ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រាជរដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស​ជំរុញ​បច្ចេកវិទ្យា​ឌី​ជី​ថ​ល​ទៅ​ក្នុង​វិស័យ​អប់រំ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ដោយ​ភាព​រីក​ចម្រើន​លើ​ផ្នែក​បច្ចេកវិទ្យា​ឌី​ជី​ថ​ល​បាន​ជំរុញ​ឱ្យ​ពិភពលោក​ពើបប្រទះ​នឹង​បដិវត្ត​ឧស្សាហកម្ម​ទី​៤ ហើយដោយ​មើលឃើញ​នូវ​កាលានុវត្តភាព​នេះ​ហើយ ទើប​រាជរដ្ឋាភិបាល​កម្ពុជា​បាន​បង្កើត​ក្រុមការងារ​ពិសេស​មួយ​«​ក្រុមការងារ​បច្ចេកទេស​ចម្រុះ សម្រាប់​វិស័យ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ (TWG-TVET)» ចំណុះ​ក្រោម​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ…

រាជធានី​ភ្នំពេញ ៖ ដោយ​ភាព​រីក​ចម្រើន​លើ​ផ្នែក​បច្ចេកវិទ្យា​ឌី​ជី​ថ​ល​បាន​ជំរុញ​ឱ្យ​ពិភពលោក​ពើបប្រទះ​នឹង​បដិវត្ត​ឧស្សាហកម្ម​ទី​៤ ហើយដោយ​មើលឃើញ​នូវ​កាលានុវត្តភាព​នេះ​ហើយ ទើប​រាជរដ្ឋាភិបាល​កម្ពុជា​បាន​បង្កើត​ក្រុមការងារ​ពិសេស​មួយ​«​ក្រុមការងារ​បច្ចេកទេស​ចម្រុះ សម្រាប់​វិស័យ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ (TWG-TVET)» ចំណុះ​ក្រោម​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ដើម្បី​រួម​គ្នា​ជំរុញ​បច្ចេកវិទ្យា​ឌី​ជី​ថ​ល​ទៅ​ក្នុង​វិស័យ​អប់រំ បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ​នៅ​កម្ពុជា ។

ក្រុមការងារ​បច្ចេកទេស​ចម្រុះ​សម្រាប់​វិស័យ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ (TWG-TVET) បាន​រៀបចំ​កិច្ចប្រជុំ​មួយ​នៅ​ទីស្ដីការក្រសួង​ការងារ​ដែល​ដឹកនាំ​ដោយ​លោក អ៊ិ​ត សំ​ហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ និង​ជា​ប្រធាន​ក្រុមការងារ​បច្ចេកទេស​ចម្រុះ​សម្រាប់​វិស័យ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ​ក្នុង​គោលបំណង ដើម្បី​កំណត់​នូវ​យុទ្ធសាស្ត្រ​ជា​អាទិភាព និង​សកម្មភាព​របស់​ក្រុមការងារ​បច្ចេកទេស​ចម្រុះ​សម្រាប់​វិស័យ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ​នៅ​ក្នុង​ឆ្នាំ​២០១៩-២០២០ និង​ដើម្បី​បង្កើន​កិច្ច​សហប្រតិបត្តិការ និង​ការ​សម្របសម្រួល​រវាង​រដ្ឋាភិបាល ដៃគូ​អភិវឌ្ឍន៍​វិស័យ​ឯកជន​ក្នុង​វិស័យ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ ។

លោក​រដ្ឋមន្ត្រី អ៊ិ​ត សំ​ហេង បាន​លើក​ឡើង​ក្ន​ង​កិច្ចប្រជុំ​បាន​ស្នើ​ឱ្យ​មានការ​រៀបចំ​ផែនការ​សកម្មភាព​សម្រាប់​រយៈពេល​វែង​៥​ឆ្នាំ​(២០១៩-២០២៣) ដោយ​ផ្អែក​តាម​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤ របស់​រាជរដ្ឋាភិបាល​ពិសេស​ត្រង់​ចតុកោណ​ទី​១​មុំ​ទី​២ ពាក់ព័ន្ធ​នឹង​ការ​បណ្តុះបណ្តាល​ជំនាញ​បច្ចេកទេស ។

លោក​រដ្ឋមន្ត្រី​បាន​លើក​ឡើង​បន្ត​ថា ដើម្បី​ត្រៀមខ្លួន​សម្រាប់​សេដ្ឋកិច្ច​ឌី​ជី​ថ​ល និង​ឆ្លើយ​តប​នឹង​បដិវត្ត​ឧស្សាហកម្ម​ទី​៤ ភាគី​ពាក់ព័ន្ធ​ត្រូវ​យកចិត្តទុកដាក់​លើ​ការ​អភិវឌ្ឍ​ជំនាញ និង​ការ​អប់រំ​ការ​បណ្តុះបណ្តាល​ដោយ​បញ្ចូល​ការ​ប្រើប្រាស់ និង​ការ​យល់​ដឹង​ពី​បច្ចេកវិទ្យា​ឌី​ជី​ថ​ល​ទៅ​ក្នុង​កម្មវិធី​សិក្សា​ស្រប​តាម​តម្រូវការ​ទីផ្សារ​ការងារ​រួម​ទាំង​បង្កើត​យន្តការ​ភាព​ជា​ដៃគូ​រវាង​ធុរកិច្ច និង​គ្រឹះស្ថាន​អប់រំ និង​គ្រឹះស្ថាន​បណ្តុះបណ្តាល​វិជ្ជាជីវៈ ដើម្បី​បង្កើត​កម្មវិធី​អភិវឌ្ឍ និង​បណ្តុះបណ្តាល​ជំនាញ​ឌី​ជី​ថ​ល​ថ្មី​ៗ (​មាន​ចែង​ក្នុង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤) ។

លោក​បន្ថែម​ថា រាជរដ្ឋាភិបាល​នីតិកាល​ទី​៥​ក៏​ដូច​ជា នីតិកាល​ទី​៦​នៃ​រដ្ឋសភា​នេះ គឺ​ផ្តោត​ការ​យកចិត្តទុកដាក់​លើ​ការ​អភិវឌ្ឍ​មនុស្ស​ជា​អាទិភាព​ទី​១​សំដៅលើ​ការ​អភិវឌ្ឍ​ធនធានមនុស្ស ដែល​មាន​កំណត់​យ៉ាង​ច្បាស់​ក្នុង​ចតុកោណ​ទី​១ ។ ដើម្បី​សម្រេច​បាន​នូវ​ការ​អភិវឌ្ឍ​ធនធានមនុស្ស​ពិសេស​លើ​ការ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ​ប្រកបដោយ​ប្រសិទ្ធភាព និង​ប្រសិទ្ធ​ផល គឺ​ទាមទារ​ជា​ចាំបាច់​នូវ​កិច្ច​សហប្រតិបត្តិការ​នៃ​ភាព​ជា​ដៃគូ​រដ្ឋ​ឯកជន​ប្រជាពលរដ្ឋ និង​ដៃគូ​អភិវឌ្ឍន៍ ។

គួរ​ជម្រាប​ថា ក្រុមការងារ​បច្ចេកទេស​ចម្រុះ​នេះ​មាន​ភារកិច្ច​១-​ផ្តល់​យោបល់​លើ​ផែនការ​យុទ្ធសាស្ត្រ និង​ការងារ​បច្ចេកទេស​ដល់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​គណៈកម្មាធិការ​ជាតិ​បណ្តុះបណ្តាល ២-​សម្របសម្រួល និង​ចែករំលែក​ពី​បទ​ពិសោធន៍​ព័ត៌មាន​គម្រោង និង​កម្មវិធី​វិស័យ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ ។ ៣- រៀបចំ​កម្មវិធី​ការងារ​ប្រចាំឆ្នាំ​របស់​ក្រុមការងារ​បច្ចេកទេស​ចម្រុះ​សម្រាប់​វិស័យ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ​រួម​មាន របាយការណ៍​វឌ្ឍនភាព​លើ​គោលនយោបាយ​ជាតិ​ស្តី​ពី​ការ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ​លិខិត​បទដ្ឋាន​គតិ​យុ​ត្ត​ផែនការ​ថវិកា​របស់​វិស័យ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ និង​ត្រួតពិនិត្យ​ជា​ប្រចាំឆ្នាំ​នូវ​កម្មវិធី​ការងារ​លើ​ក្រុមការងារ​បច្ចេកទេស​ចម្រុះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ