ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផល​នៃ​កឋិនទាន​បាន​ទាំង​អ្នក​ធ្វើ​បាន​ទាំង​ភិក្ខុ​អ្នក​ទទួល

5 ឆ្នាំ មុន

បុណ្យ​កុសល​ដែល​ពុទ្ធបរិស័ទ​ធ្វើ​ដោយ​នាំ​យក​ស្បង់ ចីវរ សង្ឃាដី​ទៅ​ប្រគេន​ចំពោះ​ភិក្ខុសង្ឃ​ដែល​បាន​គង់​ចាំ​វស្សា​អស់​ត្រីមាស ក្នុង​វត្ត​អារាម​ណាមួយ ហើយ​ដើម្បី​ឲ្យ​ភិក្ខុសង្ឃ​ក្រាល​គ្រង​នោះ​ហៅ​ថា​កឋិនទាន​។ បុណ្យ​នេះ​ដូច​បុណ្យ​ចីវរ​ទាន​នានា​ដែរ តែ​មានឈ្មោះ​វិសេស​ប្លែក​ជាង​ទាន​ដទៃ ដែល​ធ្វើ​ហៅ​ថា​កាល​ទាន ជា​ទាន​មាន​ផល​ច្រើន​ជាង​ចីវរ​ទាន​ទាំងពួង​។ ព្រោះ​ប្លែក​ពី​ចីវរ​ទាន​ឯទៀត​ដោយ​លក្ខណៈ​៥​យ៉ាង​គឺៈ…

បុណ្យ​កុសល​ដែល​ពុទ្ធបរិស័ទ​ធ្វើ​ដោយ​នាំ​យក​ស្បង់ ចីវរ សង្ឃាដី​ទៅ​ប្រគេន​ចំពោះ​ភិក្ខុសង្ឃ​ដែល​បាន​គង់​ចាំ​វស្សា​អស់​ត្រីមាស ក្នុង​វត្ត​អារាម​ណាមួយ ហើយ​ដើម្បី​ឲ្យ​ភិក្ខុសង្ឃ​ក្រាល​គ្រង​នោះ​ហៅ​ថា​កឋិនទាន​។ បុណ្យ​នេះ​ដូច​បុណ្យ​ចីវរ​ទាន​នានា​ដែរ តែ​មានឈ្មោះ​វិសេស​ប្លែក​ជាង​ទាន​ដទៃ ដែល​ធ្វើ​ហៅ​ថា​កាល​ទាន ជា​ទាន​មាន​ផល​ច្រើន​ជាង​ចីវរ​ទាន​ទាំងពួង​។ ព្រោះ​ប្លែក​ពី​ចីវរ​ទាន​ឯទៀត​ដោយ​លក្ខណៈ​៥​យ៉ាង​គឺៈ

១-​ប្លែក​ដោយ​កាល ព្រោះ​មាន​ពុទ្ធានុញ្ញាត​ថា កឋិន​កាល​មាន​តែ​២៩​ថ្ងៃ​គឺ​ខែអស្សុជ​មាន​១៤​ថ្ងៃ ពី​ត្រឹម​១​រោច ដល់​១៤​រោច ដាច់​ខែអស្សុជ​។ ចំណែក ខែកត្តិក​មាន​១៥​ថ្ងៃ​ពី​ត្រឹម​១​កើត​ដល់​១៥​កើត​ពេញបូណ៌មី​។ រយៈកាល​នេះ ពាក្យ​សាមញ្ញ​ហៅ​ថា​រដូវ​កឋិន ក្នុង​រដូវ​នេះ​បរិស័ទ​ចង់​ធ្វើ​ថ្ងៃ​ណាមួយ​ក៏​បាន​ឲ្យ​តែ​ស្ថិត​ក្នុង​ថ្ងៃ ទាំង​២៩​នេះ​ហើយ​វត្ត​មួយ​ធ្វើ​បាន​តែ​ម្ដង​ប៉ុណ្ណោះ​។

២-​ប្លែក​ដោយ​វត្ថុ គឺ​សំពត់​ដែល​ក្រាលកឋិន​នោះ បាន​តែ​ស្បង់ ឬ​ចីវរ ឬ​ក៏​សង្ឃាដី ដែល​គេ​ធ្វើ​ត្រឹមត្រូវ​តាម​ពុទ្ធ​ប្បញ្ញត្តិ​។ សំពត់​ក្រៅពី​នេះ​ធ្វើ​ពុំ​បាន ហើយ​សំពត់​ទាំង​៣​មុខ​នេះ​ទៀត​សោត​នឹង​យក​ទាំងអស់​ជា​អង្គ​កឋិន​ក៏​ពុំ​បាន​គឺ​បាន​តែ​១​មុខ ទោះបី​ទាយក​យក​ចីវរ​១​ត្រៃ​គឺ ចីវរ​១ ស្បង់​១ សង្ឃាដី​១ ជា​សំពត់​កឋិន​មក​វេរ​ប្រគេន​ក៏​ភិក្ខុ​អ្នក​ក្រាល​គ្រង​លោក​រើស​យក​តែ​វត្ថុ​ណាមួយ​ធ្វើ​ជា​អង្គ​កឋិន គឺ​លោក​ចង់​យក​ស្បង់​ក៏​បាន ចីវរ​ក៏​បាន ឬ​សង្ឃាដី​ក៏​បាន ស្រេច​លើ​ព្រះ​ទ័យ​លោក ឲ្យ​តែ​វត្ថុ​នោះ​ត្រឹមត្រូវ​តាម​វិនយ​ប្បញ្ញត្តិ​។ តែ​តាម​ធម្មតា​លោក​អ្នក​ក្រាល​គ្រង​ច្រើន​យក​សង្ឃាដី ជា​អង្គ​កឋិន​ដោយ​លោក​យល់​ថា​បណ្ដា​ចីវរ​១​ត្រៃ សង្ឃាដី​ជា​ចីវរ​ធំ​ជាងគេ​។

៣-​ប្លែក​ដោយ​អំពើ គឺ​បុគ្គល​អ្នក​ធ្វើ​គប្បី​ធ្វើ​ឲ្យ​បាន​ត្រូវ​របៀប​តាម​ផ្លូវ​ព្រះ​វិន័យ​ទើបបាន​។

៤-​ប្លែក​ដោយ​បដិគ្គាហកៈ​គឺ​អ្នក​ទទួល​សំពត់​កឋិន​បាន​តែ​ភិក្ខុ ក្រៅពី​ភិក្ខុ​ពុំ​បាន​ឡើយ ហើយ​ភិក្ខុ​នោះ​ទៀត សោត​លុះណាតែ​បាន​នៅ​គង់​ចាំ​វស្សា​គ្រប់​៣​ខែ​ក្នុង​វត្ត​ណាមួយ​ទើប​អាច​ទទួល​ក្រាល​គ្រង​និង​អនុមោទនា កឋិន​ក្នុង​វត្ត​នោះ​បាន ភិក្ខុ​ដែល​មិន​បាន​ចាំ​វស្សា​ឬ​បាន​នៅ​ចាំ​វស្សា​ដែរ តែ​ឲ្យ​ដាច់​ក៏​ទទួល​ពុំ​បាន​។

៥-​ប្លែក​ដោយ​អានិសង្ស គឺ​ភិក្ខុ​អ្នក​ទទួល និង​ភិក្ខុ​អ្នក​ក្រាល​គ្រង់​កឋិន​ក៏​បាន​អនិស​ង្ស​៥​យ៉ាង​ក្នុង​រវាង​៥​ខែ​ដូច​មាន​ក្នុង​វិន័យ​បិដក​ត្រង់​កឋិន​ក្ខ​ន្ធ​កថាៈ

១-​អនាម​ន្ត​ចា​រោ ត្រាច់​ទៅ​កាន់​ទី​ដទៃ ដោយ​មិនបាច់​លា​ភិក្ខុ​ផង​គ្នា​នឹង​មិន​មានទោស​។

២-​អ​សមាទាន​ចា​រោ ត្រាច់​ទៅ​ដោយ​មិនបាច់​យក​ត្រៃចីវរ​គ្រប់​ប្រដាប់​ទៅ​ជាមួយ​បាន​។

៣-​គណ​ភោ​ជ​នំ ឆាន់​អាហារ​ភោជន​បាន​។

៤-​យាវ​ទ​ត្ថ​ចីវ​រំ ទុកដាក់​អតិរេកចីវរ​បាន​តាម​ត្រូវការ​។

៥-​យោ ច ត​ត្ថ ចីវ​រុ​ប្បា​ទោ សោ នេ​សំ ភ​វិ​ស្សតិ ចីវរ​ដែល​កើតឡើង​ក្នុង​អាវាស ចីវរ​នោះ​នឹង​មាន​ដល់​ភិក្ខុ​នោះ​។

ដោយ​កឋិនទាន​ជា​ទាន​នាំ​ឲ្យ​ភិក្ខុសង្ឃ​ជា​អ្នក​ទទួល​ក្រាល​គ្រង និង​អនុមោទនា បាន​អានិសង្ស​៥​យ៉ាង ដូច​ពោល​មកនេះ​ហើយ​បានជា​ទាយក​អ្នក​ធ្វើ​កឋិន​ត្រូវ​បាន​អានិសង្ស​ច្រើន​ជា​អនេក សម​ដូច​ព្រះពុទ្ធ​ដីកា​ថា សុខ​ស្ស ទា​តា មេធាវី សុ​ខំ សោ អ​ធិ​គ​ច្ឆ​តិ ជន​អ្នកមាន​ប្រាជ្ញា​ណាមួយ​បាន​ឲ្យ​នូវ​សេចក្ដីសុខ​ស្រួល​ដល់​អ្នក​ដទៃ ជន​នោះ​ឯង​រមែង​បាន​ជួប​ប្រទះ​នឹង​សេចក្ដីសុខ​វិញ​ជាក់​ជា​មិន​ខាន ។