ខេត្តកំពង់ឆ្នាំង ៖ ដោយសារមានការសង្ស័យថា មានភាពមិនប្រក្រតីលើលិខិតស្នើសុំកាន់កាប់ដីធ្លី ដីតំបន់បីស្ថិតក្នុងភូមិកង្កែប ឃុំច្រណូក ស្រុកកំពង់លែង លោកអភិបាលខេត្តកំពង់ឆ្នាំងកាលពីចុងសប្តាហ៍នេះបានចាត់តាំងឲ្យសមត្ថកិច្ចជលផល សហការជាមួយអាជ្ញាធរស្រុកចុះស្រាវជ្រាវជុំវិញបញ្ហានេះ ហើយក៏បានរកឃើញថា ឯកសារលើការស្នើសុំកាន់កាប់ដីធ្លីពិតជាមានភាពមិនប្រក្រតីមែន ។
លោក លី ឡា នាយខណ្ឌរដ្ឋបាលជលផលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ឆ្នាំងបានអោយដឹងថា មានឈ្មោះ ចឹម សុខឡេង និង ឈ្មោះ វ័រ វណ្ណនី បានតាំងខ្លួនជាតំណាងប្រជាពលរដ្ឋ៥០គ្រួសារ រស់នៅភូមិកង្កែប ឃុំច្រណូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ដោយបានធ្វើលិខិតស្នើសុំទៅរាជរដ្ឋាភិបាលសុំចេញប្លង់កាន់កាប់ដីធ្លីចំនួន៥៣០ហិកតា តាមរយៈលោកទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ មានទីតាំងនៅភូមិកង្កែប ឃុំច្រណូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ប៉ុន្តែដីនោះសុទ្ធសឹងជាដីតំបន់បីដែលរដ្ឋបានហាមឃាត់ ។
លោកបានបញ្ជាក់ថា ក្រោយការចុះស្រាវជ្រាវបានរកឃើញថា ក្នុងចំណោមប្រជាពលរដ្ឋ៥០គ្រួសារដែលបានសុំកាន់កាប់លើដីធ្លីចំនួន៥៣០ហិកតា នៅក្នុងភូមិកង្កែប ឃុំច្រណូក ស្រុកកំពង់លែង ឃើញមានតែប្រជាពលរដ្ឋចំនួនតែ២៦នាក់ប៉ុណ្ណោះដែលជាប្រជាពលរដ្ឋរស់នៅភូមិឃុំខាងលើ ចំណែក២៤នាក់ទៀតមិនមែនជាប្រជាពលរដ្ឋរស់នៅភូមិឃុំស្រុកខាងលើនោះឡើយ ។
ហើយក្នុងចំណោមប្រជាពលរដ្ឋ២៦នាក់ដែលជាប្រជាពលរដ្ឋរស់នៅក្នុងភូមិឃុំខាងលើគឺបានមកតែ៥នាក់ប៉ុណ្ណោះ ដោយពួកគាត់ប្រាប់ថា ពិតជាបានផ្ដិតមេដៃមែន ប៉ុន្តែមិនមែនផ្តិតមេដៃសុំកាន់កាប់ដីធ្លីនោះទេគឺស្នើសុំឲ្យគ្រឿងចក្រចូលទៅភ្ជួរស្រែរបស់គាត់តែប៉ុណ្ណោះ មិនមែនសុំកាន់កាប់ដីធ្លីនោះឡើយ
ជុំវិញករណីនេះដែរភ្នាក់ងារយើងមិនអាចសុំការបំភ្លឺពីឈ្មោះ ចឹម សុខឡេង និងឈ្មោះ វ័រ វណ្ណនី បានទេព្រោះគ្មានលេខទាក់ទងគ្រាន់តែបានដឹងថា អ្នកនៅរាជធានីភ្នំពេញ ៕
ចែករំលែកព័តមាននេះ