AFP ផ្សាយកាលពីពេល ថ្មីៗកន្លងមកថាការរៀបចំណាត់ថ្នាក់អ្នកដែលមានទ្រព្យសម្បត្តិស្ដុកស្ដម្ភបំផុតនៅក្នុងឆ្នាំ២០១៨របស់ទស្សនាវដ្តី«Forbes» ឃើញថាលោកJeff Bezos អ្នកបង្កើតវេបសាយEcommerce ស្ថិតក្នុងចំណាត់ថ្នាក់ទី១នៅលើពិភពលោក មានទ្រព្យសម្បត្តិដ៏ស្ដុកស្ដម្ភក្នុងឆ្នាំ២០១៨ ចំនួន១៦០.០០០លានដុល្លារ ។
លោកប៊ីល ហ្គេត អ្នកបង្កើតក្រុមហ៊ុនMicrosoft ធ្លាប់ស្ថិតនៅតំណែងទី១រយៈពេល២៤ឆ្នាំជាប់គ្នា បច្ចុប្បន្នស្ថិតនៅលំដាប់ទី២មានទ្រព្យសម្បត្តិសរុប៩៧.០០០លានដុល្លារ ។
លោកប្រធានាធិបតីដូណាល់ ត្រាំ នៃសហរដ្ឋអាមេរិក មានទ្រព្យសរុប៣.១០០លានដុល្លារនៅលំដាប់ទី២៥៩នៅលើពិភពលោក ។
ទស្សនាវដ្តីForbes បានបង្ហាញទិន្នន័យនេះកាលពីថ្ងៃទី៣ តុលា២០១៨កន្លងមកដោយបញ្ជាក់ថា បើបូកសរុបទ្រព្យរបស់មហាសេដ្ឋីលំដាប់កំពូលទាំង៤០០នាក់នៅលើពិភពលោកគឺមានទ្រព្យសរុប២,៩លានលានដុល្លារ កើនលើសពីឆ្នាំ២០១៧ដែលមានទ្រព្យសរុប២,៧លានលានដុល្លារ ។
ស្របពេលជាមួយគ្នានេះForbes ក៏បានបញ្ជាក់ពីទ្រព្យសម្បត្តិរបស់លោកថាក់ស៊ីន ស៊ីនណាវ៉ាត្រា អតីតនាយករដ្ឋមន្ត្រីថៃដែលភៀសខ្លួននៅក្រៅប្រទេសជាមហាសេដ្ឋីស្ថិតនៅចំណាត់ថ្នាក់ទី១.៣៣៩ នៅលើពិភពលោក និងទី១៦នៅប្រទេសថៃមានទ្រព្យសរុប១.៨០០លានដុល្លារ ។
ម្ចាស់ស្រាបៀរឆាង ឬស្រាបៀរដំរីស្ថិតនៅលំដាប់ទី១ ក្នុងប្រទេសថៃ និងទី៦៥នៅលើលោកមានទ្រព្យសរុប១៧.៩០០លានដុល្លារ ៕
ចែករំលែកព័តមាននេះ