ខេត្តឧត្តរមានជ័យ ៖ ក្រុមអាជ្ញាធរថៃបានធ្វើការដោះលេងអ្នកទោសខ្មែរជាបន្តបន្ទាប់ ដោយគិតពីដើមខែមេសា រហូតមកទល់នឹងខែតុលានេះមានចំនួន៧៤នាក់ ស្រី៧នាក់ នឹងបញ្ជូនខ្លួនមកប្រគល់ឱ្យក្រុមអាជ្ញាធរកម្ពុជាតាមមាត់ច្រកទ្វារអន្តរជាតិជាំ (ដែលថៃហៅថាឆងសាងាំ)ស្ថិតក្នុងភមិជាំ ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។
យោងទៅលើរបាយការណ៍មន្ត្រីបម្រើការងារមាត់ច្រកទ្វារអន្តរជាតិជាំបានឱ្យដឹងថា អ្នកទោសខ្មែរទាំង៧៤នាក់ ស្រី៧នាក់នេះត្រូវបានក្រុមអាជ្ញាធរថៃបញ្ជូនប្រគល់ឱ្យកម្ពុជាចាប់ពីខែមេសា មកទល់ខែតុលានេះ ហើយអ្នកទោសខ្មែរទាំងអស់ត្រូវបានក្រុមអាជ្ញាធរថៃចោទពីបទឆ្លងដែនខុសច្បាប់ រុករកកាប់ឈើគ្រញួងនៅក្នុងទឹកដីថៃ ក្នុងម្នាក់ៗជាប់គុកមានរយៈពេល២ឆ្នាំទៅ៣ឆ្នាំនៅក្នុងប្រទេសថៃ។
ជាក់ស្តែងបុរសម្នាក់ឈ្មោះថន ចន្ថា ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិមណ្ឌល១០ ឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ត្រូវបានក្រុមអាជ្ញាធរថៃដោះលេងកាលពីថ្ងៃទី១៣ តុលា ២០១៨នេះ។
គួរំលឹកថា សកម្មភាពប្រជាពលរដ្ឋឡើងភ្នំដងរ៉ែកឆ្លងដែនរុករកកាប់ឈើគ្រញួងនៅតែកើតមាន ហើយមិនមែនទើបតែកើតទេ បើយើងគិតពីអាយុកាលចូលមួយទសវត្សចាប់ពីក្នុងឆ្នាំ២០០៨រហូតមកទល់ឆ្នាំ២០១៨ ហើយប្រជាពលរដ្ឋខ្មែរក៍ត្រូវក្រុមទាហានថៃបាញ់សម្លាប់ និងចាប់ខ្លួនដាក់គុកជាហូរហែ ៕
ចែករំលែកព័តមាននេះ