តាមប្រភពព័ត៌មាន Mirror បានឲ្យដឹងថា កុងត្រាដំបូងដែល Barca ឲ្យ Messi ចុះហត្ថលេខាកាលពីរូបគេនៅអាយុ១៣ឆ្នាំ គឺសរសេរលើកន្សែងជូតមាត់ ដោយសារតែហេតុផលមួយ ។

កាលឆ្នាំ២០០០ កីឡាករវ័យក្មេងអាយុ១៣ឆ្នាំ Lionel Messi ត្រូវបានក្លិបអ្នកមានបុណ្យទៅអន្ទោងហៅដោយឲ្យចុះហត្ថលេខាលើកន្សែងមួយ ។ តាំងពីពេលនោះមកកីឡាកររូបនេះនៅលេងឲ្យ Barcelona រហូតមកដល់សព្វថ្ងៃដែលរកគ្រាប់បាល់ជូនក្រុមមិនតិចជាង៥០០គ្រាប់នោះទេ ។

កាលនោះ គឺលេខាធិការខាងបច្ចេកទេសរបស់ Barcelona លោក Carles Rexach មិនចង់ចំណាយពេលច្រើនឥតប្រយោជន៍ក្នុងការរកក្រដាសទៅឲ្យ Messi ចុះកុងត្រា ។ ពេលនោះ លោក និង Messi បានណាត់គ្នាជួបនៅក្នុងភោជនីយដ្ឋានមួយដោយមិនបានយកក្រដាសទៅទុកមុន ។ ដោយសារតែខ្លាចរបូត Messi ទៅ Real Madrid បាត់ លោក Rexach ក៏សម្រេចចិត្តសុំក្រដាសពីភោជនីយដ្ឋាននោះ ។ តែខាងហាងមិនមាននោះទេ ហើយក៏ឲ្យកន្សែងជូតមាត់មួយដល់ពួកគេទាំងពីរ ។

ដោយមិនបង្អង់យូរ អ្នកទាំងពីរក៏បានយល់ព្រមគ្នានៅលើកន្សែងមួយនោះដែល Messi នៅបន្តលេងឲ្យក្លិបនេះតាំងពីពេលនោះមក ៕
ចែករំលែកព័តមាននេះ