លូវខាងក្រោយសណ្ឋាគារអង្គរអេរ៉ា ស្ថិតក្នុងភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប ។
សូមបញ្ជាក់ថា ក្រោយពេលកម្លាំងជំនាញឃាត់រថយន្ដបានក៏នាំគ្នាពិនិត្យឃើញ (មានប្រភេទ អណ្តើក និងអន្សង) ត្រូវបានសមត្ថកិច្ចជំនាញអូសយកមករក្សាទុកផ្នែករដ្ឋបាលព្រៃឈើ ដើម្បីថ្លឹងគីឡូ ។

លោកលី សុផា មន្ត្រីផ្នែករដ្ឋបាលព្រៃឈើបន្ទាយស្រីបានឲ្យដឹងថា ដោយមានបណ្តាញរាយការណ៍មកពីព្រំដែនតាមអូរស្មាញ់ថា មានរថយន្តដឹកសត្វព្រៃយ៉ាងច្រើនចូលមកចែកចាយ ក្នុងក្រុងសៀមរាបទើបខាងលោកបានចាំល្បាតអស់ជាច្រើនថ្ងៃទើបតែប្រទះឃើញមានរថយន្តនេះកំពុងសណ្តោងរឺម៉ក លោកក៏ធ្វើការស្ទាក់ចាប់បានភ្លាមៗតែម្តង ។
លោកបន្តថា ម្ចាស់រថយន្តមិនស្គាល់អត្តសញ្ញាណទេ បន្ទាប់ពីសមត្ថកិច្ចឃាត់រថយន្តរួចក៏នាំគ្នាបើករថយន្តមួយគ្រឿងផ្សេងទៀតគេចខ្លួនបាត់អស់ ។ លោកបានបញ្ជាក់ឲ្យដឹងទៀតថា វត្ថុតាងដែលឃាត់បានក្នុងរថយន្តហាយ ឡិនឌឺ រួមមកក្នុងនោះមានសត្វអណ្តើកចំនួន៤៧៨គីឡូក្រាម ស្មើនឹង៧៨ក្បាល សត្វអន្សងចំនួន២១៩គីឡូក្រាម ស្មើនឹង៥៣ក្បាល ។
បច្ចុប្បន្ន វត្ថុតាងដែលរឹបអូសយកបានមក មន្ត្រីរដ្ឋបាលព្រៃឈើបន្ទាយស្រីបានប្រគល់រថយន្តកម្លាំងសមត្ថកិច្ចជំនាញយករថយន្តល្មើសច្បាប់មករក្សាទុក រីឯសត្វព្រៃ និងត្រូវយកទៅព្រលែងនៅបឹងទន្លេសាប ៕

ចែករំលែកព័តមាននេះ