ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រ័​ត្ន រចនា តាំងពី​អាយុ​១១​ឆ្នាំ ច្រៀង​ដើម្បី​ក្រពះជា​ជាង​កេរ្តិ៍ឈ្មោះ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ ដោយសារ​តែ​ជីវភាព​ទីទ័ល​ក្រ​រក​ព្រឹក​ខ្វះ​ល្ងាច​បាន​ជំរុញ​ឲ្យ​តារា​ចម្រៀង​​ដែល​ល្បីល្បាញ​តាម​រយៈ​បទ «​មេ​មា​យ​សប្បាយចិត្ត​» នាង​រ័​ត្ន រចនា បាន​ហក់​ចូល​វិស័យ​សិល្បៈ​ចម្រៀង​អាជីព​រហូត​មក​ដល់​ពេល​បច្ចុប្បន្ន ។ បើ​ទោះបីជា​បាន​ប្រឡូក​ក្នុង​អាជីព​កាន់​ក្បាល​មេក្រូ​ច្រៀង​គ្រប់​ទីកន្លែង​អស់​រយៈពេល​ជិត​២០​ឆ្នាំ​មក​ក៏​ដោយ ប៉ុន្តែ​​រ័​ត្ន រចនា…

រាជធានី​ភ្នំពេញ​៖ ដោយសារ​តែ​ជីវភាព​ទីទ័ល​ក្រ​រក​ព្រឹក​ខ្វះ​ល្ងាច​បាន​ជំរុញ​ឲ្យ​តារា​ចម្រៀង​​ដែល​ល្បីល្បាញ​តាម​រយៈ​បទ «​មេ​មា​យ​សប្បាយចិត្ត​» នាង​រ័​ត្ន រចនា បាន​ហក់​ចូល​វិស័យ​សិល្បៈ​ចម្រៀង​អាជីព​រហូត​មក​ដល់​ពេល​បច្ចុប្បន្ន ។ បើ​ទោះបីជា​បាន​ប្រឡូក​ក្នុង​អាជីព​កាន់​ក្បាល​មេក្រូ​ច្រៀង​គ្រប់​ទីកន្លែង​អស់​រយៈពេល​ជិត​២០​ឆ្នាំ​មក​ក៏​ដោយ ប៉ុន្តែ​​រ័​ត្ន រចនា ត្រូវ​មហាជន​ស្គាល់ និង​មានការ​ចាប់អារម្មណ៍​ខ្លាំង​នា​ពេល​ចុង​ក្រោយ​នេះ​ប៉ុណ្ណោះ តាម​រយៈ​ការ​បង្ហោះ​បទ​ចម្រៀង​«​មេម៉ាយ​សប្បាយចិត្ត​»​ដែល​នាង​បាន​ច្រៀង​ក្នុង​កម្មវិធី​មួយ ។

រ័​ត្ន រចនា បាន​សម្តែង​ក្តី​សប្បាយចិត្ត ដ្បិត​អាជីព​សិល្បៈ​ចម្រៀង​ដែល​នាង​បាន​ប្រឡូក​អស់​ជា​ច្រើន​ឆ្នាំ ត្រូវ​គេ​ទទួលស្គាល់ និង​ឲ្យ​តម្លៃ​ពី​ទឹកដម​សំនៀង​របស់​នាង​នា​ពេល​នេះ​។ ជា​កូនស្រី​ដែល​មាន​ឪពុក​ម្តាយ​ជា​អ្នក​ខេត្ត​ស្វា​រៀង​នាង រ័​ត្ន រចនា បាន​ឲ្យ​ដឹង​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ថា មុន​ចាប់​ឈោង​ក្នុង​វិស័យ​សិល្បៈ​រហូត​មក​ដល់​នា​ពេល​នេះ រូប​នាង​ធ្​លាប់​បាន​ទទួល​ការ​បណ្តុះបណ្តាល​ពីសា​លា​ចម្រៀង ។ ដោយសារ​តែ​ជីវភាព​មាន​ការ​ខ្វះខាត ទើប​ធ្វើ​ឲ្យ​នាង​សម្រេចចិត្ត​បញ្ចប់​ការ​សិក្សា​ត្រឹម​ថ្នាក់​ទី​៧ នៅ​សាលា​ចតុមុខ​ក្នុង​អាយុ​១១​ឆ្នាំ ។

នាង​បន្ថែម​ថា «​ដោយសារ​មាន​ទេព​កោសល្យ​ពី​ធម្មជាតិ ហើយ​ចង់រក​ប្រាក់​ដោះស្រាយ​ជីវភាព​ផង​នោះ នាង​ខ្ញុំ​ក៏​បាន​ផ្សងព្រេង​ជិះ​កង់​ដើរ​សុំ​គេ​ច្រៀង​នៅ​តាម​ទីកន្លែង​នានា ។ ប៉ុន្តែ​គ្រប់កន្លែង​ទាំងអស់​មិន​បាន​ទទួល​ឲ្យ​នាង​ខ្ញុំ​ចូល​ច្រៀង​ឡើយ ដោយសារ​តែ​នាង​ខ្ញុំ​នៅ​ក្មេង​ពេក ជា​ហេតុ​ធ្វើ​ឲ្យ​នាង​ខ្ញុំ​បាន​ខិតខំ​តែងខ្លួន និង​ពាក់​ស្បែកជើង​ខ្ពស់​ៗ​ឲ្យ​មើលទៅ​ដូច​ជា​មនុស្ស​ពេញវ័យ ដើម្បី​បាន​ច្រៀង​គ្រាន់​ដោះស្រាយ​ជីវភាព »​។

បើ​តាម​នាង​រ័​ត្ន រចនា មុន​នឹង​ចាប់ផ្តើម​អាជីព​ចម្រៀង នាង​បាន​ទទួល​ការ​បណ្តុះ​បណ្តាល​​ពី​ក្លឹ​ប​ចម្រៀង​របស់​លោក​មិ​ញ សុធី​វណ្ណ ហៅ​តូ ។ បន្ទាប់​ពី​ទទួល​បាន​បណ្តុះ​បណ្តាល​រួច​មក​អាជីព​ដំបូង​ដែល​នាង​ច្រៀង​នោះ​គឺ​នៅ​ហាង​មួយ​ម្តុំ​រង្វង់​មូល​ផ្សារ​ដើម​ថ្កូវ ហើយ​បន្ទាប់​មក​ក៏​មានការ​ច្រៀង​នៅ​ហាង ផ្សេង​ៗ​ទៀត​ជា​ច្រើន ខណៈ​ពេល​បច្ចុប្បន្ន​នាង​ជា​អ្នកចម្រៀង​ប្រចាំ​ហាង​មួយ​កន្លែង​នៅ​ម្តុំ​ទួល​គោក ។

បើ​ទោះបីជា​ប្រឡូក​ក្នុង​វិស័យ​ចម្រៀង​នេះ​ប្រមាណ​២០​ឆ្នាំ​មក​ហើយ​ក្តី ប៉ុន្តែ​រ័​ត្ន រចនា មិន​ត្រូវ​បាន​គេ​ទទួលស្គាល់​ពី​ទឹកដម​សំឡេង​របស់​នាង​ឲ្យ​បាន​ទូលំទូលាយ​ពី​ទស្សនិកជន​ឡើយ ។ ប៉ុន្តែ​នាង​ត្រូវ​បាន​គេ​ទទួលស្គាល់​ខ្លាំង បន្ទាប់​ពី​វី​ដេ​អូ​ដែល​នាង​បកស្រាយ​បទ​«មេម៉ាយ​សប្បាយចិត្ត​»​នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ក្នុង​នោះ​មាន​អ្នក​ចូល​ទស្សនា និង​ចែកចាយ​រាប់​ម៉ឺន​នាក់ ។

រ័​ត្ន រចនា បាន​បញ្ជាក់​ថា «​ជា​ធម្មតា​មេក្រុម​របស់​នាង​ខ្ញុំ​តែងតែ live វី​ដេ​អូ​នៅ​ពេល​ដែល​ក្រុម​បាន​ចេញ​ទៅ​សម្តែង​នៅ​ក្នុង​កម្មវិធី ផ្សេង​ៗ ប៉ុន្តែ​ការ​បង្ហោះ​កន្លង​មក​នោះ​ហាក់​មិន​សូវ​ទទួល​បានការ​ចាប់អារម្មណ៍​ខ្លាំង​ឡើយ ។ ទើបតែ​ការ​live បទ «​មេម៉ាយ​សប្បាយចិត្ត​» នេះ​ប៉ុណ្ណោះ​ដែល​មានការ​ចាប់អារម្មណ៍​ខ្លាំង និង​មាន​អ្នក​ចែកចាយ​ច្រើន​តាម​ហ្វេ​ស​ប៊ុ​ក ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​នាង​ខ្ញុំ​បាន​ទទួល​ការ​ចាប់អារម្មណ៍​ខ្លាំង​ពី​មហាជន »​។

បើ​តាម រ័​ត្ន រចនា បន្ទាប់​ពី​ការ​ចាប់អារម្មណ៍​នោះ​មក នាង​ក៏​មានការ​ងារ​ធ្វើ​ច្រើន​ជាង​មុន ដោយ​ត្រូវ​គេ​អញ្ជើញ​ឲ្យ​ឡើង​ច្រៀង​តាម​ស្ថានីយទូរទស្សន៍ និង​ច្រៀង​ក្នុង​កម្មវិធី ផ្សេង​ៗ ។ ពិសេស​ភាព​ល្បីល្បាញ និង​ការ​ទទួលស្គាល់​ពី​ទឹកដម​សំឡេង​របស់​នាង​នា​ពេល​នេះ ម្ចាស់​ផលិតកម្ម​មួយ​បាន​ទាក់ទង​ឲ្យ​នាង​ចូល​ច្រៀង ។ នាង​នៅ​មិន​ទាន់​ហ៊ាន​បញ្ចេញ​ថា ជា​ផលិតកម្ម​ណាមួយ​នៅឡើយ​ទេ ដោយ​ត្រូវ​រង់ចាំ​បទ​ចម្រៀង​ចេញ​ជា​ផ្លូវការ​សិន នោះ​នាង​នឹង​បញ្ជាក់​ប្រាប់​តែ​ម្តង ។

ក្នុង​នាម​ជា​កូន​ទី​៤​ក្នុង​ចំណោម​បងប្អូន​៦​នាក់​ក្នុង​គ្រួសារ រ័​ត្ន រចនា បាន​សម្តែង​ក្តី​រំភើប​យ៉ាង​ខ្លាំង​ក្នុង​ពេល​ដែល​សមត្ថភាព​ច្រៀង​របស់​នាង​ត្រូវ​បាន​គេ​ទទួលស្គាល់​យ៉ាង​ទូលំ​ទូលាយ​នា​ពេល​នេះ ។ បើ​ទោះបីជា​ការ​ទទួលស្គាល់​នេះ​វា​អាច​មាន​រយៈពេល​វែង ឬ​ខ្លី​នោះ នាង​ក៏​នៅ​តែ​សប្បាយចិត្ត ដោយសារ​តែ​នាង​បាន​អស់ចិត្ត ព្រោះ​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​ប្រមាណ​២០​ឆ្នាំ​មកនេះ ទើបតែ​ពេល​នេះ​នាង​អាច​ទទួល​បាន​គាំទ្រ​ខ្លាំង​បំផុត​ពី​ទស្សនិកជន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ