ទីក្រុងបាងកក ៖ ក្រសួងពាណិជ្ជកម្មថៃបានឲ្យដឹងថា ប្រទេសខ្លួនកំពុងតែសិក្សាពីអត្ថប្រយោជន៍ និងគុណវិបត្តិនៃការចូលរួមក្នុងកិច្ចព្រមព្រៀងទូលំទូលាយ និងរីកចម្រីនសម្រាប់ភាពជាដៃគូពាណិជ្ជកម្មអន្តរប៉ាស៊ីហ្វិក (CPTPP) ដែលនឹងចាប់មានប្រសិទ្ធភាពនៅថ្ងៃទី ៣០ ខែធ្នូ ខាងមុខនេះ ។
រដ្ឋមន្ត្រីពាណិជ្ជកម្ម Sontirat Sontijirawong បាននិយាយថា សមាជិក៦ប្រទេសក្នុងចំណោមសមាជិកទាំង១១នៃCPTPP បានផ្តល់សច្ចាប័នក្នុងកិច្ចព្រមព្រៀងនេះរួចទៅហើយ ក្នុងនោះមានប្រទេសម៉ិកស៊ិក ជប៉ុន សិង្ហបុរី នូវែលសេឡង់ កាណាដា និងអូស្ត្រាលីជាដើម ។ លោកបានបន្តថា ក្រសួងពាណិជ្ជកម្ម បានបង្កើតក្រុមមួយដើម្បីវាយតម្លៃពីអត្ថប្រយោជន៍ នៃការចូលរួមក្នុងកិច្ចព្រមព្រៀង CPTPP នេះ ។
លោកបញ្ជាក់ថា ៖« ក្រុមខាងលើកំពុងតែសហការជាមួយនឹងភាគីដែលពាក់ព័ន្ធក្នុងផ្នែកស្រាវជ្រាវ និងរៀបចំវេទិកាសាធារណៈដើម្បីប្រមូលមតិសាធារណៈពីការចូលរួមរបស់ប្រទេសថៃនេះ »។
យោងតាមលោក Sontirat បានឲ្យដឹងដែរថា មានការប្រារព្ធវេទិកាចំនួន៥ដងមកហើយក្នុងអំឡុងខែសីហា និងកញ្ញា ហើយមានមនុស្សប្រមាណជាង១.៤០០នាក់មកពីវិស័យដែលពាក់ព័ន្ធបានចូលរួម ។
ក្នុងវេទិកាទាំងនេះ ក្រុមហ៊ុនឯកជនបានបង្ហាញពីការគាំទ្រឲ្យប្រទេសថៃក្លាយជាសមាជិកនៃកិច្ចព្រមព្រៀងCPTPP នេះ ប៉ុន្តែកសិករ និងក្រុមស៊ីវិលមួយចំនួនបានប្រាប់ថា ប្រទេសថៃគួរតែប្រុងប្រយ័ត្នពីផលប៉ះពាល់នៃCPTPP លើវិស័យមួយចំនួន ដូចជាកសិកម្ម និងសមត្ថភាពរបស់ប្រទេសក្នុងការប្រកួតប្រជែងលើទីផ្សារជាដើម ។
លោកបានបន្ថែមថា កង្វល់ដែលបានលើកឡើងក្នុងវេទិកាកន្លងមក នឹងត្រូវបានប្រមូល និងយកទៅពិភាក្សាជាមួយនឹងភ្នាក់ងាររដ្ឋាភិបាលដើម្បីឈ្វេងយល់ឲ្យដឹងថា តើប្រទេសអាចត្រៀមខ្លួនយ៉ាងដូចម្តេចសម្រាប់បញ្ហាដែលអាចកើតមានឡើងពីកិច្ចព្រមព្រៀងនេះ ។ ពួកគេក៏នឹងពិភាក្សាពីថវិកាសំណងដល់វិស័យដែលទទួលរងការប៉ះពាល់ផងដែរប្រសិនបើប្រទេសថៃចូលរួម ។
គួរបញ្ជាក់ថា កិច្ចព្រមព្រៀងទូលំទូលាយនិងរីកចម្រីនសម្រាប់ភាពជាដៃគូពាណិជ្ជកម្មអន្តរប៉ាស៊ីហ្វិក (CPTPP) បានឆ្លងកាត់ឧបសគ្គដល់ដំណាក់កាលចុងក្រោយហើយកាលពីថ្ងៃពុធ សប្ដាហ៍មុន ដែលនឹងចាប់មានប្រសិទ្ធភាពនៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៨នេះ ។
កិច្ចព្រមព្រៀងនេះស្ទើរតែជិតដួលរំលំ ទៅហើយ បន្ទាប់ពីលោកប្រធានាធិបតីដូណាល់ត្រាំ (Donald Trump) ដកសហរដ្ឋអាមេរិកចេញពីកិច្ចព្រមព្រៀងនេះ ។ ប៉ុន្តែតាមរយៈទំនាក់ទំនងការទូតរបស់ជប៉ុន បានរក្សាកិច្ចព្រមព្រៀងដែលមានទំហំតូចជាងមុននេះឲ្យនៅមានបន្តទៀតសម្រាប់សមាជិកដែលនៅសល់ ខណៈដែលសង្ឃឹមថា សហរដ្ឋអាមេរិកនឹងប្តូរគំនិតងាកមកចូលរួមវិញ ។
បើទោះជាមិនមានវត្តមានរបស់សេដ្ឋកិច្ចធំជាងគេលើពិភពលោកនេះក៏ពិតមែន ក៏កិច្ចព្រមព្រៀងនេះត្រូវបានចាត់ទុកថា មានសារសំខាន់ខ្លាំងដែរ ព្រោះវាគ្របដណ្តប់សេដ្ឋកិច្ចដែលកំពុងតែអភិវឌ្ឍន៍ដែលសរុបស្មើនឹង១៤%នៃការធ្វើពាណិជ្ជកម្មពិភពលោកទៀតផង ។
ក្រៅពីចង់ឲ្យប្រទេសចូលរួមក្រោមក្របខ័ណ្ឌច្បាប់តឹងរ៉ឹងសម្រាប់ការធ្វើពាណិជ្ជកម្ម ការកាត់បន្ថយពន្ធ និងការបើកទូលាយទីផ្សារហើយនោះ កិច្ចព្រមព្រៀងនេះក៏នឹងចេញស្តង់ដាពលកម្មថ្មី និងបង្ខំឲ្យរដ្ឋាភិបាលមួយចំនួនជំរុញដល់ការប្រកួតប្រជែងក្នុងវិស័យផ្សេងៗដែលធ្លាប់តែត្រូវបានគ្រប់គ្រងដោយក្រុមហ៊ុនក្នុងស្រុក ៕
ចែករំលែកព័តមាននេះ