ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្នេរសមុទ្រ​អូរឈើទាល… កាន់តែឃ្លាតឆ្ងាយ និងស្ងាត់ជ្រងំ

5 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ ម្ចាស់​តូប​លក់​ម្ហូប​អាហារនៅ​តាម​បណ្តោយ​ឆ្នេរ​អូរ​ឈើទាល និង​អ្នក​ប្រកបរបរ​រែក​ អ​ម្រែ​ក​លក់​មឹក​អាំង​​តាម​ឆ្នេរសមុទ្រ បាន​ត្អូញត្អែរ​ដូច​ៗ​គ្នា​ថា មួយ​រយ​:​ពេល​ចុង​ក្រោយនេះ បន្ទាប់​ពី​លំហូរ​ចូល​នៃ​ជនជាតិ​ចិន​ដ៏​សន្ធឹកសន្ធាប់​រាប់​ម៉ឺន​នាក់​ មក​ធ្វើការ​វិនិយោគ និងប្រកប​មុខរបរ​លើ​វិស័យ​ផ្សេង​ៗ​ជា​ច្រើន​នោះ…

ខេត្ត​ព្រះ​សីហ​នុ ៖ ម្ចាស់​តូប​លក់​ម្ហូប​អាហារនៅ​តាម​បណ្តោយ​ឆ្នេរ​អូរ​ឈើទាល និង​អ្នក​ប្រកបរបរ​រែក​
អ​ម្រែ​ក​លក់​មឹក​អាំង​​តាម​ឆ្នេរសមុទ្រ បាន​ត្អូញត្អែរ​ដូច​ៗ​គ្នា​ថា មួយ​រយ​:​ពេល​ចុង​ក្រោយនេះ បន្ទាប់​ពី​លំហូរ​ចូល​នៃ​ជនជាតិ​ចិន​ដ៏​សន្ធឹកសន្ធាប់​រាប់​ម៉ឺន​នាក់​ មក​ធ្វើការ​វិនិយោគ និងប្រកប​មុខរបរ​លើ​វិស័យ​ផ្សេង​ៗ​ជា​ច្រើន​នោះ ធ្វើ​ឲ្យ​អ្នក​ប្រកប​របរ​ខ្មែរ​ប្រឈម​នឹង​ការ​លំបាក​កាន់តែ​ស្រួចស្រាល់ ។

ជនជាតិ​ចិន​ដែល​ចូល​ចូល​មក​កាន់​ក្រុង​មាត់សមុទ្រ​ខ្មែរ​នេះ បាន​ជួល​ផ្ទះសំណាក់​ឬ​សណ្ឋាគារ​ពេញ​ណែន​ទាំងអស់ ហើយ​ទីតាំង​រមណីយដ្ឋាន និង​តូប​លក់ដូរ​នៅ​តាម​តំបន់ឆ្នេរ​កម្សាន្ត​ស្ទើរ​ទាំងអស់ ត្រូវ​បាន​ជនជាតិ​ចិន​ជួល​បន្ត​ដោយ​ឲ្យ​តម្លៃ​ខ្ពស់​ប្រចាំខែ ។ ដោយសារ​បែប​នេះ ជា​ហេតុ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​មុខរបរ​តូចតាច​ដូច​ជា អ្នក​រែក​អ​ម្រែ​ក​លក់​នៅ​តាម​ឆ្នេរ​កម្សាន្ត​ស្ទើរតែ​ដាច់​បាយ​ទៅ​ហើយ ព្រោះតែ​ការ​ធ្លាក់​ចុះ​នៃ​ចំនួន​ភ្ញៀវ​ទេសចរ​ជាតិ​និង​អន្តរជាតិ​ដែល​ឈប់​មក​កម្សាន្ត​ដូច​មុន ។

ប្រភព​ខាងលើ​បាន​កត់​សម្គាល់ថា អ្វី​ៗ​ខុស​ប្លែក​ពី​កាល​ឆ្នាំ​មុន​ៗ ព្រោះ​ចំនួន​ភ្ញៀវ​ទេសចរ​ជាតិ​និង​អន្តរជាតិ​មានការ​ធ្លាក់​ចុះ​ស្ទើរតែ​មិន​គួរ​ឲ្យ​ជឿ ខណៈ​វិ​ថី​នានា​ក្នុង​ក្រុង​ក៏​រង​ការ​ខូចខាត​ធ្ងន់​ដោយសារ​ទឹកជំនន់​នា​រដូវវស្សា​កន្លង​មក ដែល​តម្រូវការ​ពេលវេលា​វែង​សម្រាប់ការ​ជួសជុល​វិ​ថី​ទាំងនោះ​ឡើង​វិញ ។

មួយ​វិញទៀត ដោយសារ​តែ​លំហូរ​ចូល​នៃ​ជនជាតិ​ចិនមានការ​កើន​ឡើងជា​បន្តបន្ទាប់ បង្ក​ឲ្យ​កកស្ទះ​ចរា​ចរណ៍​ជា​ប្រ​ចា ំ​ដែល​ជា​ប្រភព​ដើមចម​ប៉ះពាល់​ដល់​អារម្មណ៍​ភ្ញៀវ​ទេសចរ​ជាតិ​និង​អន្តរជាតិ ដែល​ធ្វើដំណើរ​​ទៅ​កម្សាន្ត​នៅ​តាម​តំបន់ឆ្នេរ​និង​រមណីយដ្ឋាន​នានា លែង​ចង់ទៅ​កម្សាន្ត​បន្ត​ទៀត ធ្វើ​ឲ្យ​តំបន់ឆ្នេរ​និង​រមណីយដ្ឋាន​នានានៅ​ក្នុង​ក្រុងព្រះសីហនុ មាន​សភាព​ស្ងប់ស្ងាត់​ប្លែក​ខុស​ពី​ឆ្នាំ​មុន​ៗ ។

ការ​ឃ្លាតឆ្ងាយ​ពី​ទឹកដី​មាត់សមុទ្រ កំពុង​បង្ហាញ​នូវ​លក្ខខណ្ឌ​មិន​ច្បាស់លាស់​មួយ​នៃ​អ​នាគត​មាត់សមុទ្រ​ក្រុងព្រះសីហនុ ដែល​ជាតា​រា​រះ​នា​ទិសនិរតី ។ មតិ​ខ្លះ​បាន​គិត​ថា ប្រសិនបើ​មិន​រិះរក​វិធី​កែ​លម្អ​ស្ថានការណ៍​ដែល​កំពុង​កើត​មាន​នេះ​ឲ្យ​ប្រសើរ​ឡើង​វិញ​ទេ នោះ​ពិត​ណាស់​ថា​នឹង​គ្មាន​អ្វី​ផ្លាស់​ប្តូរ​នោះ​ឡើយ ។

ក្នុង​ទឹកមុខ​ស្រងូតស្រងាត់ ពលរដ្ឋ​ខ្មែរ​ជា​អាជីវករ​លក់ដូរ​ម្ហូបអាហារ​នៅ​តាម​តំបន់ឆ្នេរ​អូរ​ឈើទាល ដែល​ជាទី​ពេញ​និយម​សម្រាប់​អ្នកទេសចរ​ទៅ​មុជទឹក​លេង​កម្សាន្ត​ពី​មុន​មក មាន​តូប​លក់ដូរ​ប្រមាណ​ជាង​២០​តូប រហូត​មក​ដល់​សព្វ​ថ្ងៃនេះ​ម្ចាស់​តូប​ជាង​ពាក់កណ្តាល​នៃ​ចំនួន​ខាងលើ​បាន​ជួល​ទៅ​ឲ្យ​ជនជាតិ​ចិន​ក្នុង​តម្លៃ​ចាប់ពី​៥.០០០​ដុល្លារ​រហូត​ដល់​២០.០០០​ដុល្លារ​ក្នុង​១​ខែ សម្រាប់​ប្រកប​របរ​លក់ដូរ​នៅ​ពេល​យប់​រហូត​ដល់​ភ្លឺ ។ ជាមួយ​នេះ ពួក​គេ​បាន​ចាក់ធុងបាស់​រាំ ដោយ​បំពង​សំឡេង​ខ្លាំង​ៗ ហើយ​កន្លង​មក​ក៏​ធ្លាប់​មាន​ជម្លោះ​ហិង្សា​វាយតប់​គ្នា​ជាមួយ​ភ្ញៀវ​ជា​ជនជាតិ​បរទេស​និង​ជនជាតិ​ខ្មែរ​ថែម​ទៀត​ផង តែ​ត្រូវ​បាន​សមត្ថកិច្ច​បង្ក្រាប​ទាន់​ពេលវេលា ។

ពួក​គាត់​បន្ត​ទៀត​ថា សព្វថ្ងៃ​នៅ​ឆ្នេរ​អូរ​ឈើទាល​នៅ​សល់​តែ​៨​តូប​តែ​ប៉ុណ្ណោះ​ដែល​មិន​ទាន់​ជួល​ឲ្យ​ជនជាតិ​ចិន ហើយ​កំពុង​តែ​ជួបនឹង​ហានិភ័យ​ខ្ពស់​លើ​អាជីវកម្ម​របស់​ខ្លួន ខណៈ​ចំនួន​ភ្ញៀវ​ទេសចរ​ជាតិ​-​អន្តរជាតិ​បាន​បន្ត​ធ្លាក់​ចុះ ។ ដូច្នេះ ចាំបាច់​ពួក​គាត់​អាច​ជួល​ឲ្យ​ជនជាតិ​ចិន ដោយ​ចាំតែ​យក​លុយ​ឈ្នួល​ប្រចាំខែ​ក៏​ល្អ​ដែរ ។

ដោយឡែក អាជីវករ​ដែល​បាន​ជួល​ខ្យូ​ស(​តូប​)​ពី​ក្រុមហ៊ុន ស៊ា​ង ឈុ​ន​ហេង ចំនួន​៨​ខ្យូ​ស​(​តូប​)​នៅ​តាម​បណ្តោយ​ឆ្នេរ​ឯករាជ្យ ឆ្នេរ​សណ្ឋាគារ​៧​ជាន់ ពេល​នេះ​កំពុង​តែ​ព្រួយបារម្ភ​ពី​ការ​បាត់បង់​មុខរបរ​លក់ដូរ​របស់​ខ្លួន​ដែរ ខណៈ​តំណាង​ក្រុមហ៊ុន​ខាងលើ​បាន​ជូនដំណឹង​ថា ឈប់​ជួល​ឲ្យ​អាជីវករ​លក់ដូរ​បន្ត​ទៀត​ហើយ ទៅ​តាមពេលវេលា​កំណត់​នៃ​ការ​ចុះហត្ថលេខា​ដែល​ត្រូវ​បញ្ចប់​នៅ​ថ្ងៃ​ទី​១ ខែមករា ឆ្នាំ​២០២០​ខាង​មុខ ។

ពួក​គាត់​ឲ្យ​ដឹង​ថា ដោយសារ​តែ​ខ្យូ​ស​ដែលក្រុមហ៊ុន​ខាងលើ​ជួល​ឲ្យ​ពួក​គាត់​កន្លង​មក ស្ថិត​នៅ​ជាប់​នឹង​អគារ​ដែល​ក្រុមហ៊ុន ស៊ា​ង ឈុ​ន​ហេង សាងសង់​លើ​ដី​ឆ្នេរ​ឯករាជ្យ ហើយ​បាន​ជួល​ទៅ​ឲ្យ​ជនជាតិ​ចិន​ក្នុង​១​ខែ​មាន​តម្លៃ​រហូត​ដល់​ទៅ​៧០.០០០​ដុល្លារ ក្នុង​រយៈពេល​ប្រមាណ​ជាង​១០​ឆ្នាំ ។ ដូច្នេះ​ក្រោយ​ពី​បញ្ចប់​ទៅ​តាម​ការ​កំណត់​ខាងលើ ក្រុមហ៊ុន ស៊ា​ង ឈុ​ន​ហេង នឹង​មាន​គម្រោង​ជួល​ខ្យូ​ស​(​តូប​)​ខាងលើ​ឲ្យ​ទៅ​ចិន ដែល​កំពុង​តែ​ដំណើរការ​សាងសង់​សណ្ឋាគារ​ក្បែរ​នោះ​ក្នុង​តម្លៃ​ខ្ពស់ ដែល​អាជីវករ​ដូច​ពួក​គាត់​មិន​មាន​សមត្ថភាព​ជួល​ដូច​ជនជាតិ​ចិន​នោះ​ទេ ។

បញ្ហា​ចំពោះ​មុខ​នៅ​ឯ​ឆ្នេរសមុទ្រ​នេះ ពិតជាមានរឿង​រ៉ាវ​ច្រើន​រៀបរាប់​មិន​អស់ សូ​ម្បី​តែ​សណ្ឋាគារ ផ្ទះ​សំណាក់ ដែល​ធ្លាប់​ជួល​ស្នាក់​នៅ​មាន​តម្លៃ​ចាប់ពី​១៥​ដុល្លារ ទៅ​២០​ឬ​៣០​ដុល្លារ បាន​ឡើង​រហូត​ដល់​ទាប​បំផុត​ក៏​៥០​ដុល្លារ​ដែរ ហើយ​ដើរ​រក​អស់​មួយ​កំណាត់​យប់​ទើបបាន ។

សណ្ឋាគារ​និង​ផ្ទះសំណាក់​ដែល​ពី​មុន​សម្បូរ តែ​ពេល​នេះ​វា​បាន​ក្លាយទៅជា​កាស៊ីណូ​របស់​ថៅកែ​ចិន​អស់​ទៅ​ហើយ ។ អ្វី​ដែល​គួរ​ឲ្យ​កត់សម្គាល់​នៅ​ពេល​យប់ គឺ​ទីតាំង​កាស៊ីណូ​បាន​បង្ហាញ​ឧត្តមភាព​គ្រប់​ទីកន្លែង និង​ប្រៀប​ដូច​ជា​ក្រុង​ម៉ា​កាវ​ដូច្នេះ​ដែរ ។អ្នកខ្លះ​បាន​បញ្ចេញមតិ​ថា ថ្វីបើ​កម្ពុជា​មិន​ទាន់​មាន​«​ទីក្រុង​ចិន​»​ដូច​នៅ​តាម​ប្រទេស​នានា តែ​វា​ហាក់ដូចជា​រំកិល​ទៅ​រក​ទីក្រុង​ចិន​មួយ​រួច​ទៅ​ហើយ ដែល​ទាមទារ​ឲ្យ​មានការ​គ្រប់គ្រង​ប្រកបដោយ​ចីរភាព ៕

អត្ថបទសរសេរ ដោយ