ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រមុខ​រាជរដ្ឋាភិបាល​គ្រោង​ពង្រីក​ផ្លូវ​ទៅ​កោះកុង​ជា​ផ្លូវ​ហា​យ​វេ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី បាន​បញ្ជាក់​ថា ផ្លូវជាតិ​លេខ​៤៨ ភ្ជាប់​ពី​ស្រុកស្រែ​អំបិល…

រាជធានី​ភ្នំពេញ ៖ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី បាន​បញ្ជាក់​ថា ផ្លូវជាតិ​លេខ​៤៨ ភ្ជាប់​ពី​ស្រុកស្រែ​អំបិល ទៅ​ខេត្តកោះកុង​ដែល​ទើប​ជួសជុល​នេះ នឹង​ពង្រីក​ជា​៤​គន្លង​សម្រាប់​ត​ភ្ជាប់​ផ្នែក​ដឹក​ជញ្ជូន​ពី​ប្រទេស​ថៃ ទៅ​កាន់​ប្រទេស​វៀតណាម និង​ជាទី​តាំង​សម្រាប់​រៀបចំ​ព្រឹត្តិការណ៍​ប្រណាំង​កង់​អន្តរជាតិ​ប្រចាំឆ្នាំ​នៅ​កម្ពុជា​ផង​ដែរ ។

សម្ដេច​តេ​ជោ​បាន​ថ្លែង​បែប​នេះ កាលពី​រាត្រី​ថ្ងៃ​ទី​១៥ ខែធ្នូ ក្នុង​ឱកាស​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធីបុណ្យ​សមុទ្រ ដែល​ប្រារព្ធ​ធ្វើ​នៅ​ខេត្តកោះកុង ។ សម្ដេច​តេ​ជោ បាន​បន្ដ​ថា ៖« ផ្លូវ​នេះ​ទើបតែ​ចាក់​កៅស៊ូ​បាន​មួយ​ស្រទាប់​ទេ គឺ​សល់​មួយ​ស្រទាប់​ទៀត ហើយ​ខ្ញុំ​មាន​កិត្តិយស​ជម្រាប​ជូន​ប្រជាជន​នៅ​ខេត្តកោះកុង​ឲ្យ​បាន​ជ្រាប​ថា ផ្លូវជាតិ​លេខ​៤៨​ដែល​យើង​ជួសជុល​នៅ​ពេល​នេះ គឺ​គ្រាន់តែ​ជួសជុល​បណ្ដោះអាសន្ន​ប៉ុណ្ណោះ ប៉ុន្ដែ​អនាគត ផ្លូវ​នេះ​យើង​មិន​អាច​ទុក​នៅ​ត្រឹម​១០​ម៉ែត្រ​ឬ​ជាង​១០​ម៉ែត្រ​នោះ​ទេ យើង​ត្រូវ​ពង្រីក​ផ្លូវ​នេះ​ឲ្យ​ទៅ​ជា​៤​គន្លង គឺ​មាន​កម្រិត​ជា​ហា​យ​វេ​តែ​ម្ដង »​។

សម្ដេច​តេ​ជោ បាន​បញ្ជាក់​ថា ៖« ពេល​នេះ យើង​កំពុង​តែ​ដំណើរការ​នីតិវិធី​តាម​រយៈ​ការ​ជ្រើសរើស​ក្រុមហ៊ុន​គូរ​ប្លង់ និង​ជ្រើសរើស​ក្រុមហ៊ុន​សាងសង់ »​។ សម្ដេច​ថ្លែង​ថា ៖« វា​ជា​របៀង​មាត់សមុទ្រ​សម្រាប់​កា​រត​ភ្ជាប់​រវាង​ពី​ព្រះរាជាណាចក្រ​ថៃ ទៅ​កាន់​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ហើយ​វា​មិន​ត្រឹមតែ​ជា​របៀង​ដឹក​ជញ្ជូន​ប៉ុណ្ណោះ​ទេ ក៏​ប៉ុន្ដែ​ទៅ​ថ្ងៃ​អនាគត វា​អាច​ក្លាយជា​ទីតាំង​ប្រណាំង​កង់​អន្តរជាតិ ប្រចាំឆ្នាំ​នៅ​តាម​មាត់សមុទ្រ​របស់​កម្ពុជា​ផង​ដែរ »​។

ក្រៅពី​គម្រោង​ដ៏​សំខាន់​មួយ​នេះ សម្តេច​តេ​ជោ ក៏​បាន​លើក​ឡើង​ពី​គម្រោង​កសាង​ហេ​ដ្ឋា​រចនា​សម្ព័​ន្ឋ​ធំ​ៗ​មួយ​ចំនួន​ទៀត​នៅ​ក្នុង​ខេត្តកោះកុង ដូច​ជា គម្រោង​ស្ថាបនា​ផ្លូវ​ពី​ខេត្តបាត់ដំបង មក​ខេត្តពោធិ៍សាត់ ភ្ជាប់​មក​កាន់​ខេត្ត​នេះ ដែល​នឹង​ត្រូវ​ស្ថាបនា​ឆាប់​ៗ​នេះ ។

ជាមួយ​គ្នា​នេះ សម្តេច​ក៏​បាន​បង្ហើប​ពី​គម្រោង​សាងសង់​ព្រ​លាន​យន្តហោះ​សម្រាប់​យន្តហោះ​ក្នុងស្រុក​នៅ​ក្នុង​គម្រោង​តារា​សាគរ ដែល​វិនិយោគ​ដោយ​ក្រុមហ៊ុន​ចិន និង​គម្រោង​ពង្រីក​ព្រ​លាន​យន្តហោះ​ក្រុងព្រះសីហនុ ដើម្បី​អនុញ្ញាត​ឲ្យ​យន្តហោះ​ធំ​ៗ​ចុះ​ចត​បាន​ផង​ដែរ ។

គួរ​បញ្ជាក់​ថា ផ្លូវជាតិ​លេខ​៤៨ មាន​ប្រវែង​សរុប​ជាង​១៥៩​គីឡូម៉ែត្រ ដែល​ភ្ជាប់​ពី​ផ្លូវជាតិ​លេខ​៤ ត្រង់​ចំណុច​ស្រុកស្រែ​អំបិល ។ ផ្លូវ​នេះ​ចាប់ផ្ដើម​ខូចខាត​យ៉ាង​លឿន​គួរ​ឲ្យ​កត់សម្គាល់​នៅ​ក្នុង​រយៈពេល​ចុង​ក្រោយ​នេះ ។

បើ​តាម​នាយកដ្ឋាន​ផ្លូវថ្នល់ នៃ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បាន​បញ្ជាក់​កន្លង​មក​ថា ផ្លូវ​នេះ​មាន​អាយុកាល​ជាង​១២​ឆ្នាំ​ហើយ ដែល​ហួស​រយៈពេល​ធានា​គុណភាព គួប​ផ្សំ​នឹង​ទំហំ​ចរាចរណ៍​កើនឡើង ពិសេស​ការ​ដឹក​ជញ្ជូន​សម្ភារ​សំណង់​ទៅ​កាន់​ខេត្ត​ព្រះ​សីហ​នុ ។ ការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ត​ភ្ជាប់​គឺជា​គោលនយោបាយ​អាទិភាព​មួយ​នៅ​ក្នុង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤ របស់​រាជរដ្ឋាភិបាល ដើម្បី​ជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ​ឈាន​ទៅ​ប្រទេស​មាន​ប្រាក់​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៣០ និង​ជា​ប្រទេស​មាន​ចំណូល​ខ្ពស់​នៅ​ឆ្នាំ​២០៥០ ។

លោក​បណ្ឌិត ម៉ី កល្យាណ ប្រធាន​ក្រុមប្រឹក្សា​វិទ្យាស្ថាន​សិក្សាការ​អភិវឌ្ឍ បាន​ថ្លែង​ថា បញ្ហា​ហេដ្ឋារចនាសម្ព័ន្ធ​ជា​រឿង​ប្រឈម​មួយ​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​កម្ពុជា ប៉ុន្តែ​រាជរដ្ឋាភិបាល​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​បាន​រៀបចំ​គោលនយោបាយ និង​វិនិយោគ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​យ៉ាងច្រើន ដើម្បី​ជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ ហើយ​អ្វី​ដែល​រាជរដ្ឋាភិបាល​បាន​ធ្វើ គឺ​ស្ថិត​ក្នុង​ទិស​ដៅ​ត្រឹមត្រូវ​មួយ ។ ទោះ​យ៉ាងនេះ​ក្ដី លោក​ស្នើ​សុំ​ឱ្យ​មានការ​ព​ន្លឿ​ន​ការ​វិនិយោគ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​បន្ថែម​ទៀត ដើម្បី​កាត់​បន្ថយ​តម្លៃ​ដើម​នៃ​ការ​ដឹក​ជញ្ជូន ។

លោក​ថ្លែង​ថា ៖« វា​ជា​រឿង​ចាំបាច់​ដែល​ត្រូវ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ ដើម្បី​រុញ​សេដ្ឋកិច្ច​កម្ពុជា​ទៅ​កាន់​ដំណាក់កាល​ថ្មី​មួយទៀត ព្រោះ​បើ​ចង់​ឲ្យ​សេដ្ឋកិច្ច​កម្ពុជា​កើនឡើង និង​ឈាន​ទៅ​កាន់​លំដាប់​ថ្មី កម្ពុជា​ត្រូវការ​វិនិយោគ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​បន្ថែម​ទៀត »៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ