រាជធានីភ្នំពេញ៖តារាកំប្លែងនាយ ក្តឹប បានឈានដល់ដំណាក់កាលស្លាប់មួយចំហៀងខ្លួន ដោយសារជំងឺលើសឈាមក្នុងដំណាក់កាលធ្ងន់ ។
បើទោះបីជានាយក្តឹប ត្រូវក្រុមគ្រូពេទ្យសង្គ្រោះក្នុងដំណាក់កាលដំបូងក៏ដោយ ប៉ុន្តែនៅតែមិនអាចគេចផុតពីការស្លាប់មួយចំហៀងខ្លួនទេ បន្ទាប់ពីដៃជើងខាងឆ្វេងរបស់លោកមិនអាចកម្រើកបាន ។ ថ្មីៗកន្លងមកលោក អ៊ឹម ជីវ៉ា ដែលបានទៅសួរសុខទុក្ខនាយក្តឹបនៅមន្ទីរពេទ្យកាល់ម៉ែតបានឲ្យដឹងថា ក្រោយពីសម្រាកព្យាបាលនៅមន្ទីរពេទ្យជាងមួយសប្តាហ៍មក នាយក្តឹប ឈានដល់ដំណាក់កាលស្លាប់មួយចំហៀងខ្លួន ។ ដោយសារជំងឺលើសឈាមធ្ងន់ធ្វើឲ្យនាយក្តឹប ត្រូវក្រុមគ្រួសារបញ្ជូនទៅកាន់មន្ទីរពេទ្យ ភ្លាមៗ ដើម្បីសង្គ្រោះបន្ទាន់ ។ ការព្យាបាលធ្វើឲ្យជំងឺរបស់នាយបានធូរបន្តិច តែដៃជើងខាងឆ្វេងមិនអាចកម្រើកបានឡើយ។
បើតាមលោកអ៊ឹម ជីវ៉ា ថានាយក្តឹប អាចបើកភ្នែក និងនិយាយ មួយៗ ។ ចំពោះការហូបចាក់គឺសាច់ញាតិជាអ្នកបញ្ចុក ព្រោះលោកមានសភាពខ្សោយ អស់កម្លាំង ។ នាយក្តឹប កំពុងសម្រាកព្យាបាលនៅបន្ទប់លេខ០៣៦ នៃអគារមន្ទីរពេទ្យកាល់ម៉ែត ។
នាយក្តឹប តែងតែចូលរួមសម្តែងក្នុងក្រុមនាយក្រឹម នៅស្ថានីយទូរទស្សន៍បាយ័ន ក្នុងកម្មវិធីតន្ត្រីស្រុកស្រែ និងសំណើចចុងសប្តាហ៍ប៉ុន្តែមួយរយៈចុងក្រោយនេះត្រូវខកខានដោយជំងឺ ។ ស្ថិតក្នុងវ័យ៥៨ឆ្នាំជំងឺរ៉ាំរ៉ៃបានកើតមានលើតារាកំប្លែងនាយក្តឹប ជាយូរឆ្នាំមកហើយ ប៉ុន្តែព្រោះត្រូវរ៉ាប់រងលើជីវភាពក្រុមគ្រួសារ នាយសុខចិត្តចេញទៅសម្តែងលើឆាកទាំងឈឺទាំងជា។
បើតាមការឲ្យដឹងពីអ្នកស្រីហួន ផាត ថា ស្វាមីអ្នកស្រីមានជំងឺបេះដូង ហើយរយៈពេល១០ថ្ងៃ ឬកន្លះខែត្រូវជួបពេទ្យម្ដង ។ តារាកំប្លែងនាយក្តឹប បានប្រឡូកនឹងការងារសិល្បៈជិត៣០ឆ្នាំមកហើយ ។ នាយមានកូន៥នាក់ ស្រី៣ និងចៅ៦នាក់ ។ ចំណែកអ្នកស្រីគង់ ណារី វិញ ត្រូវគ្រូពេទ្យជំនាញអះអាងថា សភាពជំងឺរបស់គាត់បានឈានដល់ដំណាក់កាលចុងក្រោយ និងអស់សង្ឃឹមហើយ ។ អ្នកស្រីណារីត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យព្រះកុសម: ។ប្រភពជិតស្និទ្ធបានសម្ដែងការបារម្ភយ៉ាងខ្លាំង បន្ទាប់ពីពេទ្យជំនាញប្រាប់ថាអស់សង្ឃឹម ។ អ្នកគ្រូគង់ ណារី មានជំងឺក្រិនថ្លើម និងទាចទឹក ។
ខណៈលោកសុះ ម៉ាច និងសិល្បករមួយចំនួនទៅសួរសុខទុក្ខកាលពីពេល ថ្មីៗកន្លងមកអ្នកគ្រូគង់ ណារី បានថ្លែងថា«បើទោះជាខ្ញុំមិនដឹងបន្តជីវិតបានដល់ថ្ងៃណា ប៉ុន្តែអ្វីដែលខ្ញុំចង់ឃើញ គឺសិល្ប:ជំនាន់ក្រោយរីកចម្រើន និងចេះការពារគ្នា ដើម្បីកុំឲ្យប្រទេសជិតខាងមាក់ងាយ និងដើម្បីកុំឲ្យវិស័យសិល្ប:របស់យើងចុះខ្សោយ ។
ជារឿងសង្វេគណាស់ដែលអ្នកសិល្ប:ត្រូវគេបែងចែកគ្នារវាងអ្នកបុរាណ និងសម័យ រវាងអ្នកជើងចាស់ និងជើងថ្មី ដែលធ្វើឲ្យក្នុងពេលខ្លះអ្នកជើងចាស់ក្លាយជាក្រុមឯកោ ស្របគ្នាដែលទីផ្សារធ្លាក់ចុះ ។
អ្នកមានឥទ្ធិពលក្នុងការលើកស្ទួយសិល្បៈគួរជួយបណ្ដុះគំនិត ជំរុញដល់អ្នកសិល្បៈ ក្មេងៗ។ បើអ្នកជំនាន់ក្រោយមិនទទួលបានការយកចិត្តទុកដាក់ និងបណ្ដុះជំនាញឲ្យច្បាស់លាស់ នោះវិស័យសិល្បៈនឹងមិនអាចទៅមុខបានទេ»។
អ្នកគ្រូគង់ ណារី មានសភាពស្គម ស្លេកស្លាំង ក្បាលពោះធំព្រោះតែទាចទឹក និងក្រិនថ្លើម ។ គាត់បានទទួលស្គាល់ថាគាត់ពិតជាមានជំងឺធ្ងន់ តែមិនតក់ស្លុតទេ ។ ទោះជាជីវិតស្ថិតក្នុងស្ថានភាពបែបនេះ តែអ្នកស្រីគង់ ណារី បានបង្ហាញអារម្មណ៍រីករាយចំពោះអ្នកសិល្បៈដែលទៅសួរសុខទុក្ខ និងជូនពរគាត់ ។
ក្នុងខណៈទៅសួរសុខទុក្ខអ្នកគ្រូគង់ ណារី លោកសុះ ម៉ាច និងស្ថាបនិកគ្រួសារតារាកម្ពុជាបានជូនប្រាក់ជាង១លាន៥សែនរៀលដល់គាត់ ។
ចំណែកលោកអ៊ឹម ជីវ៉ា ខណៈទៅសួរសុខទុក្ខអ្នកគ្រូគង់ ណារី ដែរនោះបាននាំយកប្រាក់របស់សមាគមសិល្បករខ្មែរចំនួន១លានរៀល និងប្រាក់របស់អ្នកឧកញ៉ាអ៊ូ ឆាយ និងលោកជំទាវសុខ វាសនា ចំនួន២០០ដុល្លារជូនដល់គាត់ ៕
អត្ថបទសរសេរ ដោយ
អត្ថបទសរសេរ ដោយ
ចែករំលែកព័តមាននេះ