ខេត្តមណ្ឌលគិរី ៖ តាមសេចក្តីរាយការណ៍បានឲ្យដឹងថា«នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង៥ និង១១នាទី កម្លាំងជំនាញបរិស្ថានសហការជាមួយកម្លាំងនគរបាលសេដ្ឋកិច្ចខេត្តដឹកនាំដោយលោក ឧត្ដមសេនីយ៍ត្រី ម៉ី អាន ស្នងការរង និងជាប្រធានផែនប្រឆាំងបទល្មើសបានធ្វើការចាប់ឃាត់រថយន្តចំនួន០១គ្រឿងម៉ាកហ៊ីយ៉ាន់ដាយ (យីឌុប) ពណ៌ត្រេអ៊ី ក្បាលពណ៌ស ចង្កូតឆ្វេង ពាក់ស្លាកលេខ ស្វាយរៀង ៣A- ៧៧៨៨ នៅចំណុចផ្លូវលំជិតស្នាក់ការរបៀង ស្ថិតនៅភូមិមេមុំ ឃុំរយ៉ មានផ្ទុកឈើមូលប្រភេទលេខ១ (សុក្រំ) ចំនួន ៣៧កំណាត់ ក្នុងនោះរួមមាន៖ ឈើថ្មីមានចំនួន២៣កំណាត់ ឈើចាស់មានចំនួន១៤កំណាត់»។ បច្ចុប្បន្នវត្ថុតាងត្រូវបានរក្សារទុកនៅកន្លែង ស្នាក់ការបរិស្ថានច្រកល្បៀងរបស់ដែនជម្រកសត្វព្រៃភ្នំព្រេច ដើម្បីចាត់ការតាមនីតិវិធីបន្ត។
ចំណែកម្ចាស់ឈើត្រូវបានគេខ្សឹបថា ឈ្មោះ ផាន់ ណា ដែលជាមនុស្សជំនិតរបស់ឧកញ៉ាល្បីខាងជួញដូរឈើម្នាក់ក្នុងជួរយោធា។ ប្រភពថា ជាញឹកញាប់ឈ្មោះ ផាន់ ណា តែងធ្វើសកម្មភាពដឹកជញ្ជូនឈើចេញពីក្រុមហ៊ុនយូនីហ្គ្រីន ហើយអះអាងថា ជាឈើមានច្បាប់ទម្លាប់ត្រឹមត្រូវ លុះពេលតាមទាន់ជាក់ស្តែងបែបនេះ ទើបដឹងថា គឺជាឈ្មោះដែលកាប់ចេញពីក្រៅដីក្រុមហ៊ុន(ដីព្រៃការពារ)ទៅវិញ។ លោក អ៊ុំ វណ្ណសុភៈ នាយខណ្ឌរដ្ឋបាលព្រៃឈើបានឲ្យដឹងថា «ករណីនេះជំនាញរបស់លោក កំពុងចុះត្រួតពិនិត្យ…មិនទាន់ដឹងថា មានច្បាប់បែបណានោះទេ…ម្យ៉ាងករណីនេះខាងបរិស្ថាន និងនគរបាលជាអ្នកបង្ក្រាប…»។ លោក ហ៊ាន សាខន នាយកដែនជម្រកសត្វព្រៃភ្នំព្រេច-លំផាត់ មិនអាចសុំការបំភ្លឺបានទេនាព្រឹកថ្ងៃទី៣០ វិច្ឆិកា ២០១៨។
ចំណែកករណីដាច់ដោយឡែកមួយទៀត រថយន្តកាមរីពីរគ្រឿងលួចដឹកឈើខុសច្បាប់ ត្រូវបានលោក វុធ សារុំ នាយកដែនជម្រកសត្វព្រៃណាមលៀរបានបញ្ជាផ្ទាល់ដល់កម្លាំងឧទ្យានុរក្ស និងក្រោមការចង្អុលបង្ហាញពីលោក កែវ សុភគ៌ ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី ចុះប្រតិបត្តិការបង្ក្រាបរថយន្តដឹកឈើ នៅចំណុចវ៉ារយោង ភូមិពូលុ ឃុំប៊ូស្រា ស្រុកពេជ្រាដា កាលពីរសៀលថ្ងៃទី២៩ វិច្ឆិកា ២០១៨។ សេចក្តីរាយការណ៍បានឲ្យដឹងថា រថយន្តទាំងពីរគ្រឿងនេះ បានផ្ទុកឈើប្រណីតធ្នង់ និងនាងនួន ចេញពីទីប្រជុំជនស្រុក ឆ្ពោះទៅព្រំដែនកម្ពុជាវៀតណាម តែត្រូវជំនាញប្រទះឃើញដេញបង្ក្រាបតែម្តង៕
ចែករំលែកព័តមាននេះ