គុណភាពនៃជីវិតគឺស្ថិតនៅត្រង់គ្រួសារដែលមានសេចក្ដីសុខ មានសុខភាពល្អផ្នែករាងកាយគឺការមិនមានរោគភ័យ មិនមានការបៀតបៀន រូបកាយមាំទាំ ស្អាតបាត មានអាយុវែង និងបរិបូណ៌ដោយទ្រព្យសម្បត្តិផង នេះជាគុណភាពនៃជីវិត ។
ព្រះដ៏មានព្រះភាគត្រាស់សម្តែងថា គុណភាពនៃជីវិតបានដល់ គ្រួសារមានអាជីពសុចរិត មានសម្ភារ មាសប្រាក់ ទ្រព្យសម្បត្តិ មិនក្ដៅក្រហាយ មានហូបមានចាយ មានសេដ្ឋកិច្ចអាចជាទីពឹងខ្លួនឯងបាន។ បើផ្នែកផ្លូវសង្គមក៏ល្មមសមគួរដល់ការរាប់អានពីអ្នកផងទាំងពួង មានការងារ មានយស មានតំណែង បរិវារ មានអ្នកលើកសរសើរ និងមានសន្តានចិត្តល្អគួរជាទីនិយមរាប់អាននៃមនុស្សទូទៅ ។
ឯផ្នែកស្ថានភាពគ្រួសារបានដល់ គ្រួសារមានសម្ព័ន្ធភាពជាល្អ រស់នៅជាសុខ មានភាពកក់ក្តៅ បងប្អូនស្រឡាញ់រាប់អានគ្នា យកចិត្តទុកដាក់ថែរក្សាវង្សត្រកូលឱ្យបានគង់វង្សក្នុងលក្ខណៈថ្លៃថ្នូរ ។
លក្ខណៈទាំងអស់នេះលោកហៅថា ទិដ្ឋធម្មិកត្ថ ឬថាជាប្រយោជន៍បច្ចុប្បន្ន រាប់ថាជាប្រយោជន៍ដ៏សំខាន់ក្នុងឋានៈជាបច្ច័យសម្រាប់ទំនុកបម្រុងឲ្យយើងអាស្រ័យរស់នៅជាសុខ ព្រោះវាជាឈ្នាន់សម្រាប់ឈានឡើងទៅកាន់ការអភិវឌ្ឍ និងប្រព្រឹត្តសេចក្ដីល្អ ឬថាកសាងឲ្យខ្ពស់ឡើងទៅ ។
ព្រោះហេតុនោះទើបលោកឲ្យយកចិត្តទុកដាក់ ដោយច្រើនផងដែរ តែត្រូវប្រយ័ត្ន មិនឲ្យយកប្រយោជន៍ទាំងនេះធ្វើជាទីដៅដែលត្រូវជាប់ជំពាក់វង្វេងវិលវល់ត្រឹមតែប៉ុណ្ណោះនោះទេ។ បើបដិបត្តិបានត្រឹមត្រូវហើយ វាជាការត្រៀមជីវិតឲ្យដល់ព្រមគឺប្រតិបត្តិឈានឡើងបន្តទៀត ។
ចែករំលែកព័តមាននេះ