រាជរដ្ឋាភិបាល​កំណត់​រាជធានី​-​ខេត្ត​ចំនួន​6​ជា​តំបន់ឧស្សាហកម្ម​ជាតិ


រាជធានី​ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បាន​ថ្លែង​ថា រាជរដ្ឋាភិបាល​បាន​កំណត់​យក​រាជធានី ខេត្ត​ចំនួន​៦ ជា​មូលដ្ឋាន​សម្រាប់​រៀបចំ​តំបន់ឧស្សាហកម្ម​ជាតិ ដោយសារ​តំបន់​ទាំងនោះ​មាន​ហេដ្ឋារចនាសម្ព័ន្ធ​សម​ស្រប និង​មាន​សក្តានុពល​សេដ្ឋកិច្ច​ខ្ពស់ ។

រដ្ឋ​លេខា​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​លោក វ​ង្សី វិស្សុត បាន​ថ្លែង​ក្នុង​បទ​បង្ហាញ​មួយ​កាលពី​ថ្ងៃ​ទី​៤ ធ្នូ កន្លង​មក​ថា យុទ្ធសាស្ត្រ​កម្ពុជា​បាន​កំណត់​តំបន់​អាទិភាព​មួយ​ចំនួន ជា​តំបន់​មូលដ្ឋាន​ឧស្សាហកម្ម​ជាតិ និង​ជា​តំបន់​ដែល​មាន​ហេដ្ឋារចនាសម្ព័ន្ធ​ល្អ ដើម្បី​បម្រើ​ដល់​ការ​ធ្វើ​ពាណិជ្ជកម្ម ។ លោក​ថ្លែង​ថា ៖« ក្នុង​គោលដៅ​អភិវឌ្ឍន៍​វិស័យសេដ្ឋកិច្ច កម្ពុជា​បាន​កំណត់​តំបន់​អាទិភាព​មួយ​ចំនួន ជា​មូលដ្ឋាន​ឧស្សាហកម្ម​ជាតិ រួម​មាន រាជធានី​ភ្នំពេញ ក្រុងព្រះសីហនុ ក្រុង​បា​វិត ក្រុង​ប៉ោយ​ប៉ែ​ត ក្រុងប៉ៃលិន និង​ខេត្ត​សៀ​បរាប​ជាដើម ។ លោក​បន្ត​ថា ៖« មូលដ្ឋាន​ទាំង​អស់នេះ ជា​តំបន់​ដែល​មាន​ហេដ្ឋារចនាសម្ព័ន្ធ​រួចរាល់ ជាទី​ប្រជុំជន​ប្រកបដោយ​សក្តានុពល ដើម្បី​បម្រើ​ដល់​ការ​នាំ​ចេញ​នាំ​ចូល​ក្នុង​ការ​ធ្វើ​ពាណិជ្ជកម្ម »​។

លោក វ​ង្សី វិស្សុត បាន​បន្ថែម​ថា នៅ​ក្នុង​យុទ្ធសាស្ត្រ​ដំណាក់កាល​ទី​៤​របស់​រាជរដ្ឋាភិបាល គឺ​ការ​គិតគូរ​ក្នុង​ការ​បង្កើន​ធនធានមនុស្ស ជា​វិស័យ​អាទិភាព​ទី​១ ដែល​រាជរដ្ឋាភិបាល​កំពុង​កែទម្រង់ រួម​មានការ​អប់រំ​វិជ្ជាជីវៈ (STEM), សុខាភិបាល និង​បញ្ហា​ពាក់ព័ន្ធ​សង្គម​ផ្សេង​ៗ​ទៀត ។ ការ​ធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច រួម​មាន​ផ្លូវ​ដឹក​ជញ្ជូន ការ​គ្រប់​គ្រប់​តាម​ប្រព័ន្ធ​ឌី​ជី​ថ​ល ការ​គ្រប់គ្រង​កំណើនសេដ្ឋកិច្ច​ទៅ​តាម​យន្ត​របស់​រាជរដ្ឋាភិបាល និង​ការ​អភិវឌ្ឍ​ជនបទ​ជាដើម ដែល​បញ្ហា​ទាំងនេះ​ទាក់ទង​ទៅ​ដល់​ការ​កែទម្រង់ អភិបាលកិច្ច​ល្អ​ផង​ដែរ ។
លោក​រដ្ឋលេខាធិការ​បាន​បន្ត​ថា នៅ​ក្នុង​ក្របខ័ណ្ឌ​នៃ​ការ​រក្សា​កំណើនសេដ្ឋកិច្ច កម្ពុជា​កំពុង​ចាប់ផ្តើម​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​លើ​បច្ចុប្បន្ន​កម្ម ទំនើប​កម្ម​ដែល​មាន​ស្រាប់ រួម​មាន​ឧស្សាហកម្ម កសិកម្ម កម្មន្តសាល និង​វិស័យ​សេវា​ជាដើម ជា​ពិសេស​ការ​ស្វែងរក​ប្រភេទ​ឧស្សាហកម្ម​ផ្សេង​ៗ​ទៀត ដើម្បី​ជំរុញ​ឲ្យ​កំណើន​កើន​ឡើងជា​មុន ក្នុង​នោះ​កម្ពុជា​ត្រូវ​តែ​ធ្វើ​ប្រតិភូកម្ម​សេដ្ឋកិច្ច និង​ការ​បង្កើត​ភាព​ប្រកួតប្រជែង​ផង​ដែរ ។

ក្នុង​គោលនយោបាយ​អភិវឌ្ឍន៍ វិស័យ​ឧស្សាហកម្ម​របស់​រដ្ឋាភិបាល​ឆ្នាំ​២០១៥-២០២៥ រាជរដ្ឋាភិបាល​បាន​កំណត់​ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ និង​ក្រុង​បា​វិត​ក្នុង​ខេត្តស្វាយរៀង​ជា​តំបន់​សម្រាប់​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម​មាន​លក្ខណៈ​ពិសេស​មួយ ។ ជា​លទ្ធផល​ក្រុង​ទាំង​ពីរ​កំពុង​មានការ​អភិវឌ្ឍ យ៉ាង​លឿន និង​កំពុង​ទាក់ទាញ​វិនិយោគិន​ជាតិ និង​អន្តរជាតិ​យ៉ាងច្រើន​មក​បណ្ដាក់​វិនិយោគ​ដែល​ធ្វើ​ឲ្យ​វិស័យ​សំណង់ និង​អចលនទ្រព្យ​នៅ​ក្រុង​ទាំង​ពីរ​នេះ​មាន​សន្ទុះ​យ៉ាង​ខ្លាំង ៕

Facebook Google Twitter Email

Live

Sponsored News

០២:៣៩ | ក្នុងស្រុក

ក្រុមហ៊ុន ភីធីធី កម្ពុជា ផ្តល់អាហារូបករណ៍ ៣០០កន្លែងដល់សិស្សកម្ពុជា ដើម្បីបណ្តុះបណ្តាលអ្នកដឹកនាំវ័យក្មេងតាមរយៈវគ្គសិក្សាពីចម្ងាយ «ទម្លាប់ល្អទាំង ៧របស់យុវវ័យឆ្នើម»

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ