អុីអន គ្រោងបើកហាងនៅកម្ពុជាចំនួន30បន្ថែមទៀត
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ យោងតាម Asian Investment Report ២០១៨ បានឲ្យដឹងនៅក្នុងរបាយការណ៍របស់ខ្លួនមួយ ដោយបានបញ្ជាក់ថា ក្រុមហ៊ុនផ្សារទំនើបAeon…
រាជធានីភ្នំពេញ ៖ យោងតាម Asian Investment Report ២០១៨ បានឲ្យដឹងនៅក្នុងរបាយការណ៍របស់ខ្លួនមួយ ដោយបានបញ្ជាក់ថា ក្រុមហ៊ុនផ្សារទំនើបAeon…
រាជធានីភ្នំពេញ ៖ យោងតាម Asian Investment Report ២០១៨ បានឲ្យដឹងនៅក្នុងរបាយការណ៍របស់ខ្លួនមួយ ដោយបានបញ្ជាក់ថា ក្រុមហ៊ុនផ្សារទំនើបAeon មានគម្រោងបើកហាងលក់ទំនិញខ្នាតតូច(Store) ឲ្យបាន៣០បន្ថែមទៀតនៅប្រទេសកម្ពុជាក្នុងឆ្នាំ២០២០ខាងមុខនេះ ខណៈបច្ចុប្បន្ន ក្រុមហ៊ុនផ្សារទំនើបជប៉ុនមួយនេះ បានដំណើរការផ្សារទំនើបចំនួន២ហើយនៅកម្ពុជា និងមានគម្រោងបើកការសាងសង់សាខាទី៣របស់ខ្លួនបន្ថែមទៀត ។
របាយការណ៍បានបន្ថែមថា ក្រមហ៊ុនមួយនេះ ក៏មានគម្រោងពង្រីផ្សាររបស់ខ្លួននៅក្នុងប្រទេសវៀតណាមឲ្យបានជាង២០បន្ថែមទៀតផងដែរនៅក្នុងឆ្នាំ២០២៥ខាងមុខ។ រហូតមកដល់ពេលនេះមានផ្សារប្រហែល១១ ហើយដែលបានចូលនៅក្នុងទីផ្សារវៀតណាមចាប់តាំងពីឆ្នាំ២០១៧ និងបន្តសម្ពោធដាក់ឲ្យដំណើរថែមទៀតនៅទីនោះ ។
ទំហំទុនវិនិយោគផ្ទាល់ពីបរទេសរបស់ប្រទេសជប៉ុនមកកាន់តំបន់អាស៊ានកើនឡើង១៨% ពោលគឺកើនឡើង៦,១ពាន់លានដុល្លារ ហើយការវិនិយោគរបស់ប្រទេសជប៉ុនលើពាណិជ្ជកម្មលក់រាយ និងដុំកើនឡើង៥០% ពោលគឺមានទំហំទឹកប្រាក់ចំនួន៤,៣ពាន់លានដុល្លារ។ ប្រទេសជប៉ុន ក៏គ្រោងនឹងសម្ពោធដាក់ឲ្យដំណើររការផ្សារលក់រាយបន្ថែមទៀត នៅក្នុងតំបន់អាស៊ានផងដែរ ។ផ្សារទំនើបនៅកម្ពុជាកំពុងមានការរីកចម្រើនយ៉ាងខ្លាំង ដោយឆ្នាំនេះផ្សារទំនើបប្រមាណ១០ទីតាំងបានបើក និងត្រៀមបើកដំណើរការនៅចុងឆ្នាំនេះផងដែរ ។ ការកើនឡើងនៃផ្សារទំនើបតូចធំនៅកម្ពុជា បានបង្ហាញពីសេដ្ឋកិច្ចជាតិរីកចម្រើន និងប្រាក់ចំណូលប្រជាពលរដ្ឋមានភាពប្រសើរឡើងជាលំដាប់ ពិសេសគឺការផ្លាស់ប្ដូររបៀបរស់នៅ (Lifestyle)របស់ប្រជាជនកម្ពុជាកាន់តែស៊ីវិល័យស្របតាមយុគសម័យឌីជីថល ។
អគ្គនាយកក្រុមហ៊ុន Century21 Mekongលោក ច្រឹក សុខនីម បានថ្លែងថា ចំនួនផ្សារទំនើបខ្នាតតូចៗដែលក្រុមហ៊ុន AEON មានផែនការបើកចំនួន៣០នៅឆ្នាំ២០២០ខាងមុខ នោះ មិនមែនជាចំនួនច្រើននៅឡើយទេ ព្រោះនៅកម្ពុជាមានអគារធំៗនិងខ្ពស់ៗច្រើន ដែលតម្រូវឲ្យមានផ្សារបែបនេះនៅតាមអគារទាំងនោះ ។ លោកបន្តថា ៖« ផ្សារទំនើបខ្នាតតូចៗបែបនេះ នៅមានឱកាសរីកចម្រើនច្រើន ដោយសារប្រទេសរបស់យើងកំពុងរីកចម្រើន និងប្រាក់ចំណូលប្រជាពលរដ្ឋមានការកើនឡើង »។ លោកបន្តថា ៖« ការរីកចម្រើននៅតាមបណ្តាខេត្តនីមួយៗ ក៏ជំរុញឲ្យមានការវិនិយោគផ្សារខ្នាតតូចបែបនេះកាន់តែច្រើនផងដែរ »។
នាយកផ្នែកស្រាវជ្រាវនៃក្រុមហ៊ុនប៊ុណ្ណារៀលធីគ្រុប លោក ប៉ែន សុខគា បានថ្លែងថា កំណើននៃផ្សារទំនើបនៅកម្ពុជា ដោយសារកត្តាសំខាន់ៗជាច្រើនរួមមាន កំណើនសេដ្ឋកិច្ច ដែលធ្វើឲ្យប្រាក់ចំណូលប្រជាពលរដ្ឋកើនឡើង ហើយជំរុញឲ្យកម្លាំងទិញមានការកើនឡើង, កំណើនប្រជាសាស្ត្រនៅក្នុងទីក្រុង, ការឈានមកកាន់ដំណាក់កាលថ្មីរបស់កម្ពុជា ក្នុងនាមជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតទាបជាដើម ។លោកបន្តថា ៖« កំណើនសេដ្ឋកិច្ច និងការកើនឡើងប្រាក់ចំណូលរបស់ប្រជាពលរដ្ឋ ជាភាពទាក់ទាញមួយរបស់កម្ពុជា ដែលបានធ្វើឲ្យអ្នកវិនិយោគជាតិ និងអន្តរជាតិវិនិយោគផ្សារទំនើបនៅកម្ពុជា » ។
នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ កំណើនផ្សារទំនើបធំៗនៅក្នុងប្រទេសកម្ពុជា ជាពិសេសនៅរាជធានីភ្នំពេញបានកើនឡើងគួរឲ្យកត់សម្គាល់ ក្នុងនោះ ផ្សារទំនើបអន្តរជាតិ ហាក់កំពុងមានប្រៀបជាងផ្សារទំនើបក្នុងស្រុក និងបានធ្វើឲ្យផ្សារទំនើបក្នុងស្រុកមួយចំនួនដែលធ្លាប់តែល្បីនោះ មានសភាពស្ងប់ស្ងាត់ជាបន្ដបន្ទាប់ ។ ទោះយ៉ាងនេះក្ដី ថ្មីៗនេះវិនិយោគិនក្នុងស្រុកដែលមានទុនគ្រប់គ្រាន់ ក៏បានងាកមកបណ្ដាក់ទុនវិនិយោគលើផ្សារទំនើបដើម្បីបំពេញទៅតាមតម្រូវការរបស់អតិថិជនកម្ពុជាផងដែរ តែមិនទាន់ដឹងថា តើផ្សារទំនើបក្នុងស្រុកអាចប្រកួតប្រជែងជាមួយផ្សារទំនើបពីបរទេសបានកម្រិតណានៅឡើយទេ ៕
ចែករំលែកព័តមាននេះ